Update: សាកសព៦នាក់ ត្រូវបានរកឃើញ និងស្រង់ចេញពីទឹក ក្រោយយន្តហោះផ្ទុកមនុស្ស១៨៩នាក់ ធ្លាក់ចូលទឹកសមុទ្រ នៅឥណ្ឌូណេស៊ី

ក្រុមអ្នកជួយសង្គ្រោះ បានទាញយកសាកសពមនុស្សចំនួន៦នាក់ ចេញពីទឹកសមុទ្រ កន្លែងដែលយន្តហោះ ដឹកអ្នកដំណើរឥណ្ឌូណេស៊ីមួយគ្រឿងបានធ្លាក់ នៅជិតរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃច័ន្ទនេះ ក្រោយហោះឡើង បាន១៣នាទី។ នេះបើតាមចេញផ្សាយដោយសារព័ត៌មាន CNN នៅយប់ថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។

ជើងហោះហើរ JT 610 របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស១៨៩នាក់ ក្នុងនោះរួមមានកុមារ៣នាក់ផងដែរ បានបាត់ចេញពី ប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរខ្លីមួយពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង Pangkal Pinang កោះ Bangka របស់ឥណ្ឌូណេស៊ី ។ ក៏ប៉ុន្តែបន្ទាប់មក យន្ដហោះនេះត្រូវបានគេទទួលស្គាល់ថាបានធ្លាក់។

ដោយឡែក ជុំវិញសោកនាដកម្មនេះដែរ លោក Bambang Suryo Aji ជាអ្នកគ្រប់គ្រងប្រតិបត្តិការនៃទីភ្នាក់ងារ Basarnas បានឲ្យដឹងថាសាកសពដែលបានស្រង់ចេញពីទឹកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយ នៅតំបន់ភាគខាងកើតរដ្ឋធានីហ្សាការតា។ លោកបន្ថែមថា ក្រុមអ្នកជួយសង្គ្រោះ ក៏បានរកឃើញផ្នែកមួយចំនួននៃយន្តហោះ និងសម្ភារៈអ្នកជិះនៅលើយន្ដហោះផងដែរ ក៏ប៉ុន្តែយន្តហោះទាំងមូលមិនទាន់ត្រូវបានគេរកឃើញនៅឡើយនោះទេ។

គួរបញ្ជាក់ថា បើតាមទីភ្នាក់ងាររុករក និងជួយសង្រ្គោះនៃប្រទេសឥណ្ឌូណេស៉ី មនុស្សទាំង១៨៩នាក់ធ្វើដំណើរនៅលើយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក Lion Air ប្រហែល​ជា​បានបាត់បង់ជីវិតទាំងអស់៕

 

អត្ថបទដែលជាប់ទាក់ទង