សមត្ថកិច្ចក្រុងប៉ោយប៉ែត ស្ទាក់ចាប់ និងដុតកម្ទេចចោល សាច់មាន់ចម្រុះខូចគុណភាពទម្ងន់៣៦៥គីឡូក្រាម លួចនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ មន្ត្រីជំនាញកាំកុងត្រូល សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនស្ទាក់ចាប់ និងដុតកម្ទេចចោល សាច់មាន់ចម្រុះខូចគុណភាពទំងន់៣៦៥គីឡូក្រាម លួចនាំចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

លោក សាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលខេត្តបន្ទាយមានជ័យប្រាប់ថា៖ ការចាប់ទំនិញខូចគុណភាពសាច់មាន់ចម្រុះទម្ងន់ ៣៦៥គីឡូក្រាម នៅម៉ោង១៥និង៤០នាទីថ្ងៃទី១២ ខែតុលា ឆ្នាំ ២០១៨ នៅចំណុចអង់តែន០១៦ ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។

លោកបន្តថា ក្រោយពីបណ្តាញបានរាយកាណ៍ លោកបានដឹកនាំកម្លាំងសហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុង ធ្វើការឃាត់ខ្លួនបានម្ចាស់ម្នាក់ និងរថយន្ត រួមទាំងសាច់មាន់ចំរុះខូចគុណភាពមាន ក្រញាំ សាច់ជាប់ឆ្អឹង ស្លាប និងជង្គង់មាន់ ដែលវិចខ្ចប់ទុកដាក់ ខុសស្តង់ដារ គ្មានអនាម័យ ធ្វើឲ្យប៉ះពាល់សុខភាពដល់អ្នកបរិភោគ។

លោកប្រធានសាខាកាំកុងត្រូលបញ្ជាក់ថា៖ ក្រោយពីសុំយោបល់ព្រះរាជអាជ្ញាធររង អមសាលាដំបូងខេត្តរួច សាច់មាន់ដែលខូចគុណភាពត្រូវដុតកំទេចចោល។ ចំណែកឯរថយន្ត និងម្ចាស់ ត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមច្បាប់។

មន្ត្រីជំនាញកាំកុងត្រូល សូមអំពាវនាវដល់អាជីវករ ពាណិជ្ជករទាំងអស់ រកស៊ីដោយសុច្ចរិត គិតគូរពី សុខុមាលភាព ពលរដ្ឋទូទៅ សូមកុំនាំចូលនូវទំនិញដែលមន្ត្រីជំនាញបានហាមឃាត់ ដែលជាទំនិញធ្វើឲ្យប៉ះពាល់សុខភាព ដល់អ្នកប្រើប្រាស់ និងអ្នកបរិភោគ៕SN

អត្ថបទដែលជាប់ទាក់ទង