ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹកអះអាងថា អាងហែលទឹកពហុកីឡដ្ឋានជាតិត្រូវស្ថាបនាឡើងវិញ ដោយចំណាយថវិកា ២លានដុល្លារអាម៉េរិក

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹកអះអាងថា អាងហែលទឹកនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាសមិទ្ធផលរបស់អតីតបិតាស្ថាបត្យករ ឯកឧត្តម វណ្ណ មូល្លីវណ្ណ ដែលបានសាងសង់នៅអំឡុងទសវត្សរ៍ឆ្នាំ១៩៦០នោះ ត្រូវជួសជុលឡើងវិញ ក្រោមការចំណាយថវិកា២លានដុល្លារសហរដ្ឋអាមេរិក។ឯកឧត្តមបានបញ្ជាក់ បែបនេះ ក្រោយពីប្រារព្ធពិធីក្រុងពាលីសុំសេចក្តីសុខ បើកការដ្ឋានជួសជុល អាង ហែលទឹក កាលពីចុងសប្តាហ៍កន្លងទៅ។

ឯកឧត្តមបន្ថែមថា អាងហែលទឹកនេះ គឺជាសមិទ្ធផលបិតាស្ថាបត្យករ ឯកឧត្តម វណ្ណ មូល្លីវណ្ណ ក្រោមគំនិតផ្តួចផ្តើមរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលសាងសង់នៅអំឡុង ទសវត្សរ៍ឆ្នាំ១៩៦០ ហើយពេល នេះដោយសារស្ថានភាពខូចខាតនោះទើបរៀបចំជួស ជុលឡើងវិញ ដោយប្រើប្រាស់ថវិកា ២លានដុល្លារអាមេរិក ក្រោមជំនួយឧបត្ថម្ភពី វិស័យឯកជន

អាងហែលទឹកនេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៦៧  និងមានអាយុកាល ជាង៥០ឆ្នាំ ដោយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទទួលរងការខូចខាត និងមិនត្រូវទៅតាម កម្រិតស្តង់ដារ អាចបម្រើសម្រាប់ការប្រកួត កម្រិតអន្តរជាតិបានឡើយ។ ដូច្នេះការជួសជុល សាងសង់ឡើងវិញនេះ គឺអាងទាំងមូលមានបណ្តោយ ៥០ម៉ែត្រ ទទឹង២៥ម៉ែត្រ ខ្សែបន្ទាត់ចំនួន១០ត្រូវទៅតាមស្តង់ដារសហព័ន្ធហែលទឹកអន្តរជាតិ អនុលោមទៅតាម ច្បាប់ថ្មី ដែលបានកំណត់ និងត្រូវចំណាយពេលពី៧ទៅ៨ខែទើបរួចរាល់ជាស្ថាពរ។

​ការស្ថាបនាឡើងវិញនេះ ដើម្បីជួយសម្រួលកន្លែងស្តង់ដារ សម្រាប់ការហ្វឹកហាត់ និងប្រកួតរបស់កីឡាករកីឡាការិនីហែលទឹក ដើម្បីសម្រួចសមត្ថភាពឆ្ពោះទៅប្រកួត ប្រជែងដោយ គុណភាពនៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ៕

 

អត្ថបទដែលជាប់ទាក់ទង