រាជធានីភ្នំពេញ មានសំណង់អគារខ្ពស់ៗកើនដល់ជាង១ពាន់អគារ

 រាជធានីភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៨នេះ អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅបានកើនឡើង៩២អគារ ដែលធ្វើឲ្យចំនួនអគារខ្ពស់ៗនៅរាជធានីភ្នំពេញកើនដល់ជាង១ពាន់អគារ គិតចាប់ពីឆ្នាំ២០០៥មក ។

ឯកឧត្តម ឡៅទិព្វ សីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០១៨នេះ សំណង់អគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅនៅក្រុងភ្នំពេញ បានកើនឡើងប្រមាណ៩២អគារ ហើយបើគិតចាប់ពីឆ្នាំ២០០៥រហូតមកដល់បច្ចុប្បន្ននេះ គឺមានសំណង់រហូតដល់ចំនួន១.០៨៨អគារ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា វិស័យសំណង់នៅតែមានសុខភាពល្អរឹងមាំ បើទោះបីទំហំទឹកប្រាក់វិនិយោគលើវិស័យនេះក្នុងរយៈពេល៩ខែដើមឆ្នាំធ្លាក់ចុះបន្ដិចក្ដី ។ ឯកឧត្តមបន្តថា ស្ថានភាពទីផ្សារវិស័យសំណង់ គឺមានភាពល្អប្រសើរពិសេសទីផ្សារដីធ្លីនិងអគារខ្ពស់ៗ។ វិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ពិសេសជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋកម្ពុជា ។

ឯកឧត្តម បញ្ជាក់ថា វិស័យនេះ បាននិងកំពុងផ្តល់ការងារ និងបទពិសោធន៍ ព្រមទាំងចូលរួមបណ្តុះបណ្តាលការងារបច្ចេកទេសដល់អ្នកជំនាញនៅកម្ពុជាបានមួយកម្រិតធំ។ សំណង់អគារខ្ពស់ៗនៅក្នុងភ្នំពេញសព្វថ្ងៃបានចូលរួមចំណែកបង្ហាញពីសក្តានុពលរបស់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងសកម្មភាពទិញលក់នៅក្នុងវិស័យអលនទ្រព្យ ជាពិសេសក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាមានអគារខ្ពស់ៗកើនឡើងច្រើន ដែលបង្ហាញឱ្យឃើញពីជំនឿទុកចិត្តចំពោះរាជរដ្ឋាភិបាលក្រមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។

យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញថា គិតត្រឹមរយៈពេល៩ខែឆ្នាំ២០១៨នេះ ក្រសួងបានផ្តល់លិខិតអនុញ្ញាតសាងសង់សរុប២.៥៤១គម្រោង លើផ្ទៃក្រឡាសំណង់សរុប១០,៧៩លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មានជាង៤.៨២០លានដុល្លារ ធ្លាក់ចុះជាង១៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៧ ការផ្ដល់លិខិតអនុញ្ញាតគម្រោងសាងសង់មានចំនួន២.៥២២គម្រោង លើផ្ទៃក្រឡាសំណង់សរុប៩,១៤លានម៉ែត្រការ៉េ និងមានទុនវិនិយោគជាង៥.៦៣៦លានដុល្លារ ៕

អត្ថបទដែលជាប់ទាក់ទង