អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវសិស្សានុសិស្ស ត្រូវខិតខំប្រឹងប្រែង​រៀនសូត្រ និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម សួន បវរ បានធ្វើការអំពាវនាវដល់សិស្សានុ​សិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រឱ្យបានពូកែ និងត្រូវជៀសឱ្យឆ្ងាយពី​គ្រឿងញៀនព្រមទាំងត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន​ផង។

ការថ្លែងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០១៨-២០១៩ នៅវិទ្យាល័យ​សិរីសោភ័ណ ក្រុង​សិរីសោភ័ណកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០១៨​ដែលមាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សយ៉ាងច្រើនកុះករនោះ។ឯកឧត្តមសួន បវរ បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជាដែលបានបញ្ជាក់ថា ថ្ងៃទី ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គឺ ជាថ្ងៃដ៏មាន​អត្ថន័យយ៉ាងជ្រាលជ្រៅបំផុតរបស់ក្មួយៗ ជាសិស្សានុសិស្សចំណេះទូទៅទាំងអស់ ដែលជាកុលបុត្រកុលធីតាជាទីស្រឡាញ់របស់យើង គ្រប់ៗគ្នាមានឱកាសទទួលបាននូវការអប់រំឱកាសក្នុងការបន្តការសិក្សារៀនសូត្រ និងជាថ្ងៃចាប់ផ្តើមជីវិត សិក្សាដំបូងរបស់កុមារតូចៗ ដែលទើបនឹងដល់អាយុចូលសាលារៀន។​ សម្តេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកគ្រូ អ្នកគ្រូបង្រៀនទាំងអស់នៅទូទាំងប្រទេស ដែលបានខិតខំលះបង់កម្លាំងកាយ​ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀន សិស្សទទួលបានចំណេះដឹងជំនាញសីលធម៌និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យសម្បូររុងរឿង។

ជាមួយគ្នានេះ ការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាលសិស្ស អាជ្ញាធរដែនដី និងដៃគូអភិវឌ្ឍន៍ទាំងអស់ក៏ជាកម្លាំងសរុបមួយ ជួយដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការយ៉ាងរលូន និងទទួលបានជោគជ័យ គួរជាទីមោទនៈ ក្នុងរយៈពេលកន្ល មកនេះផងដែ

ក្នុងឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យបានផ្ដាំផ្ញើក្រើនរម្លឹកដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ក្រេបចំណេះដឹង ពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រតិបត្តិខ្លួនឱ្យ ក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ ប្រភេទដើម្បីក្លាយខ្លួនទៅជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ប្រទេស​​ជាតិនិងជាមូលធន មនុស្សប្រកបដោយគុណភាពមានសក្ដានុពលសម្រាប់ការអភិវឌ្ឍសង្គម​​ជាតិ ​ឱ្យមានការ រីកចម្រើន។

ឯកឧត្តមបានបន្តទៀតថា សិស្សានុសិស្សទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន និងចេះយោគយល់អធ្យាស្រ័យគ្នានៅពេលបើកបរយានយន្តដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ

​សូមបញ្ជាក់ថា នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ក៏បានបើកយុទ្ធនាការ (សាលាគ្មានថង់ប្លាស្ទិកកែវជ័រ និងប្រអប់ស្នោក្នុងបរិវេណសាលាទូទាំងក្រុង សិរីសោភ័ណទាំងមូល) ​ដែលមានចូលរួមគាំទ្រពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្សានុសិស្សយ៉ាងច្រើនកុះករ​៕

 

អត្ថបទដែលជាប់ទាក់ទង