ម៉ូតូ២គ្រឿង បុកគ្នាពេញទំហឹងបណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសស្រាល នៅស្រុកជីក្រែង

សៀមរាប៖ ថ្ងៃសៅរ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង០៦ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក និងម៉តូ នៅលើផ្លូវជាតិលេខ៦ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥៧ និងលេខ២៥៨ ភូមិដូនរាជ្យ ឃុំគោធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

តាមការបញ្ជាក់ពីកម្លាំងសមត្ថកិច្ចស្រុកជីក្រែង បានឱ្យដឹងថា អ្នកបើកបរម៉ូតូហុងដាទ្រីមសេរីឆ្នាំ២០១៧ពណ៌ខ្មៅ មានឈ្មោះ ពន់ ជ្រូក ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ បានស្លាប់នៅនឹងកន្លែង ។

អ្នករួមដំណើរ ឈ្មោះ សឿម រ៉េត ភេទស្រី អាយុ១៦ឆ្នាំនៅភូមិជាមួយគ្នា បានរងរបួសស្រាល។ ចំពោះអ្នកបើកបរម៉ូតូ ធុនធំ ពណ៌ខ្មៅ មិនស្គាល់អត្តសញ្ញាណ បើកបរពីកើតទៅលិចដល់ចំណុចកើត ហេតុបុកគ្នាជាមួយម៉ូតូហុងដាទ្រីម ហើយបើកបន្តទៅមុខទៀតគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញចុះពិនិត្យ និងវាស់វែងធ្វើកំណត់ហេតុប្រគល់សាកសពឱ្យសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ និងបញ្ចូនវត្ថុតាងទៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរក្សាទុក ព្រមទាំងធ្វើការស៊ីបអង្កេតរកភាគីម្ខាងទៀតឱ្យចូលខ្លួនមកដោះស្រាយគ្នាតាមច្បាប់៕អត្ថបទ​៖ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង