សមត្ថកិច្ចដាច់ផ្ងារ! ក្រោយពីកម្មករបាញ់ផ្សែងមូសខ្មួលខ្មាញ់ ផ្អើលឡានទឹក និងសមត្ថកិច្ចចុះមកអន្តរាគមន៍

ភ្នំពេញ៖ មានផ្សែងខ្មួលខ្មាញ់បានហុយចេញពីឃ្លាំងមួយកន្លែងបង្កឱ្យភ្ញាក់ផ្អើលទាំងអាជ្ញាធរខណ្ឌដូនពេញ និងរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញ២គ្រឿង បានចុះអន្តរាគមន៍ភ្លាមៗ តែផ្សែងដែលហុយចេញពីឃ្លាំងនោះគឺគ្រាន់តែជាផ្សែងដែលកម្មករបាញ់មូសតែប៉ុណ្ណោះ គឺមិនមានអគ្គិភ័យឆាបឆេះនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខ១៣២ ទល់មុខខាងកើតវត្តនាគវ័ន្ត ដែលស្ថិតសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានប្រជាពលរដ្ឋពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ ទីតាំងឃ្លាំងខាងលើមានកម្មករសំណង់កំពុងជុសជួល លុះមួយសន្ទុះក្រោយមក ស្រាប់តែឃើញមានផ្សែងខ្មួលខ្មាញ់ចេញពីឃ្លាំងខាងលើយ៉ាងច្រើន ហើយប្រជាពលរដ្ឋមានការភិតភ័យ ខ្លាចក្រែងមានអគ្គិភ័យឆាបឆេះ ទើបរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះមកអន្តគមន៍តែម្តង ហើយក៏មានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញមកចំនួន២គ្រឿងផងដែរ។

ក្រោយពេលហេតុការណ៍នេះដឹងពីការពិតហើយ សមត្ថកិច្ចបានហៅម្ចាស់ទីតាំងខាងលើ ដើម្បីណែនាំធ្វើការអប់រំ កុំឱ្យមានហេតុការណ៍នេះម្តងទៀត៕ដោយ បក្សីចាំក្រុង

អត្ថបទដែលជាប់ទាក់ទង