កូនត្រីចម្រុះរាប់រយគីឡូក្រាម ត្រូវសមត្ថកិច្ចរំដោះចេញពីឡុកនេសាទល្មើសច្បាប់ ហើយប្រលែងចូលក្នុងបឹងទន្លេសាបវិញ

បាត់ដំបង៖ កូនត្រីពូជចម្រុះជាង៥០០គីឡូក្រាម ត្រូវសមត្ថកិច្ចរំដោះចេញពីឡុកឧបករណ៍នេសាទល្មើសច្បាប់ ហើយប្រលែងចូលទៅក្នុងបឹងទន្លេសាបឱ្យរស់រានវិញ។

នៅក្នុងប្រតិបត្តិការកាលពីចុងសប្តាហ៍កន្លងមកនេះ កម្លាំងប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយអាជ្ញាធរស្រុកចំនួន៤ បានបើកការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំមួយនៅក្នុងតំបន់រនាមនិងដែនជម្រកសត្វត្រីបឹងទន្លេសាប ។ កម្លាំងបង្ក្រាបខាងលើបានដកហូតកូនត្រីពូជជាច្រើនប្រភេទសរុបចំនួនជាង៥០០គីឡូក្រាម ចេញពីឡុកឧបករណ៍នេសាទត្រីល្មើសច្បាប់ហើយប្រលេងចូលទៅក្នុងបឹងទន្លេសាបវិញអោយរស់រានបន្តជីវិតដល់ធំ។

ក្នុងប្រតិបត្តិការអនុវត្តការងារបង្ក្រាបនេះដែរក្រៅពីការព្រលែងកូនត្រីពូជចំនួន៥០៣០គីឡូក្រាម កម្លាំងជំនាញក៏រឹបអូសបានឧបករណ៍នេសាទល្មើសច្បាប់ជាសាច់មងហៅបរណរ៉ាវប្រវែងចំនួន២៥៤៤០ម៉ែត្រ ឡុកចាប់ត្រីចំនួន៣២ និងបង្គោលឈើសម្រាប់ចងភ្ជាប់សាច់មងបរណរ៉ាវចំនួន៩២២០ដើមផងដែរពីភូមិសាស្ត្រស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកថ្មគោល និងស្រុកមោងឫស្សី ក្នុងខេត្តបាត់ដំបង។

ក្រោយការបង្ក្រាបដកហូតវត្ថុតាង សម្ភារល្មើស​ច្បាប់ជាច្រើនត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែងទាំងអស់ ចំណែកប្រជាពលរដ្ឋជាម្ចាស់ចំនួន៤នាក់ដែលបានប្រព្រឹត្តបទល្មើសនានា សមត្ថកិច្ចបានហៅមកណែនាំ អប់រំ តម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់ហើយឱ្យវិលត្រឡប់ទៅកាន់សហគមន៍រៀងៗខ្លួនវិញ៕

ដោយ: SR

អត្ថបទដែលជាប់ទាក់ទង