ជនសង្ស័យ២នាក់ធ្វើសកម្មភាពលួចម៉ូតូបាន២ថ្ងៃ អស់លក្ខណ៍ត្រូវបានម្ចាស់តាមទាន់ចាប់ប្រគល់ឱ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្រោយពេលធ្វើសកម្មភាពលួចម៉ូតូបានសម្រេច២ថ្ងៃ ក្រោយត្រូវបានម្ចាស់ម៉ូតូធ្វើការស្រាវជ្រាវ ប្រទះឃើញចាប់ប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់។

ជនសង្ស័យទាំង២នាក់ត្រូវបានម្ចាស់ម៉ូតូឃាត់ខ្លួនបាននៅវេលាម៉ោង១០និង២០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅចំណុចក្រោយស្ពានជ្រោយចង្វា សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យទី១មានឈ្មោះ ពិន ចិត្ត្រា អាយុ៣៦ឆ្នាំ មុខរបរជានាក់ចាប់ម៉ូយឱ្យរថយន្តតាក់ស៊ី មានទីលំនៅបន្ទប់ជួលម្តុំបឹងកក់ ស្រុកកំណើតនៅភូមិគងជ័យ ខេត្តកំពុងចាម។ ជនសង្ស័យទី២មានឈ្មោះ មាន ញ៉ៃ ទីលំនៅនិងមុខរបរមិនពិតប្រាកដ។

ប្រភពពីជនរងគ្រោះឈ្មោះ ស្រីយ៉េក វ៉ី អាយុ៥៣ឆ្នាំ បានត្រូវចោរកាច់កម៉ូតូរបស់ខ្លួនម៉ាក Zoomer ពណ៌ស្លាទុំ ស៊េរីឆ្នាំ២០១៨ ដែលមានស្លាកលេខភ្នំពេញ១GU-០២០៧ នៅចំណុចផ្ទះលេខ៥៧ ផ្លូវលេខ៧០ ម្តុំបឹងកក់ កាលពីល្ងាចម៉ោង៦ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។

ក្រោយពេលដែលជនសង្ស័យទាំង២នាក់ធ្វើសកម្មភាពកាច់កម៉ូតូ រួចបានគេចខ្លួនបានដោយសុវត្ថិភាព ជនរងគ្រោះបានឆែកតាមកាម៉ារ៉ាសុវត្ថិភាព។ លុះរហូតដល់ថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានធ្វើការស្រាវជ្រាវ ក៏បានប្រទះឃើញជនសង្ស័យនៅម្តុំក្រោមស្ពានជ្រោយចង្វា ហើយរាយការណ៍ឱ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់តែម្តង។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីធ្វើការសាកសួរ។ ចំណែកម៉ូតូរបស់ជនរងគ្រោះមិនត្រូវបានរកឃើញមកវិញនោះទេ៕ដោយ បក្សីចាំក្រុង

អត្ថបទដែលជាប់ទាក់ទង