កឹ្លបបាល់ទាត់​វិសាខា បាន​ធ្វើ​ឱ្យអ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​បង្ហាញ​នូវ​សមាជិក​ថ្មី ២​រូប មុន​ប៉ះ​ក្រុម U18 Fukushima របស់​ជប៉ុន​ល្ងាច​នេះ

បាល់ទាត់៖ ក្រុម​វិសាខានឹង​ត្រូវ​ធ្វើការ​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​យុវជន U18 Fukushima មកពី​ជប៉ុននា​វេលា​ម៉ោង ៥​ល្ងាច​នេះនៅ​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន។ ប៉ុន្តែ​មុន​ការប្រកួត ១​ថ្ងៃក្រុម​លេខ​៣ នៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០១៨ នេះ បាន​ធ្វើ​ឱ្យអ្នកគាំទ្រ​មានការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​បង្ហាញ​នូវ​សមាជិក​ថ្មី ២​រូបគឺ​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន និង​កីឡាករ ឆេង ម៉េង។

​នេះ​គឺជា​រឿង​មួយ​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​អ្នកគាំទ្រ ដែល​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ វិសាខា អាច​ទាក់ចិត្ត​កីឡាករ​ឆ្នើម​ៗ​របស់​ក្រុម​ណាហ្គា​វើ​ល​បាន​ដល់​ទៅ ២​រូប ទោះបី​ពួកគេទើបបាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ក្រុម​លោក មាស ចាន់ណា លើក​ពាន​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០១៨ កាល​ពី​ពេល​ថ្មីៗ​។ ប៉ុន្តែ​យ៉ាង​ណា​ក្លឹប​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​លោក ហុក សុ​ជីវ័ន នេះមិនបាន​ប្រកាស​ពី​សុពលភាព នៃ​កិច្ចសន្យា​របស់​កីឡាករ​ទាំងពីរ​នោះ​ទេ។​ ​ដោយឡែក​ចំពោះ​ការប្រកួត​មិត្តភាព​ល្ងាច​នេះ តាម​គម្រោង​កីឡាករ សារី ម៉ាត់​ណូ​រ៉ូ​ទីន នឹង​បង្ហាញ​វត្តមាន​លើកដំបូងជាមួយ​ក្រុម​ទ្រនំ​ថ្មី​វិសាខា ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម U18 Fukushima ដែល​នឹង​ចាប់ផ្ដើមនា​វេលា​ម៉ោង ៥​ល្ងាច លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្រោម​ការផ្សាយ​ផ្ទាល់​ពី​ក្រុមការងារ​ទូរទស្សន៍ BTV-News។ ប៉ុន្តែ​កីឡាករ ឆេង ម៉េង មិន​អាច​ចូលរួម​ការប្រកួត​នេះ​ឡើយ ដោយសារ​រូបគេកំពុង​ជាប់​ភារកិច្ច ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup 2018 នា​ពេល​ឆាប់ៗ​ខាងមុខ។

​គួរ​បញ្ជាក់​ថា សារី ម៉ាត់​ណូ​រ៉ូ បាន​ផ្ដើម​អាជីព​បាល់ទាត់​ដំបូងជាមួយ​ក្រុម​អាស៊ី​អឺរ៉ុប បន្ទាប់មក​បាន​ផ្លាស់​ទៅ​ក្លឹប​ភ្នំពេញ​ក្រោ​ន មុន​ផ្ទេរ​មកលេង​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ក្នុង​ឆ្នាំ​២០១៦ និង​ជួយ​ឲ្យ​ក្រុម​លោក មាស ចាន់ណា លើក​ពាន​លី​គ​លើកដំបូង​នៅ​ឆ្នាំ​២០១៨។ ស្រដៀង​គ្នា​ដែរ កីឡាករ ឆេង ម៉េង បាន​ចូលរួម​ជាមួយ​ក្រុម​ជើង​ខ្លាំង​នេះ​កាលពី​ឆ្នាំ​២០១៣ ហើយ​អ្នក​ទាំង២ ​បាន​ជាប់​ជម្រើស​ជាតិ​ក្រុម​ធំ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៥ តែ​បច្ចុប្បន្ន ឆេង ម៉េង ត្រូវ​បាន​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ បន្ត​កោះ​ហៅធ្វើការ​ប្រមូលផ្ដុំ​នៅឡើយ ដូច្នេះ​ហើយ​ទើប​ប្រកួត​មិត្តភាព​ល្ងាច​នេះ រូបគេ​មិន​អាច​បង្ហាញ​វត្តមាន​លើកដំបូង ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​បាន៕

អត្ថបទដែលជាប់ទាក់ទង