សាហាវណាស់!!! ថ្នាំញៀនជាង១៤លានគ្រាប់ ត្រូវថៃបង្ក្រាបបាន ក្បែរតំបន់ត្រីកោណមាស

ប្រទេសថៃ ៖ ថ្នាំញៀនប្រភេទយ៉ាម៉ា ប្រមាណជាង១៤ លានគ្រាប់ ដែលមានបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ និងកម្របានជួបប្រទះត្រូវបានកម្លាំងជំនាញសហការជាមួយកម្លាំងយោធាថៃធ្វើការប្រមាញ់ឈានដល់ការបង្ក្រាបបាន ខណៈដែលមុខសញ្ញាបានបង្ហាញខ្លួននាពេលរំលងអធ្រាត្រ។

យោងតាមរបាយការណ៍ដែលយើងទទួលបាន គឺនៅក្នុងតំបន់ត្រីកោណមាសស្ថិតនៅជាប់នឹងព្រំប្រទល់ប្រទេសចំនួន៣ គឺប្រទេសថៃ ប្រទេសលាវ និងប្រទេសភូមា ដែលពោរពេញដោយការផលិតថ្នាំញៀន ដោយសារតែតំបន់នេះជាតំបន់.ស.គ្មានប្រទេសណាមួយមានសិទ្ធិគ្រប់គ្រងលើតំបន់នេះឡើយ។

ម៉្យាងទៀតក៏មានខេត្តចំនួន៦ របស់ប្រទេសថៃដែលស្ថិតនៅជាប់នឹងតំបន់ត្រីកោណមាសនេះផងដែរ ដែលខេត្តទាំងនោះរួមមាន ១.ខេត្តឈៀងម៉ៃ ២. ខេត្តឈៀងរ៉ាយ ៣. ខេត្តផៈយ៉ៅ ៤. ខេត្តណាន ៥. ខេត្តឧត្តរឌីត និង ៦.ខេត្តភិស្នុលោក។

ដោយមានការលបឆ្មក់ពីមេឈ្មួញធំៗក្នុងការនាំថ្នាំញៀនឆ្លងដែនចូលទៅក្នុងប្រទេសថៃ ជាញឹកញាប់រហូតធ្លាប់មានការប៉ះទង្គិចគ្នា ជាមួយនឹងកងកម្លាំងប្រដាប់អាវុធថៃថែមទៀតផង។ ក្នុងកិច្ចប្រតិបត្តិការដែលដឹកនាំដោយកម្លាំងជំនាញរួមជាមួយកម្លំាងយោធាភាគទី ៣បានធ្វើឡើងបន្ទាប់ពីទទួលបាននូវសេចក្តីរាយការពីកម្លាំងសម្ងាត់ដោយសមត្ថកិច្ចបានចេញដំណើរតាមរយៈផ្លូវទឹកផង និងតាមរយៈផ្លូវគោកផងដោយបានចាប់ផ្តើមពីម៉ោង ៧យប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ រហូតដល់ម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលយប់ ថ្ងៃទី២៩ ខែតុលា កន្លងទៅថ្មីៗនេះ ។

របាយការណ៍បានបន្តថានៅពេលរំលងអធ្រាត្រនោះ សមត្ថកិច្ចបានប្រទះឃើញរថយន្តចំនួន ២ គ្រឿង បានបង្ហាញខ្លួន នៅចំណុចផ្ទះចែមប៉ង់ក្នុងភូមិ១ឃុំឡាយង៉ាវ ស្រុកវៀងកែនខេត្តឈៀងរ៉ាយប្រទេសថៃដែលជាប្រភេទរថយន្តម៉ាកអុីស៊ុយៗ ទាំង២ក្នុងនោះ១ ព៌ណខ្មៅ ពាក់ស្លាកលេខ ផៈយ៉ៅ ៨៩៣ និង ១ គ្រឿងទៀតព៌ណប្រផេះពាក់ស្លាកលេខ ឈៀងម៉ៃ ៦២៨៩។

បន្ទាប់ពីមុខសញ្ញាបានបង្ហាញខ្លួនបែបនេះកម្លាំងបានសម្រុកចូលប៉ុន្តែ ដោយសារយប់ងងឹតទើបធ្វើឱ្យអ្នកបើកបរទាំង២បានរត់គេចខ្លួនបាត់ស្រមោល គឺនៅពេលនោះដែរ សមត្ថកិច្ចបានត្រួតពិនិត្យសង្គេតឃើញថារថយន្តទាំង២មានផ្ទុកការ៉ុងថ្នាំញៀនសរុបចំនួន ៧៣ការ៉ុង បើសរុបថ្នាំញៀនប្រភេទយ៉ាម៉ាទាំងអស់មានចំនួន ១៤៦០០០០០គ្រាប់ ( ដប់បួនលាន ប្រាំមួយសែន គ្រាប់ )។

បច្ចុប្បន្នថ្នាំញៀនរួមជាមួយនិងរថយន្តត្រូវបានកម្លាំងនាំយកទៅរក្សាទុកនៅអង្គភាពជំនាញនៅឃុំរិមខូងស្រុកឈៀងខង ខេត្តឈៀងរ៉ាយ។ លោក ឆ្លងឆៃ ឆៃយៈខាំមេបញ្ជាការកងទ័ពទី៣ និងជាថ្នាក់ដឹកនាំក្នុងការការពារទប់ស្កាត់ និងបង្ក្រាបថ្នាំញៀនបានបញ្ជាទៅកម្លាំងទំាងអស់ដើម្បីត្រៀមលក្ខណៈទប់ស្កាត់ឱ្យបានរាល់ការលបលួចនាំថ្នាំញៀនឆ្លងដែនចូលទៅក្នុងប្រទេសថៃ ៕ អត្ថបទ៖ BRT

អត្ថបទដែលជាប់ទាក់ទង