ឯកឧត្តម កែវ រ៉េមី ការបើកក្លិបថ្មីនៃកីឡាតេក្វាន់ដូ ITF គឺជាការពង្រីកធនធានអត្តពលិក កាន់តែសម្បូរបែប

ភ្នំពេញ៖ ឯក​ឧត្ដម កែវ រ៉េមី រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋ​មន្ត្រី​ ​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​តេក្វាន់ដូ ITF កម្ពុជាបានចាត់ទុកថា ការបើកក្លិបកីឡាតេក្វាន់ដូ ITF ថ្មីៗ គឺជាការពង្រីកធនធានកីឡាករ កីឡាការិនី បន្ថែមឱ្យកាន់តែសម្បូរបែប នាថ្ងៃអនាគត។

ឯកឧត្តមថ្លែងបែបនេះ នៅក្នុងពិធីបើក​ក្លិប​ទី​២១​ជា​ផ្លូវ​ការ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅ​ក្នុង​សាលា​បឋម​សិក្សា​ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ឯក​ឧត្ដម កែវ រ៉េមី មានប្រសាសន៍​ថា វា​ជា​រឿង​ដ៏ល្អ​មួយ ដែល​នាយក​សាលា​បាន​យល់​ដឹង​ពី​គុណ​​តម្លៃ​នៃ​កីឡា ហើយការ​​បញ្ជៀប​ប្រភេទ​កីឡានេះទៅ នៅ​ក្នុង​សាលា​បឋម​សិក្សាសម្រាប់ យុវជនជាសិស្សានុសិស្សនឹង​អាច​ធ្វើ​ឱ្យ​​​​កម្ពុជា​សម្បូរ​ធនធាន​កីឡាករ។ ឯកឧត្តមរំពឹងថា តេក្វាន់ដូ ITF នឹង​កាន់តែខ្លាំង​ក្លា  ហើយប្រភេទកីឡាផ្សេងៗក៏អាចនឹងខ្លាំងក្លាដូចគ្នា ប្រសិន បើប្រភេទកីឡា​នានាអាចដាក់​បញ្ចូល ​​នៅ​តាម​សាលា​បឋម​សិក្សា ដែល​ចាប់​បណ្ដុះ​ពី​ក្មេង​តូច​ៗ​​ទៅ។ ទន្ទឹមនេះ ​ការ​បង្កើត​ក្លិប​​គុន​ក្នុង​សាលា​បែបនេះនឹងអាច​ជួយឱ្យ​កុមារ​នានា ​​ដែល​បាន​ហ្វឹកហាត់​មាន​វិន័យ​ល្អ មាន​កាយសម្បទា​រឹងមាំ និងចូល​លេង​កីឡា ​គឺ​អាច​ជៀស​​ឆ្ងាយ​ពី​គ្រឿងញៀនផងដែរ​។

ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ទៀតថា ​ក្រៅពីការបើកនៅទីនេះក៏មានគម្រោង​បើក​ក្លិប​កីឡា​​តេក្វាន់ដូស្ទីល​កូរ៉េខាងជើងមួយនេះ​នៅ​តាម​សាលា​ផ្សេង​ៗជាច្រើនទៀត ប៉ុន្តែ​ត្រូវរង់ចាំមើលការ​សម្រេច​ចិត្តរបស់​​សាលា​ទាំង​នោះ៕