ប្រវត្តិបុណ្យកឋិនទានឬកំណើតនៃកឋិន ដែលមានកាលកំណត់២៩ថ្ងៃ ជារៀងរាល់ឆ្នាំ គ្រប់អារាមក្នុងព្រះពុទ្ធសាសនា

ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលប្រជាជនខ្មែរយើងទូទាំងប្រទេស ដែលតែងតែគោរពបូជា ប្រតិបត្ដិយ៉ាងយកចិត្ដទុក នេះក៏ដោយសារតែប្រជាពលរដ្ឋខ្មែរយើង មានជំនឿទៅលើផលបុណ្យ ផលបាប ដែលជា ទង្វើដែលខ្លួនបានធ្វើ គឺធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។ ជាមួយគ្នានេះផងដែរ ព្រះពុទ្ធសាសនា បានដើរតួ យ៉ាងសំខាន់នៅក្នុងការអប់រំមនុស្សដែលរស់នៅក្នុងសង្គមទាំងផ្លូវកាយ ទាំងផ្លូវត្ដ ដើម្បីឱ្យមនុស្សទទួលបាននូវសេចក្ដីសុខ ។ លើសពីនេះ អ្វីដែលគួរឱ្យកត់សម្គាល់នោះ នៅក្នុងព្រះពុទ្ធសាសនាមានពិធីបុណ្យធំៗ ជាច្រើនដែលប្រជាពលរដ្ឋខ្មែរយើងតែងតែ ប្រារឰធ្វើឡើង ជារៀងរាល់ឆ្នាំ និងរដូវកាលដែលបានកំណត់ ។

បុណ្យកឋិន ជាពិធីបុណ្យមួយ ចាប់ផ្ដើមធ្វើបន្ទាប់ពីព្រះសង្ឃ និមន្តចេញវស្សាដែលព្រះអង្គគង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស(បីខែ) ។ បុណ្យ​កឋិន​ តែង​ត្រូវ​បាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់​ ពុំមានទំនេរវត្ដណាមួយ ត្រូវ​បាន​ខក​ខាន​ឡើយ​ ដូច្នេះ​គេតែងតែឃើញ ក្បួនដង្ហែ​អង្គកឋិន​ទាន ​ឆ្ពោះទៅកាន់​ទី​អារាម​ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក ជារៀងរាល់ឆ្នាំ ដើម្បីយកមកវេរប្រគេនព្រះសង្ឃ ដែលគង់ក្នុងអារាម ដើម្បីជាបុណ្យកុសលរបស់ពុទ្ធបរិស័ទ។

កឋិន​មាន​តែ​ក្នុង​សាសនា​ព្រះពុទ្ធ​ប៉ុណ្ណោះ ក៏​នៅ​ក្នុង​សាសនា​ព្រះសាមណគោតម​បរមគ្រូ​នៃ​យើង ព្រះ​អង្គ​ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ នេះ​ក្នុង រវាង​មជ្ឈឹម​ពោធិកាល​ប្រារព្ធ​ចំពោះ​​ភិក្ខុ​ទាំង​៣០​អង្គ​(កន្លែង​ខ្លះ​ថា​ ភិក្ខុ​ទាំង​៣០​អង្គ​នេះ​ជា​បង​ប្អូន​និង​គ្នា ខ្លះថា​ជា​បង​ប្អូន​ស្តេច​បសេន​ទិកោសល)។ បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលពុទ្ធបរិស័ទខ្មែរប្រារឰធ្វើឡើងក្នុងពេលកំណត់មួយ គឺមានចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃ ១ រោច ខែ អស្សុជ រហូតដល់ថ្ងៃទី ១៥ កើតពេញបូណ៌មី ខែកត្ដិក ។

ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយ​រីក​រាយ​យ៉ាង​​ក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចីវរ សង្ឃាដី ស្បង់ លៀង សាដក ព្រមដោយ ទេយ្យទាន ផ្សេងៗ​ ទៀតឬហៅថា បរិវាកឋិន ដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម ឆ័ត្រ ថ្នាំសង្កូវ ជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។

កឋិនទាន​បវេណី​ព្រះពុទ្ធសាសនា​គឺជា​ឧត្ដម​បុណ្យ​របស់​ពុទ្ធបរិស័ទ​។ ពាក្យ​ថា​“កឋិន“​ជា​ភាសាបាលី​សំដៅ​យក​ក្រប​ក្ដារ ដែល​ភិក្ខុសង្ឃ​សម័យ​បុរាណ​ឥណ្ឌា​ប្រើ​សម្រាប់​ដេរ​សំពត់​ធ្វើ​ជា​ស្បង់​ចីវរ​។ សំពត់​ដែល​បាន​រៀបចំ​តាក់តែង​ឡើង​នោះ​មាន​ឈ្មោះថា“សំពត់​កឋិន“ ។ យោងតាមវចនានុក្រម សម្តេច ជួន ណាត ពាក្យថា កថិន(កឋិន)   កៈថិន   បា.  ( ន. )  សំពត់​ដែល​ទាយក​ប្រគេន​ដល់​ភិក្ខុ​សង្ឃ​ក្នុង​កថិន​(កឋិន)កាល គឺ​តាំង​ពី​ថ្ងៃ ១ រោច​ខែ​អស្សុជ ដល់​ថ្ងៃ ១៥ កើត​ខែ​កត្ដិក; ដែល​ហៅ​ថា​បុណ្យ កថិន គឺ​បុណ្យ​ប្រគេន​សំពត់​នេះ​ឯង ។ សព្វ​នេះ​ច្រើន​សរសេរ កឋិន តាម​ព្រះ​ត្រៃ​បិដក ។

អត្ថន័យ​នៃ​បុណ្យកឋិន៖

តាម​អដ្ឋកថា​សំដៅ​យក​ព្រះពុទ្ធដីកា ដែល​ព្រះពុទ្ធ​ទ្រង់​បាន​បញ្ញត្តិ​ទុក​មក​ថា​កឋិន​គឺ​ការប្រជុំ​រួម​នូវ​រូបធម៌ និង​នាមធម៌ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថន័យ​ពីរ​យ៉ាង​គឺរស់​បាន​ដោយ​កម្រ​សម​ដូច​វិគ្គហៈ​ថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“​ ប្រែ​ថា “សភាវៈ​ឯណា​រស់​បាន​ដោយ​កម្រ សភាវៈ​នោះ​ហៅថា​កឋិន​ព្រោះ​លោក​ប្រៀបប្រដូច​ជា​ឈើ​ស្នឹង ដែល​បុគ្គល​កាត់​ចាកចេញ​ពី​ដើម ហើយ​យក​ទៅ​បោះភ្ជាប់​នឹង​ដី​រមែង​ដុះ​លូតលាស់​ឬ​រស់នៅ​បាន​ដោយ​កម្រ​យ៉ាងណា​ឯ​កិច្ច ដែល​នឹង​កើតឡើង ឬ​តាំង​ឡើង​ជា​កឋិន​ពេញទី គឺ​បាន​ដោយ​កម្រ​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ“​។

ពោល​សរសើរ​ព្រោះ​ចីវរ​ទាន ដែល​យើង​កសាង​ជា​កឋិន​នោះ ជា​ទាន​វិសេស​ជាង​ទាន​ដទៃ ដែល​ព្រះអរិយ​ទាំងឡាយ​មាន​ព្រះសម្ពុទ្ធ ជា​ប្រធាន​តែង​ពោល​សរសើរ​ថា​ជា​ទាន​ដ៏​វិសេស​អាច​រួបរួម ឬ​ក៏​សង្គ្រោះ​នូវ​អានិសង្ស​៥​យ៉ាង​របស់​ភិក្ខុ​អ្នក​ក្រាលគ្រង​មិន​ឱ្យ​ទៅ​គ្រង​នៅ​ទី​ដទៃ​បាន​។ សម​ដូច​វិគ្គហៈ​ថា​“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“​។ ប្រែ​ថា​“ធម្មជាតិ​ឯណា​ក្រៀក​ទុក​ឬ​សង្គ្រោះ​នូវ​អានិសង្ស​ទាំង​៥​យ៉ាង​មិន​ឱ្យ​ទៅ​ក្នុង​ទី​ដទៃ​បាន ធម្មជាតិ​នោះ​ឈ្មោះ​ថា​កឋិន“​។

កឋិន​នេះ​អាច​ឱ្យ​សម្រេច​ដល់​បុគ្គល​ទាំងពីរ​ផ្នែក​គឺៈ

ទាយក ឬ​ទាយិកា គឺជា​អ្នក​ឱ្យ​។ ជន​នោះ​រមែង​ទទួល​អានិសង្ស​ច្រើន ទទួល​ផល​ច្រើន ក្នុង​អនាគតកាល មាន​ការ​ទទួល​នូវ​សម្បត្តិ​ក្នុង​ឋាន​ទេវលោក​ជាដើម​។ ចំណែក បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជា​អ្នកទទួល​ក្រាលគ្រង និង​អនុមោទនា​កឋិន​ត្រូវ​បាន​សម្រេច​នូវ​អានិសង្ស ៥​យ៉ាង​ពេញលេញ គ្រប់គ្រាន់ ដរាប​ដល់​រយៈកាល​នៃ​កឋិន​ខេត្ត​។

ពិធី​ដែល​ទាយក-ទាយិកា នាំ​យក​សំពត់​កឋិន​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា អស់​មួយ​ត្រីមាស (៣ខែ) ក្នុង​អាវាស (វត្ត) ណាមួយ និង​នៅ​ពេលណា​មួយ​ក្នុង​កំណត់ ២៩​ថ្ងៃ (ចាប់ពី​ថ្ងៃ ១​រោច ខែ​អស្សុជ ​រហូតដល់​ថ្ងៃ​១៥​កើត ​ពេញ​បូណ៌មី​ខែ​កត្តិក) ឱ្យ​លោក​ក្រាលគ្រង​មាន​ឈ្មោះ​ថា​“បុណ្យកឋិន“ ឬ “កឋិនទាន“​។

បុព្វហេតុ​កឋិន៖

វិន័យបិដក ភាគ៨ កឋិនក្ខន្ធកៈ បាន​ចែង​អំពី​បុព្វហេតុ​នៃ​បុណ្យកឋិន​ថា“ក្នុង​សម័យ​ពុទ្ធកាល ព្រះសម្ពុទ្ធ ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុ​ប្រើប្រាស់ តែ​បង្សុកូល​ចីវរ ព្រះអង្គ​ពុំ​ទាន់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ប្រើ​គហបតី​ចីវរ​នៅឡើយ“ ​។

នា​សម័យ​មួយ​នោះ​នៅ​ក្នុង​រវាង​មជ្ឈិម​ពោធិកាល ព្រះសម្ពុទ្ធ​ទ្រង់​កំពុងតែ​ចាំ​ព្រះវស្សា​ក្នុង​វត្តជេតពន ដែល​ជា​អារាម​របស់​អនាថបិណ្ឌិកសេដ្ឋី សាង​ថ្វាយ​នៅ​ទៀប​ក្រុងសាវត្ថី​។ គ្រានោះ​មាន​ភិក្ខុ​៣០​អង្គ​”ភទ្ទវគ្គិយត្ធេរ“ ក្នុង​ដែន​បាឋេយ្យ ជា​អ្នក​ប្រព្រឹត្ត​ធម៌ធុតុង្គ​រុក្ខមូល​នៅ​ក្នុង​ព្រៃ​បាន​នាំគ្នា​និមន្ត​ចេញពី​ទីនោះ​មកកាន់​ក្រុងសាវត្ថី ដើម្បី​នឹង​ចូល​ក្រាបបង្គំគាល់​ព្រះសម្ពុទ្ធ​។ ប៉ុន្តែ​ពេល​ភិក្ខុ​ទាំងអស់​បាន​មកដល់​តែ​ត្រឹម​សាកេត (ភូមិ​មួយ​នៅ​ជាប់នឹង​ក្រុងសាវត្ថី) ស្រាប់តែ​ថ្ងៃ​ចូលវស្សា​ក៏​មកដល់​នឹង​ស្រូត​មក​ទៀត​មិនទាន់ ក៏​នាំគ្នា​ផ្អាក​ធ្វើដំណើរ​ស្វែងរក​ទីសេនាសនៈ​នៅ​ចាំវស្សា​៣​ខែ នា​ទីនោះ​តែម្ដង​ទៅ​។

ភិក្ខុសង្ឃ​ទាំង​៣០​អង្គ​នោះ​មាន​សេចក្ដី​អផ្សុក​កើតទុក្ខ​តូច​ព្រះទ័យ​យ៉ាងខ្លាំង ដោយ​គិត​ឃើញ​ថា​ព្រះសម្ពុទ្ធ​ទ្រង់​គង់នៅ​ទីនោះ​ចម្ងាយ​ត្រឹមតែ​៦​យោជន៍ (៩៦​គីឡូម៉ែត្រ) ទៀត​សោះ មិន​សម​យើង​ទាំងឡាយ​ស្កុន​ដំណើរ​មិនបាន​ចូល​គាល់​បម្រើ​ព្រះអង្គ​ដូច​បំណង​។

លុះដល់​ថ្ងៃ​ចេញវស្សា​បវារណា​ស្រេចហើយ ភិក្ខុ​ទាំងអស់​ក៏​នាំគ្នា​ប្រញាប់ប្រញាល់​ចូលកាន់​ក្រុងសាវត្ថី​។ លុះដល់​ហើយ ភិក្ខុ​ទាំង​៣០​អង្គ ក៏បាន​ចូល​ទៅ​ក្រាបថ្វាយបង្គំ​គាល់​ព្រះសម្មាសម្ពុទ្ធ ដោយ​មាន​ស្បង់​ចីវរ​ទទឹក​ជោក​។ ព្រះសម្ពុទ្ធ ក៏​មាន​ព្រះភាគ​ទ្រង់​មាន​ព្រះបន្ទូល​រួសរាយ​រាក់ទាក់ និង​ត្រាស់​សួរសុខទុក្ខ​ភិក្ខុ​ទាំងនោះ​ថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តើ​សរីរយន្ត​របស់​អ្នក​ទាំងឡាយ ល្មម​អត់​សង្កត់​បាន​ឬ​ទេ​? ល្មម​ប្រព្រឹត្ត​ទៅ​បាន​ឬ​ទេ​? តើ​អ្នក​ទាំងឡាយ​មាន​សេចក្ដី​ព្រមព្រៀង​ស្មោះស្មើ​ឥតមាន​វិវាទ​ទាស់ទែង​គ្នា​ទេ​ឬ​?“​។​ ភិក្ខុ​ទាំងឡាយ​នោះ​ក៏​ក្រាបបង្គំទូល​នូវ​សេចក្ដី​លំបាក​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ធ្វើដំណើរ ដែល​មាន​មក​តាម​ផ្លូវ ដោយ​សព្វគ្រប់​ប្រការ​។

លំដាប់នោះ ព្រះសម្មាសម្ពុទ្ធ​សម្ដែង​នូវ​ធម្មកថា​ប្រារព្ធ​អំពី​សង្សារវដ្ដ​មិន​មាន​ទីបំផុត​ប្រោស​ប្រទាន​ដល់​ភិក្ខុ​ទាំងនោះ​។ លុះ​ចប់​ធម៌​ហើយ ភិក្ខុ​ទាំងឡាយ​នោះ​បាន​សម្រេច​ព្រះអរហត្ត​ផល​គ្រប់ៗ​អង្គ​រួច​ហើយ​ក៏​នាំគ្នា​ក្រាបថ្វាយបង្គំលា​ព្រះសម្ពុទ្ធ​ចៀសចេញទៅ​។

លំដាប់​តអំពីនោះមក​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះពុទ្ធ​ចិន្ដា​ថា “ប្រសិនបើ​តថាគត​បាន​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ទុក​រួចពី​គ្រា​មុន​មក​ម៉្លេះ​សម​ភិក្ខុ​ទាំង​៣០​អង្គ​នេះ​បាន​លះ​ចីវរ​មួយ​ទុក​នៅ​កន្លែង ហើយ​យក​ជាប់​មក​ជាមួយ​ខ្លួន តែ​ស្បង់​មួយ​ប៉ុណ្ណោះ​មាន​អត្ថិភាព​ស្រាល​មិន​លំបាក​តាម​ផ្លូវ​យ៉ាង​នេះ​សោះឡើយ​។ រីឯ​កឋិនត្ថារកិច្ច​នេះ​សោត ព្រះពុទ្ធ​ទាំងឡាយ​គ្រប់​ព្រះអង្គ​ក៏​ធ្លាប់​បាន​អនុញ្ញាត​ទុក​ដល់​សាវក​ពុំ​ដែល​លះបង់​ផង“​។

លុះ​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះតម្រិះ​យ៉ាង​ដូច្នេះ​ហើយ ទើប​ទ្រង់​ត្រាស់​ឱ្យ​ប្រជុំ​ភិក្ខុ​ទាំងឡាយ​រួចហើយ ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ដល់​ភិក្ខុ​ទាំងឡាយ​ថា “អនុជានាមិ ភិក្ខវេវស្សំ វុត្ថានំ ភិក្ខុនំ កឋិនំ អត្ថរិតុំ អត្ថតកឋិនទានំ វោ ភិក្ខវេ បញ្ច កប្បិស្សន្តិ“​។ ប្រែថា “ម្នាល​ភិក្ខុ​ទាំងឡាយ! តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ទាំងឡាយ ដែល​នៅ​ចាំវស្សា​រួចហើយ​ទទួល​ក្រាលគ្រង​កឋិន​បាន​។ ម្នាល​ភិក្ខុ​ទាំងឡាយ! អានិសង្ស​៥​ប្រការ​នឹង​សម្រេច​ដល់​ភិក្ខុ​ទាំងឡាយ ដែល​ជា​អ្នក​បាន​ក្រាលគ្រង និង​បាន​អនុមោទនា​កឋិន​រួចហើយ​នោះ“​។

កឋិនកាល (កាលទាន)៖

ចីវរ​កឋិន​មិន​ខុសប្លែក​គ្នា​អំពី​ចីវរ​ទាន​ដទៃ​ទៀត​ទេ គ្រាន់តែ​ការ​ធ្វើ​បុណ្យកឋិន​ចីវរ​មាន​កំណត់កាល​បរិច្ឆេទ​ច្បាស់លាស់ និង​មាន​ប្រជាប្រិយភាព​ច្រើន ដែល​ហៅថា “កឋិនកាល ឬ​កាលទាន“​។

ព្រះសម្ពុទ្ធ​ទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ​ទទួល​ស្បង់ចីវរ​អំពី​ពុទ្ធបរិស័ទ និង​គហបតី​ទាំងឡាយ ក្នុង​ពេល​មួយ​ខែ កំណត់​ពី​ថ្ងៃ​១​រោច ខែ​អស្សុជ​ដល់​ថ្ងៃ​១៥​កើត​ពេញបូណ៌មី​ខែ​កត្តិក (ការ​រវាង​ពាក់កណ្ដាល​ខែ​តុលា​ដល់​ពាក់កណ្ដាល​ខែ​វិច្ឆិកា​)​។ ព្រះសម្ពុទ្ធ​ទ្រង់​ព្រះ​មេត្តា​ប្រោស​អនុញ្ញាត ដល់​ភិក្ខុសង្ឃ ជា​អ្នក​ក្រាលគ្រង និង​អនុមោទនា​កឋិន​នោះ​បាន​ទទួល​អានិសង្ស​៥​ប្រការ​។

ជន​មាន​សទ្ធា​ដែល​បាន​ធ្វើ​កឋិនទាន​ឈ្មោះ​ថា​ជា​អ្នក​បាន​គោរព​នូវ​ព្រះពុទ្ធដីកា ដែល​ទ្រង់​បាន​ពុទ្ធានុញ្ញាត​ឱ្យ​ភិក្ខុសង្ឃ បាន​ទទួល​អានិសង្ស​៥​ប្រការ​ផង ជា​អ្នក​មាន​ចិត្ត​អាណិត​អាសូរ ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា​អស់​ត្រីមាស​នោះ​ផង និង​ជា​អ្នក​ត​អាយុ​ព្រះពុទ្ធសាសនា អស់​កាល​ជា​យូរ​អង្វែង​ទៅ​ផង​។

ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សម្ដែង​ជា​គាថា​យ៉ាង​នេះ​ថា “សុខស្ស ទាតា មេធាវី សុខំ សោអធិគច្ឆតិ“​។ ប្រែថា “ជន​ដ៏​មាន​ប្រាជ្ញា (ណាមួយ) បាន​ធ្វើ​នូវ​សេចក្ដី​សុខ​ស្រួល (ដល់​អ្នកដទៃ) ជន​នោះ​ឯង​រមែង​បាន​ជួបប្រទះ​នឹង​សេចក្ដី​សុខ​ស្រួល (ជា​ពិតប្រាកដ​ពុំ​ដែល​ខាន​ឡើយ)“​។

សេចក្ដីអធិប្បាយ​ជា​យ៉ាង​នេះ​ថា “ជន​ណា​បាន​ធ្វើ​កឋិនទាន ដែល​នាំ​ឱ្យ​ភិក្ខុសង្ឃ​បាន​ទទួល​នូវ​អានិសង្ស​៥​យ៉ាង​ក្នុង​រវាង​៥​ខែ​បាន​ឈ្មោះ​ថា​ជា​អ្នក​ឱ្យ​សេចក្ដី​សុខ​ស្រួល​ដល់​អ្នកដទៃ​ក្នុង​បច្ចុប្បន្ន​ជាតិ ជន​នោះ​ឯង​តែង​បានសុខ​ក្នុង​មនុស្សលោក និង​ទេវលោក ក្នុង​អនាគត​។

ដោយ​អំណាច​ផលានិសង្ស​នៃ​កឋិន​នោះ​ក្នុង​អនាគតកាល ជន​នោះ​នឹង​បាន​ជា​ឯហិភិក្ខុ ​មាន​ត្រៃចីវរ​កើតឡើង​ឯកឯង​ដោយ​ឫទ្ធិ​នៅ​ពេល​បព្វជ្ជា​ជា​បព្វជិត​នៅ​ក្នុង​សាសនា ព្រះពុទ្ធ​អង្គ​ណាមួយ​ហើយ​ក៏​នឹង​បានសម្រេច​មគ្គផល​និព្វាន​ក្នុង​ពេល​បព្វជ្ជា​នោះ​ពុំខាន​ឡើយ“​។

តាំងពី​ពេលនោះ​តរៀងមក​បុណ្យកឋិន​បាន​ក្លាយជា​បុណ្យ​ទំនៀម​មួយ​របស់​ពួក​ពុទ្ធបរិស័ទ ដើម្បី​បំពេញ​នូវ​សេចក្ដី​ត្រូវការ​ស្បង់ចីវរ​ដ៏​វិសេស​នេះ​។

បើ​យោង​តាម​ប្រភព​ដក​ស្រង់​ចេញ​ពី​ឯកសារ​លំអាន​ទំនៀម​ខ្មែរ​បុរាណ​ និងសៀវភៅបុណ្យទំនៀមទម្លាប់ខ្មែរ ទាំង១២ ខែបានបង្ហាញថា បុណ្យ កឋិន មានលក្ខណៈ ខុសប្លែក ៥ យ៉ាងអំពីបុណ្យដទៃផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈ សំខាន់នៅក្នុងវត្ដពុទ្ធសាសនា និងនៅក្នុង ចំណោមពុទ្ធបរិស័ទទូទៅ ។

លក្ខណៈប្លែក ៥ យ៉ាងគឺ ៖

១-ប្លែកដោយកាល

ព្រះពុទ្ធ ទ្រង់អនុញ្ញាតកឋិនកាល មានតែចំនួន ២៩ ថ្ងៃ គឺ ៖ ១៤ ថ្ងៃក្នុងខែអស្សុជ (កំណត់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៤ រោច ឬខែដាច់) និង១៥ ថ្ងៃក្នុងខែកត្ដិក (កំណត់ពីថ្ងៃ១ កើត ដល់ថ្ងៃ ១៥ កើត ពេញបូរមី)។ រយៈពេលនេះ ហៅតាមពាក្យសាមញ្ញថា “ រដូវកឋិន ” ។ បុណ្យកឋិនធ្វើបានតែម្ដងគត់ ក្នុងមួយឆ្នាំ សម្រាប់វត្ដ មួយ និងត្រូវធ្វើតាមពេលកំណត់មិនមានមុន និងមិនមានក្រោយ ។ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ ក្នុងមួយរដូវកឋិន ។

២-ប្លែកដោយវត្ថុ

សំពត់ ដែលជាអង្គកឋិន នោះមាន ៖ ស្បង់ចីវរ និងសង្ឃាដី ដែលបានធ្វើត្រឹមត្រូវតាមពុទ្ធាបញ្ញត្តិ ។ យោង តាមវិន័យបញ្ញត្តិ ទោះបីជាទាយក ឬទាយកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន ។ តាមធម្មតា ភិក្ខុច្រើនតែរើសយកសង្ឃាដីធ្វើជាអង្គកឋិន ពីព្រោះ សង្ឃាដីជាសំពត់ធំជាងគេបង្អស់ក្នុងត្រៃចីវរ ហើយអាចប្រើសម្រាប់ដណ្ដប់ដូចជាភួយ នៅពេលរងាក៏បាន ។

៣-ប្លែកដោយអំពើ

តាម ទំនៀមទម្លាប់ ពុទ្ធបរិស័ទតែងតែមានជំនឿថា ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គ ៗ ពុំសូវមានអានិសង្ឃច្រើន ដូចជាធ្វើនឹង សង្ឃ ទេ (សង្ឃ សំដៅយកភិក្ខុចំនួនពី៤ អង្គឡើងទៅ)។ យោងតាមវិន័យបញ្ញត្តិអង្គ កឋិនអាចវេរប្រគេនចំពោះសង្ឃ យ៉ាងហោចណាស់ ក៏មានវត្ដមានភិក្ខុ៥ អង្គដែរ ដើម្បីឱ្យកើតជាកឋិនពេញ លក្ខណៈបាន ។

៤-ប្លែកដោយបដិគ្បដិការគាហកៈ (ដោយអ្នកទទួល)

មានតែ ភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន (រីឯ សាមណេរ និងអ្នកដ៏ទៃទទួលពុំបាន)។ ភិក្ខុនោះត្រូវ តែគង់ចាំវស្សាគម្រប់ ៣ ខែ ក្នុងវត្ដ ឬអាវាសណាមួយ ។ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធទទួលអង្គកឋិនទេ ។

៥-ប្លែកដោយអានិសង្ឃ

នៅក្នុង ការធ្វើបុណ្យកឋិន ទាយក និងទាយកា តែងទទួលបានអនិសង្ឃច្រើន ។ យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា និងក្រាលគ្រងកឋិន ត្រូវបានទទួលអានិសង្ឃ ៥ យ៉ាង ក្នុងរយៈពេល ៥ ខែ ។ អានិសង្ឃទាំង ៥ យ៉ាងនោះគឺ ៖

១-អនាមន្ដចារោ ៖ ភិក្ខុត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាបាន និងមិនមានទោស (ត្រូវអាបត្តិ) ឡើយ ។

២-អសមានទានចារោ ៖ ភិក្ខុត្រាច់ទៅដោយមិនបាច់យកសំពត់ណាមួយ ឬត្រៃចីវរគ្រប់ប្រដាប់ ជាប់ជាមួយបាន ។

៣-គណភោជនំ ៖ ភិក្ខុអាចឆាន់គណភោជនំបាន ។

៤-យាវនត្ថចីវរំ ៖ ភិក្ខុអាចទុក អតិរេកចីវរ (ចីវរដែលលើសអំពីសេចក្ដីត្រូវការ)ចំនួនប៉ុន្មាន ក៏បាន ។

៥-យោ ច តត្ថ ចីវរុប្បានោ សោ នេសំ ភវិស្សិតិ ៖ ចីវរណាកើតឡើងក្នុងអាវាស នោះ ចីវរនោះនឹងមានដល់ភិក្ខុនោះ។

វិន័យបិដកភាគ៨ កឋិនក្ខន្ធកៈ បានចែកអំពីប្រភពនៃបុណ្យកឋិនថា “ នៅក្នុងសម័យពុទ្ធកាល ព្រះសម្ពុទ្ធជាម្ចាស់ ទ្រង់ពុទ្ធានុញ្ញាត ឱ្យភិក្ខុប្រើប្រាស់តែបង្សុកូលចីវរ ទ្រង់ពុំទាន់បានអនុញ្ញាត ឱ្យប្រើគហបតីចីវរនៅឡើយ ។

អត្ថបទដែលជាប់ទាក់ទង