បុណ្យកឋិន មានលក្ខណៈខុសប្លែក ៥ យ៉ាង អំពីបុណ្យដទៃផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈសំខាន់នៅក្នុងវត្ដពុទ្ធសាសនា និងនៅក្នុងចំណោមពុទ្ធបរិស័ទទូទៅ

បុណ្យកឋិន ជាពិធីបុណ្យមួយ ចាប់ផ្ដើមធ្វើបន្ទាប់ពីព្រះសង្ឃ និមន្តចេញវស្សាដែលព្រះអង្គគង់ចាំព្រះវស្សាអស់រយៈកាលត្រីមាស(បីខែ) ។ កឋិន​មាន​តែ​ក្នុង​សាសនា​ព្រះពុទ្ធ​ប៉ុណ្ណោះ ក៏​នៅ​ក្នុង​សាសនា​ព្រះសាមណគោតម​បរមគ្រូ​នៃ​យើង ព្រះ​អង្គ​ទ្រង់​អនុញ្ញាត​នូវ​កឋិនត្ថារកិច្ច​ នេះ​ក្នុង រវាង​មជ្ឈឹម​ពោធិកាល​ប្រារព្ធ​ចំពោះ​​ភិក្ខុ​ទាំង​៣០​អង្គ​(កន្លែង​ខ្លះ​ថា​ ភិក្ខុ​ទាំង​៣០​អង្គ​នេះ​ជា​បង​ប្អូន​និង​គ្នា ខ្លះថា​ជា​បង​ប្អូន​ស្តេច​បសេន​ទិកោសល)។ បុណ្យកឋិនទាន គឺជាបុណ្យមួយ ដែលពុទ្ធបរិស័ទខ្មែរប្រារឰធ្វើឡើងក្នុងពេលកំណត់មួយ គឺមានចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃ ០១រោច ខែ អស្សុជ រហូតដល់ថ្ងៃទី ១៥ កើតពេញបូណ៌មី ខែកត្ដិក ។

តាម​អដ្ឋកថា​សំដៅ​យក​ព្រះពុទ្ធដីកា ដែល​ព្រះពុទ្ធ​ទ្រង់​បាន​បញ្ញត្តិ​ទុក​មក​ថា​កឋិន​គឺ​ការប្រជុំ​រួម​នូវ​រូបធម៌ និង​នាមធម៌ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​អត្ថន័យ​ពីរ​យ៉ាង​គឺរស់​បាន​ដោយ​កម្រ​សម​ដូច​វិគ្គហៈ​ថា “កថតិ កិច្ឆេន ជីវតីតិ កឋិនោ“​ ប្រែ​ថា “សភាវៈ​ឯណា​រស់​បាន​ដោយ​កម្រ សភាវៈ​នោះ​ហៅថា​កឋិន​ព្រោះ​លោក​ប្រៀបប្រដូច​ជា​ឈើ​ស្នឹង ដែល​បុគ្គល​កាត់​ចាកចេញ​ពី​ដើម ហើយ​យក​ទៅ​បោះភ្ជាប់​នឹង​ដី​រមែង​ដុះ​លូតលាស់​ឬ​រស់នៅ​បាន​ដោយ​កម្រ​យ៉ាងណា​ឯ​កិច្ច ដែល​នឹង​កើតឡើង ឬ​តាំង​ឡើង​ជា​កឋិន​ពេញទី គឺ​បាន​ដោយ​កម្រ​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ“​។

ពោល​សរសើរ​ព្រោះ​ចីវរ​ទាន ដែល​យើង​កសាង​ជា​កឋិន​នោះ ជា​ទាន​វិសេស​ជាង​ទាន​ដទៃ ដែល​ព្រះអរិយ​ទាំងឡាយ​មាន​ព្រះសម្ពុទ្ធ ជា​ប្រធាន​តែង​ពោល​សរសើរ​ថា​ជា​ទាន​ដ៏​វិសេស​អាច​រួបរួម ឬ​ក៏​សង្គ្រោះ​នូវ​អានិសង្ស​៥​យ៉ាង​របស់​ភិក្ខុ​អ្នក​ក្រាលគ្រង​មិន​ឱ្យ​ទៅ​គ្រង​នៅ​ទី​ដទៃ​បាន​។ សម​ដូច​វិគ្គហៈ​ថា​“បញ្ច អានិសំសេ អញ្ញត្ថ គន្តុំ អទត្វា កឋិតិ សង្គណ្ហាតីតិ“​។ ប្រែ​ថា​“ធម្មជាតិ​ឯណា​ក្រៀក​ទុក​ឬ​សង្គ្រោះ​នូវ​អានិសង្ស​ទាំង​៥​យ៉ាង​មិន​ឱ្យ​ទៅ​ក្នុង​ទី​ដទៃ​បាន ធម្មជាតិ​នោះ​ឈ្មោះ​ថា​កឋិន“​។

កឋិន​នេះ​អាច​ឱ្យ​សម្រេច​ដល់​បុគ្គល​ទាំងពីរ​ផ្នែក​គឺៈ

ទាយក ឬ​ទាយិកា គឺជា​អ្នក​ឱ្យ​។ ជន​នោះ​រមែង​ទទួល​អានិសង្ស​ច្រើន ទទួល​ផល​ច្រើន ក្នុង​អនាគតកាល មាន​ការ​ទទួល​នូវ​សម្បត្តិ​ក្នុង​ឋាន​ទេវលោក​ជាដើម​។ ចំណែក បដិគ្គាហកៈ ភិក្ខុ ឬ បុគ្គល ឬ សង្ឃ ជា​អ្នកទទួល​ក្រាលគ្រង និង​អនុមោទនា​កឋិន​ត្រូវ​បាន​សម្រេច​នូវ​អានិសង្ស ៥​យ៉ាង​ពេញលេញ គ្រប់គ្រាន់ ដរាប​ដល់​រយៈកាល​នៃ​កឋិន​ខេត្ត​។

ពិធី​ដែល​ទាយក-ទាយិកា នាំ​យក​សំពត់​កឋិន​ទៅ​ប្រគេន​ចំពោះ​ភិក្ខុសង្ឃ ដែល​បាន​គង់​ចាំវស្សា អស់​មួយ​ត្រីមាស (៣ខែ) ក្នុង​អាវាស (វត្ត) ណាមួយ និង​នៅ​ពេលណា​មួយ​ក្នុង​កំណត់ ២៩​ថ្ងៃ (ចាប់ពី​ថ្ងៃ ១​រោច ខែ​អស្សុជ ​រហូតដល់​ថ្ងៃ​១៥​កើត ​ពេញ​បូណ៌មី​ខែ​កត្តិក) ឱ្យ​លោក​ក្រាលគ្រង​មាន​ឈ្មោះ​ថា​“បុណ្យកឋិន“ ឬ “កឋិនទាន“​។

បើ​យោង​តាម​ប្រភព​ដក​ស្រង់​ចេញ​ពី​ឯកសារ​លំអាន​ទំនៀម​ខ្មែរ​បុរាណ​ និងសៀវភៅបុណ្យទំនៀមទម្លាប់ខ្មែរ ទាំង១២ ខែបានបង្ហាញថា បុណ្យ កឋិន មានលក្ខណៈ ខុសប្លែក ៥ យ៉ាងអំពីបុណ្យដទៃផ្សេងៗ និងក្លាយជាបុណ្យដ៏មានសារៈ សំខាន់នៅក្នុងវត្ដពុទ្ធសាសនា និងនៅក្នុង ចំណោមពុទ្ធបរិស័ទទូទៅ ។

លក្ខណៈប្លែក ៥ យ៉ាងគឺ ៖

១-ប្លែកដោយកាល

ព្រះពុទ្ធ ទ្រង់អនុញ្ញាតកឋិនកាល មានតែចំនួន ២៩ ថ្ងៃ គឺ ៖ ១៤ ថ្ងៃក្នុងខែអស្សុជ (កំណត់ពីថ្ងៃ១ រោច រហូតដល់ថ្ងៃ ១៤ រោច ឬខែដាច់) និង១៥ ថ្ងៃក្នុងខែកត្ដិក (កំណត់ពីថ្ងៃ១ កើត ដល់ថ្ងៃ ១៥ កើត ពេញបូរមី)។ រយៈពេលនេះ ហៅតាមពាក្យសាមញ្ញថា “ រដូវកឋិន ” ។ បុណ្យកឋិនធ្វើបានតែម្ដងគត់ ក្នុងមួយឆ្នាំ សម្រាប់វត្ដ មួយ និងត្រូវធ្វើតាមពេលកំណត់មិនមានមុន និងមិនមានក្រោយ ។ ភិក្ខុអាចទទួលសំពត់កឋិនបាន តែមួយដងគត់ ក្នុងមួយរដូវកឋិន ។

២-ប្លែកដោយវត្ថុ

សំពត់ ដែលជាអង្គកឋិន នោះមាន ៖ ស្បង់ចីវរ និងសង្ឃាដី ដែលបានធ្វើត្រឹមត្រូវតាមពុទ្ធាបញ្ញត្តិ ។ យោង តាមវិន័យបញ្ញត្តិ ទោះបីជាទាយក ឬទាយកា នាំសំពត់មួយត្រៃមកប្រគេនភិក្ខុសង្ឃ ក៏ភិក្ខុសង្ឃអ្នកក្រាលគ្រង លោករើសយកតែមួយមុខ មកធ្វើជាអង្គកឋិន ។ តាមធម្មតា ភិក្ខុច្រើនតែរើសយកសង្ឃាដីធ្វើជាអង្គកឋិន ពីព្រោះ សង្ឃាដីជាសំពត់ធំជាងគេបង្អស់ក្នុងត្រៃចីវរ ហើយអាចប្រើសម្រាប់ដណ្ដប់ដូចជាភួយ នៅពេលរងាក៏បាន ។

៣-ប្លែកដោយអំពើ

តាម ទំនៀមទម្លាប់ ពុទ្ធបរិស័ទតែងតែមានជំនឿថា ការធ្វើបុណ្យចំពោះភិក្ខុមួយអង្គ ៗ ពុំសូវមានអានិសង្ឃច្រើន ដូចជាធ្វើនឹង សង្ឃ ទេ (សង្ឃ សំដៅយកភិក្ខុចំនួនពី៤ អង្គឡើងទៅ)។ យោងតាមវិន័យបញ្ញត្តិអង្គ កឋិនអាចវេរប្រគេនចំពោះសង្ឃ យ៉ាងហោចណាស់ ក៏មានវត្ដមានភិក្ខុ៥ អង្គដែរ ដើម្បីឱ្យកើតជាកឋិនពេញ លក្ខណៈបាន ។

៤-ប្លែកដោយបដិគ្បដិការគាហកៈ (ដោយអ្នកទទួល)

មានតែ ភិក្ខុទេ ដែលអាចទទួលសំពត់កឋិនបាន (រីឯ សាមណេរ និងអ្នកដ៏ទៃទទួលពុំបាន)។ ភិក្ខុនោះត្រូវ តែគង់ចាំវស្សាគម្រប់ ៣ ខែ ក្នុងវត្ដ ឬអាវាសណាមួយ ។ ភិក្ខុមិនបានគង់ចាំវស្សាគ្មានសិទ្ធទទួលអង្គកឋិនទេ ។

៥-ប្លែកដោយអានិសង្ឃ

នៅក្នុង ការធ្វើបុណ្យកឋិន ទាយក និងទាយកា តែងទទួលបានអនិសង្ឃច្រើន ។ យោងតាមវិន័យបិដក ភាគ៨ ត្រង់កឋិនក្ខន្ធកៈ ភិក្ខុសង្ឃដែលជាអ្នកអនុមោទនា និងក្រាលគ្រងកឋិន ត្រូវបានទទួលអានិសង្ឃ ៥ យ៉ាង ក្នុងរយៈពេល ៥ ខែ ។ អានិសង្ឃទាំង ៥ យ៉ាងនោះគឺ ៖

១-អនាមន្ដចារោ ៖ ភិក្ខុត្រាច់ទៅកាន់ទីដទៃ ដោយមិនបាច់លាភិក្ខុផងគ្នាបាន និងមិនមានទោស (ត្រូវអាបត្តិ) ឡើយ ។

២-អសមានទានចារោ ៖ ភិក្ខុត្រាច់ទៅដោយមិនបាច់យកសំពត់ណាមួយ ឬត្រៃចីវរគ្រប់ប្រដាប់ ជាប់ជាមួយបាន ។

៣-គណភោជនំ ៖ ភិក្ខុអាចឆាន់គណភោជនំបាន ។

៤-យាវនត្ថចីវរំ ៖ ភិក្ខុអាចទុក អតិរេកចីវរ (ចីវរដែលលើសអំពីសេចក្ដីត្រូវការ)ចំនួនប៉ុន្មាន ក៏បាន ។

៥-យោ ច តត្ថ ចីវរុប្បានោ សោ នេសំ ភវិស្សិតិ ៖ ចីវរណាកើតឡើងក្នុងអាវាស នោះ ចីវរនោះនឹងមានដល់ភិក្ខុនោះ។

វិន័យបិដកភាគ៨ កឋិនក្ខន្ធកៈ បានចែកអំពីប្រភពនៃបុណ្យកឋិនថា “ នៅក្នុងសម័យពុទ្ធកាល ព្រះសម្ពុទ្ធជាម្ចាស់ ទ្រង់ពុទ្ធានុញ្ញាត ឱ្យភិក្ខុប្រើប្រាស់តែបង្សុកូលចីវរ ទ្រង់ពុំទាន់បានអនុញ្ញាត ឱ្យប្រើគហបតីចីវរនៅឡើយ ។

អត្ថបទដែលជាប់ទាក់ទង