ក្រោយសោកនាដកម្មធ្លាក់យន្ដហោះផ្ទុកមនុស្ស១៨៩នាក់ ឥណ្ឌូណេស៊ី បានបញ្ជាឱ្យត្រួតពិនិត្យឡើងវិញ រាល់យន្ដហោះ Boeing 737 Max 

ហ្សាការតា៖ យោងតាមការចេញផ្សាយដោយ សារព័ត៌មាន Straitstimes នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌូណេស៊ី លោក Budi Karya នៅថ្ងៃអង្គារនេះ បានចេញបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ នៅក្នុងស្រុកចំនួនពីរគឺក្រុមហ៊ុន Lion Air និងក្រុមហ៊ុន Garuda ត្រួតពិនិត្យរាល់យន្ដហោះ Boeing 737 Max របស់ពួកគេ ខណៈ អាជ្ញាធរកំពុងបន្តស៊ើបអង្កេត និងតាមរកសាកសព ឬអ្នកអាចរស់រាន្តមានជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះរបស់ក្រុមហ៊ុន Lion Air ជាមួយមនុស្សសរុប១៨៩នាក់ ដែលត្រូវបានគេសន្និដ្ឋានថាអាចនឹងស្លាប់ទាំងអស់ក៏ដោយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក Budi Karya បានគូសបញ្ជាក់ដូច្នេះថា៖«​យើងបានផ្ញើសំបុត្រមួយទៅកាន់ក្រុមហ៊ុន Lion Air និង Garuda កាលពីថ្ងៃចន្ទ ឱ្យពួកគេត្រួតពិនិត្យឡើងវិញរាល់យន្ដហោះ Boeing 737 Max ទាំងអស់របស់ខ្លួន ហើយលទ្ធផលយ៉ាង ណានឹងត្រូវបញ្ជូនទៅកាន់គណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៊ី ដើម្បីជួយសម្រួលដល់ការស៊ើបអង្កេត»។ លោក Budi ក្រុមហ៊ុន Lion Air មានយន្ដហោះ Boeing 737 Max ៨គ្រឿង រីឯ ក្រុមហ៊ុន Garuda មានមួយគ្រឿង។

គួរបញ្ជាក់ថា យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air ត្រូវបាន​គេរាយការណ៍ថាបានធ្លាក់នៅក្នុង​ដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅ​លើខេត្តជ្វា ក្រោយហោះ​ឡើងបាន ១៣នាទី ចេញពីទីក្រុង​ហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះ​ទៅកាន់​ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះស៊ូម៉ាត្រា។
យន្ដហោះនេះមានផ្ទុកមនុស្សសរុប១៨៩នាក់ក្នុងនោះមានមនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់​ផ្សេងទៀត ហើយមកទល់នឹងពេលមានសាកសពមនុស្ស១០នាក់ ត្រូវបានគេស្រង់ចេញពីទឹកសមុទ្រ និងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីបញ្ជាក់អត្តសញ្ញាណ៕ ប្រភព៖ freshnews

អត្ថបទដែលជាប់ទាក់ទង