សាកលវិទ្យាល័យឥន្ទ្រវិជ្ជា នៅគ្រប់ទីតាំង បណ្តុះបណ្តាល សិស្ស និស្សិត ប្រកាន់ខ្ជាប់នូវគុណភាពខ្ពស់ជាចម្បង សម្រាប់បវេសនកាលថ្មី !

ភ្នំពេញ៖ សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទីតាំងបាត់ដំបង នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបើកបវេសនកាលថ្មី (ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត) ឆ្នាំសិក្សា ២០១៨ – ២០១៩ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី លោក សាំង សែន សាកលវិទ្យាធិការរង តំណាង លោកឧកញ៉ា បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ ដោយលោកបានថ្លែងថា សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ជាសាកលវិទ្យាល័យមួយ ប្រកាន់ខ្ជាប់ទៅលើការបណ្តុះបណ្តាលប្រកបដោយគុណភាពខ្ពស់ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ជាពិសេសនោះ គឺថ្នាក់ឥស្សរជន។

មានមតិទៅកាន់ក្រុមនិស្សិត លោក សាំង សែន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានលើកឡើងថា សិស្ស និស្សិត ទាំងអស់ ត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹងពីលោកសាស្រ្តាចារ្យ ដែលសាកលវិទ្យាល័យបានរៀបចំឱ្យបង្ហាត់បង្រៀន ធ្វើយ៉ាងណាឱ្យខ្លួនយើង ក្លាយជាបុគ្គលម្នាក់ ដែលទទួលបានចំណេះដឹងពិតប្រាកដពី សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដើម្បីយកទៅបម្រើ និងអនុវត្តក្នុងសង្គមបានល្អ។

លោក សាំង សែន ថ្លែងទៀតថា ថ្ងៃបើកបវេសនកាលនេះ ជាថ្ងៃដ៏មានអត្ថន័យជ្រាលជ្រៅបំផុតរបស់សិស្ស និស្សិត ដែលពុះពារជំនះលើឧបសគ្គជាច្រើន មកក្រេបជញ្ជក់យកចំណេះទូទៅពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា។ ការសម្រេចចិត្តជ្រើសរើសយក សាកលវិទ្យាល័យឥន្ទ្រវិជ្ជា ដើម្បីធ្វើការសិក្សានេះ គឺកុលបុត្រ កុលធីតាគ្រប់ៗគ្នា នឹងមានឱកាសទទួលបាននូវការអប់រំមុខវិជ្ជាជាច្រើន ចំណេះដឹងល្អៗ ដើម្បីចាប់ផ្តើមបន្តរស្មីជីវិតនៅក្នុងសង្គមជាតិមួយដែលត្រូវការធនធានមនុស្ស ជាពិសេសអ្នកមានចំណេះដឹងពិតប្រាកដ។

ជាមួយគ្នានេះផងដែរ លោកឧកញ្ញ៉ា បណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា បានផ្ញើសារលិខិតក្នុងនាម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា ទៅកាន់សិស្ស និស្សិតថា ឆ្នាំ២០១៨ នេះ ជាខួបលើកទី២០ នៃការបង្រួបបង្រួមជាតិ រាជរដ្ឋាភិបាលរក្សាបាននូវសន្តិភាពពេញលេញជូនប្រជាពលរដ្ឋ ប្រទេសជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ។ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមចូលរួមប្រកបដោយភាពស្និទ្ធស្នាលជាមួយ លោកគ្រូ អ្នកគ្រូនិង សាស្ត្រាចារ្យ ព្រមទាំង សិស្ស និស្សិតទាំងអស់ផងដែរ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្ស ហើយសិស្សានុសិស្ស ក៏ទទួលបានចំណេះដឹង ជំនាញ សីលធម៌ និងក្លាយជាពលរដ្ឋល្អ ដែលជាសរសរទ្រូងដ៏រឹងមាំ ក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យសំបូររុងរឿង៕

អត្ថបទដែលជាប់ទាក់ទង