ត្រឹមតែរយៈពេល៥ថ្ងៃ ភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនៅខេត្តស្វាយរៀង មានការកើនឡើងជាងឆ្នាំ២០១៧ រហូតដល់ជិត៣ពាន់នាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ស្វាយរៀង៖ ក្នុងថ្ងៃឈប់សម្រាករយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នៃពិធីបុណ្យភ្ជុំបិណ្ឌ មានភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ បានដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាន ទេសចរណ៍នានា ក្នុងខេត្តស្វាយរៀងមានការកើនឡើងជាងឆ្នាំ២០១៧នេះ។ បើយោងតាមលោក វ៉ាន់សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានប្រាប់នៅរសៀលថ្ងៃនេះ។

លោក វ៉ាន់ សារ៉ាត បានឱ្យដឹងទៀតថា ភ្ញៀវទេសចរបានចាប់ផ្តើមធ្វើដំណើរកំសាន្ត តាមរមណីយដ្ឋានក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី០៦-១០ ខែតុលា ឆ្នាំ២០១៨ ដែលមានចំនួនសរុប២,៧៦៨នាក់ មានការកើនទ្បើងជាងឆ្នាំ២០១៧ចំនួន១,៩៦៦នាក់ ស្មើនឹង២៤៥.១៣% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន៨០២នាក់។ ក្នុងនោះមាន រមណីយដ្ឋានទេសចរណ៍ ប្រាសាទបាសាក់ រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ និងរមណីយដ្ឋានធម្មជាតិទឹកវិលជាដើម។

លោកបានបន្តទៀតថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលចេញ-ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក៏មានការកើនទ្បើងផងដែរ។ បើយោងតាមរបាយការណ៍របស់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែន អន្តរជាតិបាវិតចាប់ពីថ្ងៃទី០៦-១០ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ មានចំនួនសរុប១០,៥០៩នាក់ មានការកើនទ្បើង ចំនួន៣,៦៣៦នាក់ ស្មើនឹង៥២.៩០% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន៦,៨៧៣នាក់។ ចំណែកឯភ្ញៀវទេសចរអន្តរជាតិ មានចំនួនសរុប១២,៦៧៧នាក់ មានការកើនទ្បើងចំនួន ៥,១៤៣នាក់ ស្មើនឹង៦៨.២៦% បើធៀបនឹងឆ្នាំ២០១៧ មានចំនួន៧,៥៣៤នាក់។

ប្រធានមន្ទីររូបនេះ បានបញ្ជាក់ថា ការកើនឡើងភ្ញៀវទេសចរណ៍ដើរកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តនេះ ដោយសារការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តស្វាយរៀង ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទីតាំងទេសចរណ៍នានាដូចជា ប្រាសាទព្រៃបាសាក់ជាដើម… ព្រមទាំងការរៀបចំសណ្តាប់ធ្នាប់ និងការការពារសន្តិសុខបានល្អពីអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរតាមមូលដ្ឋានផងដែរ៕

អត្ថបទដែលជាប់ទាក់ទង