មនុស្ស​១៩នាក់ស្លាប់ និង​១,៣០០នាក់​បាត់ខ្លួន​ ក្រោយព្យុះហឺរិខិន Michael វាយប្រហារ​ភាគអាគ្នេយ៍

អាមេរិក៖ បើតាមការ​ដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន Channel News Asia នៅ​ល្ងាច​ថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨បានអោយដឹងថា ទោះបីជាព្យុះ​ហឺរីខិនបានកន្លងផុត​ទៅមួយរយៈហើយ​ក៏ដោយ ខណៈពេលនេះ​មនុស្សជាង ១,៣០០នាក់ កំពុងបន្ត​​​ត្រូវក្រុម​​សង្រ្គោះ​ និងអ្នកស្ម័គ្រ​ចិត្តតាមស្វែងរក​យ៉ាងខ្នះខ្នែង​​ជាទីបំផុត នៅក្នុងរដ្ឋផ្លូរីដារបស់​សហរដ្ឋអាមេរិក ក្រោយពីបានរង​ការ​វាយ​​ប្រហារ​​យ៉ាងដំណំពី​ព្យុះ ម៉ៃខឺល (Michael) កាលពីសប្តាហ៍មុន។

រហូតមកទល់​ពេលនេះ ក្រុមជួយសង្រ្គោះ និងក្រុមអ្នកស្ម័គ្រ​កំពុងតាមព្យាយាម​ស្វះស្វែងរក​​មនុស្សចំនួនខ្ទង់ ១,៣០០នាក់ ដែល​នៅ​តែ​បន្តបាត់ខ្លួន​នៅតំបន់រងគ្រោះ​មហន្តរាយ នៅភាគពាយ័ព្យ​រដ្ឋផ្លូរីដា។ មនុស្សយ៉ាងតិច​ចំនួន ១៩នាក់ ក្នុងរដ្ឋចំនួន​បួន​បានស្លាប់ ខណៈមនុស្សជាង ១៥០,០០០នាក់ នៅតែមិនទាន់​មានចរន្តអគ្គិសនី​ប្រើប្រាស់ នៅទូទាំង​ភាគអាគ្នេយ៍អាមេរិក ដែលបានទទួលរង​ការវាយលុកពី​ខ្យល់ព្យុះ។

គួរជម្រាបថា កាលពីថ្ងៃពុធសប្តាហ៍មុន ព្យុះ Michael ក្នុងកម្រិតជា​ព្យុះហឺរិខិនកម្រិតទី ៤ ដែលមានកម្លាំងខ្យល់​ ២៥០គីឡូម៉ែត្រ​ក្នុងមួយម៉ោង បានបោកបក់​សង្រ្គប់ទៅលើ​ភាគពាយ័ព្យ​រដ្ឋផ្លូរីដា ដែលបានបង្កស្លាកស្នាមនៃការបំផ្លិចបំផ្លាញ​ និងភាពហិនហោចយ៉ាង​ធំធេង ជាពិសេស​នៅក្រុង​ម៉ិចស៊ីកូប៊ីច (Mexico Beach)។ ក្រោយមក​ព្យុះនេះបានថយចុះ​ឥទ្ធិពល និងបន្តវាយលុក​​ទៅលើរដ្ឋ ០៤ផ្សេងទៀត រួមមាន ហ្សកហ្ស៊ី (Georgia), សោតស៍ ខារ៉ូលីណា (South Carolina), ណតស៍ ខារ៉ូលីណា (North Carolina) និង វ៉ឺជីនៀ (Virgina) មុនពេលវាចេញផុត​ទៅកាន់មហាសមុទ្រ​អាត្លង់ទិច នៅប៉ុន្មានថ្ងៃក្រោយ៕

អត្ថបទដែលជាប់ទាក់ទង