លិខិត​បំភ្លឺ​ គណៈសង្ឃ​នាយក​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចម្រើនពរ​មក​ ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ​ ទូច​

ភ្នំពេញ៖ នៅថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២​ ខែតុលា ឆ្នាំ២០១៨នេះ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា  បានចេញសេចក្តីបំភ្លឺមួយច្បាប់ ផ្ញើទៅកាន់ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភានៃកម្ពុជា ដោយអះអាងថា ការថ្លែងរបស់ឯកឧត្ដម ធ្វើឲ្យព្រះសង្ឃទូទាំងប្រទេស មិនអាចទទួលយកបានឡើយ។

ការចេញសេចក្តីបំភ្លឺនេះ ត្រូវបានធ្វើឡើងបន្ទាប់ពី ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ ទូច កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ នៅក្នុងសាលា​សិក្ខា​ជាតិស្តីពី «សង្គតិភាពព្រះពុទ្ធសាសនា ដើម្បីពង្រីកនិងអភិវឌ្ឍន៍ពុទ្ធចក្រ និងអាណាចក្រ ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន» បានប្រាប់ឲ្យមន្ត្រីរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយក្រសួងធម្មការ និងសាសនា ដើម្បីស្រាវជ្រាវបង្កើតច្បាប់​ស្តីពី «វិន័យសង្ឃ»។ ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថា មូលហេតុដែលឯកឧត្ដមថ្លែងយ៉ាងដូច្នេះ ដោយសារមានព្រះសង្ឃជាច្រើន បានប្រព្រឹត្តខុសពីវិន័យព្រះពុទ្ធសាសនា។

យោងតាមសេចក្តីបំភ្លឺ​ របស់គណៈសង្ឃនាយកនៃកម្ពុជា ដែលអង្គភាពព័ត៌មាន CHN ទទួលបាននៅយប់ថ្ងៃទី២២ ខែតុលានេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ការថ្លែងសុន្ទរកថារបស់ឯកឧត្តម នៅក្នុងសិក្ខាសាលានោះ ធ្វើឲ្យព្រះសង្ឃទូទាំងប្រទេស ការសម្តែងការមិនពេញព្រះទ័យ ហើយចំណុចមួយចំនួនពិតជា មិនអាចទទួលយកបាន»។

បើតាមគណៈសង្ឃនាយកនៃកម្ពុជា «ការពង្រឹងវិន័យសង្ឃ» គឺជាសមត្ថកិច្ចរបស់ស្ថាប័នគណៈសង្ឃនាយក និងថេរសភាពុទ្ធសាសនា ដែលមានភារកិច្ចរៀបចំ ចាត់ចែង និងបកស្រាយលើបញ្ហានេះ៕

ព័ត៌មានលម្អិត សូមអានសេចក្តីបំភ្លឺខាងក្រោមនេះ៖

អត្ថបទដែលជាប់ទាក់ទង