អ្នកមុជទឹកម្នាក់ស្លាប់ ខណៈដែលព្យាយាមស្វែងរកយន្តហោះ Lion Air ដែលធ្លាក់ចូលក្នុងសមុទ្រកាលពីថ្មីៗនេះ

ឥណ្ឌូណេស៉ី៖ អ្នកមុជទឹកម្នាក់​របស់ក្រុមសង្គ្រោះឥណ្ឌូណេស៊ី បានស្លាប់បាត់បង់ជីវិត​នៅក្នុងបេសកកម្មរុករក យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air ដែលបាន​ធ្លាក់ចូលទៅក្នុងសមុទ្រកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះជាមួយនឹងមនុស្ស ១៨៩នាក់ ដែលត្រូវ​បានគេអះអាងថា គ្មាននរណា​ម្នាក់នៅរស់​នោះ។ នេះបើតាមការ​ចេញផ្សាយដោយ Channel News Asia នារសៀល​ថ្ងៃសៅរ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកមុជទឹក​វ័យ៤៨ឆ្នាំ ខាងលើនេះមានឈ្មោះ ស៊ីយ៉ាចរូល អាន់តូ (Syachrul Anto) តាមពិត​ទៅ​បានស្លាប់តាំងពីថ្ងៃសុក្រ​មកម្ល៉េះ ប៉ុន្តែអាជ្ញាធរឥណ្ឌូណេស៊ី​ទើបតែបញ្ចេញ​ព័ត៌មាន​នៅ​ថ្ងៃសៅរ៍នេះប៉ុណ្ណោះ ដោយកាលពី​វេលាម៉ោង ៤៖០០នាទីរសៀលថ្ងៃសុក្រ លោក Anto មិនបានឡើងមក​លើទូកវិញឡើយ ក្រោយពីការចុះទៅស្វែងរក​​យន្តហោះ (ប្រអប់ខ្មៅ​​មួយផ្សេងទៀត) នៅក្នុងដែន​សមុទ្រនៃកោះជ្វា​ភាគខាងលិច។

គួរបញ្ជាក់ថា ក្រោយពីទទួល​បានតំណឹងពីការបាត់ខ្លួននេះ ក្រុមសង្គ្រោះ​ដែលជាគ្នីគ្នារបស់​លោកបានចុះ​ទៅស្វែងរកលោក ហើយក៏បានស្រង់រូបលោកមកវិញនៅ​វេលាម៉ោង ១០និង៣០នាទីយប់ (ម៉ោងនៅសិង្ហបុរី)។ ទោះបីជា​បែបនេះក្តី រូបកាយ​របស់លោក​ត្រូវបានបញ្ជូន​​ទៅកាន់​មន្ទីរពេទ្យ Koja ទើបមាន​​ការប្រកាសថា លោកបាន​ស្លាប់បាត់​ទៅហើយ។

បើតាមសម្តី​​របស់ក្រុម​អ្នករួមការងារ លោក Anto ក៏ធ្លាប់បាន​ចូលរួមក្នុងសកម្មភាព​សង្គ្រោះ ក្រោយឥណ្ឌូណេស៊ី​​រងគ្រោះ​រញ្ជួយដី និងរលកយក្ស​ស៊ូណាមិ​នៅលើកោះ ផាលូ កាលពី​​ខែកញ្ញា​ថ្មីៗនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង