ឥណ្ឌូនេស៊ីទទួលបានប្រាក់កម្ចីមួយពាន់លានដុល្លារពីធនាគារពិភពលោក World Bank ក្រោយរលកយក្សស៊ូណាមិ

ឥណ្ឌូនេស៊ី៖ ក្រោយពីបានទទួលរងនូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីគ្រោះមហន្តរាយធម្មជាតិរលកយក្សស៊ូណាមិ ប្រមុខដឹកនាំរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី បានប្រកាសស្វែងរកជំនួយពីម្ចាស់ជំនួយនៅលើពិភពលោក ។

ក្រោយពីមហារលកស៊ូណាមិ រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌូនេស៊ី ទទួលបានប្រាក់ជំនួយជាច្រើនពីបណ្តាប្រទេសនានានៅជុំវិញពិភពលោក ដែលបានជួយឧបត្ថម្ភឥណ្ឌូនេស៊ីទៅតាមលទ្ធភាពដែលខ្លួនមាន ។

មន្ត្រីជួយសង្គ្រោះឥណ្ឌូនេស៊ីបានឱ្យដឹងថា ជំនួយមនុស្សធម៌មកពីជុំវិញពិភពលោក សម្រាប់ជនរងគ្រោះក្នុងគ្រោះមហន្តរាយធម្មជាតិនេះ មិនមែនមានតែទឹកប្រាក់នោះទេ គឺមានគ្រប់បែបយ៉ាងទាំងអស់សម្រាប់ជនរងគ្រោះ ។

ជាមួយគ្នានេះដែរ ធនាគារពិភពលោក World Bank ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនៅលើពិភពលោក ក៏បានផ្តល់ប្រាក់កម្ចីចំនួន១០០០លានដុល្លារអាមេរិកដល់ប្រទេសឥណ្ឌូនេស៊ីផងដែរ ដើម្បីសម្រាលការលំបាក ។

តាមគម្រោង ប្រាក់កម្ចីទាំង១០០០លានដុល្លារអាមេរិកនេះ ប្រមុខដឹកនាំរដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងយកទៅកសាងឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងឆ្នេរសមុទ្រ ប៉ាលូ នៃខេត្តស៊ូឡាវេស៊ី ដែលបានខួចខាតស្ទើរទាំងស្រុង ។

រដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏នឹងយកប្រាក់កម្ចីខ្លះទៅសាងសង់ឡើងវិញផងដែរ នូវទ្រព្យសម្បត្តិសាធារណៈ មានសាលារៀន មន្ទីរពេទ្យ និងអគារផ្សេងទៀត បានបាក់បែកខួចខាតទាំងស្រុងក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ ។

ប្រមុខដឹកនាំឥណ្ឌូនេស៊ីបានអោយដឹងថា ប្រាក់ជំនួយរបស់ប្រទេសជាមិត្តឥណ្ឌូនេស៊ី រួមទាំងប្រាក់កម្ចីរបស់ធនាគារពិភពលោក World Bank បានចូលរួមចំណែកយ៉ាងច្រើនក្នុងការស្តារតំបន់រងគ្រោះឡើងវិញ ប៉ុន្តែមិនអាចគ្រប់គ្រាន់ទេ ។

សូមរំលឹកជូនបន្តិចថា កាលពីថ្ងៃសុក្រទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ គ្រោះមហន្តរាយធម្មជាតិរញ្ជួយដីក្នុងកម្រិត៧.៥ រិកទ័រ បានវាយប្រហារទៅលើនៅតំបន់ឆ្នេរសមុទ្រ ប៉ាលូ ខេត្ត ស៊ូឡាវេស៊ី ប្រទេស ឥណ្ឌូនេស៊ី ។

រញ្ជួយដីក្នុងកម្រិត៧.៥ រិកទ័រ នេះ បានបង្កអោយក្លាយទៅជាមហារលកស៊ូណាមិ ដោយលេបត្របាក់ភូមិជាច្រើននៅតាមបណ្តោយមាត់សមុទ្រនៃទីប្រជុំជន៣ ទីក្រុង ប៉ាលូ (Palu) ទីក្រុង បារ៉ាឡៅ ប៉េតូបូ (Balaroa Petobo) និងទីក្រុង ចូណូ អូហ្កេ (Jono Oge) ។

ចំនួនមនុស្សស្លាប់បានកើនឡើងដល់២០៧៣នាក់ និងមនុស្សយ៉ាងហោចណាស់៥០០០នាក់ផ្សេងទៀត ត្រូវគេជឿថា នៅកប់ក្នុងគំនរបាក់បែកនៃអគារ និងបំណាក់ដីនៅឡើយ ក្រោយពីគ្រោះមហន្តរាយធម្មជាតិមួយនេះ ។

លោក បំបាង ស៊ូរីយូ មន្ត្រីទទួលខុសត្រូវក្នុងប្រតិបត្តិការរុករកសាកសពមនុស្សក្នុងគ្រោះមហន្តរាយធម្មជាតិនេះ បានអោយដឹងថា ប្រតិបត្តិការរុករកសាកសព ត្រូវបិទបញ្ចប់ ដោយយោងទៅលើស្ថានភាពដ៏លំបាកនៃប្រតិបត្តិការរុករកនេះ ។

ក្រុមសង្រ្គោះ មិនអាចបន្តយកជីវិតទៅប្រថុយក្នុងប្រតិបត្តិការដ៏លំបាកនេះទៀតបានទេ តែទោះបីជាយ៉ាងណា ក៏ក្រុមសង្រ្គោះ នឹងនៅឈរជើងប្រចាំនៅតំបន់រងគ្រោះ រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ ។

បញ្ហាដែលចោទឡើងនៅត្រង់ថា មនុស្សប្រមាណជាង៥០០០នាក់ ត្រូវគេជឿថានៅកប់ក្នុងគំនរបាក់បែកនៃអគារនៅឡើយ ហើយការប្រកាសបិទបញ្ចប់ប្រតិបត្តិការរុករកជនរង គ្រោះនេះ គឺជាការអស់សង្ឃឹមមួយសម្រាប់សាច់ញាតិជនរងគ្រោះ ដែលបានបាត់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង