ម៉ូតូឌ្រីមបើកបរពេលយប់មិនប្រយ័ត្នទៅបុកអ្នកថ្មើរជើងម្នាក់ រងរបួសធ្ងន់បាក់ជើងម្ខាងម៉ូតូបង្ករងរបួសស្រាល

ពោធិ៍សាត់៖ យុវជនម្នាក់បានរងរបួសធ្ងន់បាក់ជើងខាស្តាំដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយម៉ូតូម៉ាកឌ្រីម០១៣ពណ៌ខ្មៅពាក់ផ្លាកលេខពោធិ៍សាត់1D5305 បើកមកបុកជនរងគ្រោះទាំងកម្រោលខណៈពេលកំពុងដើរសុខៗនៅលើដងផ្លូវជាតិលេខ៥៥ ក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី១៣ ខែតុលាឆ្នាំ២០១៨នេះ ដោយខាងម៉ូតូបង្កគ្រាន់តែរងរបួសស្រាលបន្តិចបន្តួច។

នគរបាលប៉ុស្តិ៍អន្លង់រាបប្រាប់ឱ្យដឹងថា ជនរងគ្រោះឈ្មោះ រិន ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវបានបាក់ជើងខាងស្តាំរបួសធ្ងន់។ដោយឡែកអ្នកបើកបរម៉ូតូបង្កឈ្មោះ ញឿន សុធី ភេទប្រុស អាយុទើប១៥ឆ្នាំ រងរបួសស្រាល អ្នកទាំងពីររស់នៅក្នុងភូមិកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថានៅមុនពេលកើតហេតុនៅវេលាខាងលើជនរងគ្រោះកំពុងដើរសុខៗនៅលើផ្លូវមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូបង្កជិះតែម្នាក់ឯងទិសដៅពីលិចមកកើតមកបុកជនរងគ្រោះទាំងកម្រោលបណ្តាលឱ្យដួលបាក់ជើងខាងស្តាំរងរបួសធ្ងន់ត្រូវបានបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ឯខាងម៉ូតូបង្កគ្រាន់តែរបួសស្រាល។ ម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍អន្លង់រាបរង់ចាំដោះស្រាយពេលក្រោយ៕ ដោយៈ SPR
 

អត្ថបទដែលជាប់ទាក់ទង