កសិករមមាញឺកដាំពោតដំណើប ប្រដេញតាមទឹកទន្លេមេគង្គ ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ កសិកររស់នៅតាមដងទន្លេមេគង្គប្រមាណ៧០ភាគរយ កំពុងតែសម្រុក ដាំពោតដំណើបប្រដេញតាមទឹកនៅរដូវទឹកទន្លេមេគង្គស្រក មាន២ស្រុក គឺ ស្រុកត្បូងឃ្មុំ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

លោក ស ចាន់ថា ជាកសិករ រស់នៅក្នុងភូមិរការធំ ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា គាត់ប្រកបរបរកសិកម្មដាំពោតដំណើបនេះតាំងពីយូរណាស់មកហើយៗ ដំណាំនេះ ក៏បានលើកស្ទួយជីវភាពគ្រួសាររបស់គាត់ឱ្យបានធូរធារមួយកម្រិតថែមទៀតផងដែរ។

លោក ស ចាន់ថា បានរៀបរាប់អំពីរបៀបដាំពោតថា បន្ទាប់ពីទឹកទន្លេស្រកផុតទៅ យើងត្រូវភ្ជួររាស់ដី ធ្វេីដីឱ្យស្អាត រួចចាប់ដាំគ្រាប់ពោត បន្ទាប់បាញ់ទឹកស្រោចក្នុង ១សប្ដាហ៍ម្ដង ថែទាំ ជំរះស្មៅ ឬភ្ជួរពូនគុម្ពចំនួន ២ដង តាមស្មៅច្រើនឬតិច រយៈពេល ៧០ថ្ងៃ នឹងចាប់ប្រមូលផលពោត។ ក្នុង១ដូវទឹកស្រកគាត់ដាំបាន ចាប់ពី៣ ទៅ៤សារ តាមទឹកទន្លេឆាប់ឡើងលិច ឬក៏ក្រលិច។ ចំពោះទីផ្សារពោតដំណើបឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំទៅ ហើយមានមូយគេទិញម៉ៅក្នុងចំការតែម្ដង គឹតតម្លៃតាមប្រភេទគ្រាប់ ពូជ បើគាត់ដាំអស់គ្រាប់ពូជ ១គីឡូក្រាមម៉ូយគេម៉ៅតម្លៃ ៥៥ម៉ឺនរៀលទៅ ៦០ម៉ឺនរៀល។

លោក ស ចាន់ថា ដាំពោតក្នុងផ្ទៃដី ១ហិចតា ៧០អារ ប្រើគ្រាប់ពូជអស់ចំនួន ២៦គីឡូក្រាម ដូច្នេះគាត់ដាំ ១សារបានចំណូលជិត ១៥លាន ហើយមួយ រដូវទឹកស្រកគាត់ដាំបាន ៣ដងដែរ ។ ចំណែកដើមពោតគេទិញយកទៅអោយគោស៊ី ក្នុងដើមពោត ១ជួរ ឬ១ រងតម្លៃ ចាប់ពី ៥ពាន់ទៅ ១ម៉ឺនរៀលទៀតផង។ កសិករ សប្បាយចិត្ត និងមានទឹកចិត្តខិតខំបង្ករបង្កើនផលពោតដំណើបនេះខ្លាំងណាស់។

បេីតាមលោក យូរ តាំងហ៉ី​ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានបញ្ជាក់ឱ្យដឹងថា ដំណាំឧស្សាហកម្ម និងដំណាំរួមផ្សំដំណាំរដូវប្រាំង អនុវត្តការភ្ជួររាស់បាន ៩៧០ហិចតា ស្មេីនឹង១០,២០% នៃផែនការដាំដុះ ៩ ៥២០ហិចតា និងដាំដុះបាន៦០០ហិចតា ស្មេីនឹង៦,៣០% នៃផែនការដាំដុះ៩ ៥២០ហិចតា ផងដែរ ៕ ដោយ៖ សាន វិឡែម

អត្ថបទដែលជាប់ទាក់ទង