ក្លិប Leicester City បើកឱ្យអ្នកគាំទ្រចូលសរសេរសាររំលែកទុក្ខប្រធានក្លិបរបស់ខ្លួនដែលទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់យន្ដហោះ

ប្រធានក្លិបបាល់ទាត់ Leicester City នៅប្រទេសអង់គ្លេស ដែលជាជនជាតិថៃ លោក Vichai Srivaddhanaprabha ត្រូវបានអ្នកចាត់ការក្លិបនិយាយថា គឺជាមនុស្សសំខាន់ម្នាក់ក្នុងចំណោមមនុស្ស៥នាក់ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រក្បែរកីឡដ្ឋាន King Power Stadium ក្រោយជំនួបជាមួយ West Ham កាលពីល្ងាចថ្ងៃសៅរ៍កន្លងមក។
អ្នកចាត់ការក្លិប បានឱ្យដឹងថា ក្លិប Leicester City ទាំងមូល បានចាត់ទុកលោក Vichai ជាមនុស្សដ៏អស្ចារ្យ ជាបុគ្គលសប្បុរស និងពោរពេញទៅដោយក្តីស្រឡាញ់ បានបើកឱកាសដល់ក្រុមអ្នកគាំទ្រចូលសរសេរសាររំលែកទុក្ខនៅកីឡដ្ឋាន King Power Stadium ផ្ទាល់នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
ដោយសារការបាត់បង់ប្រធានក្លិប ដូច្នេះ គម្រោងការប្រកួតជាមួយ Southampton នាថ្ងៃអង្គារ ក្នុងពានរង្វាន់ EFL Cup និងជំនួបក្រុមយុវជនជាមួយ Feyenoord ក៏ត្រូវពន្យារពេលផងដែរ។
ជនរងគ្រោះ៤នាក់ទៀត មាន បុគ្គលិករបស់លោក Vichai ផ្ទាល់ឈ្មោះ Nursara Suknamai និង Kaveporn Punpare ពីឡុតឈ្មោះ Eric Swaffer និង អ្នកអមដំណើរជនជាតិប៉ូឡូញ Izabela Roza Lechowicz។

សូមបញ្ជាក់ថា មហាសេដ្ឋីថៃ Vichai Srivaddhanaprabha សព្វថ្ងៃនេះមានទ្រព្យសម្បត្តិសរុប ៤.៩ ពាន់លានដុល្លារអាមេរិក ដែលជាម្ចាស់ និងប្រធានក្រុមហ៊ុន King Power International Group និងជាម្ចាស់ក្លិបបាល់ទាត់ដ៏ល្បីល្បាញ Leicester City ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង