ធនាគារកាណាឌីយ៉ា ទម្លាក់កញ្ចប់ហិរញ្ញប្បទានចំនួន ១៥០លានដុល្លារ អាជីវករងាយស្រួលស្នើសុំកម្ចី ដោយគ្រាន់តែ ………………………..

នេះជាប្រយោជន៍ដ៏ល្អមួយសម្រាប់អ្នកនិយមធ្វើជំនួញ ឬ អាជីវករ ជាដើម ដោយហេតុថា ថ្មីៗនេះ ធនាគារកាណាឌីយ៉ា បានទម្លាក់កញ្ចប់ហិរញ្ញប្បទានចំនួន ១៥០លានដុល្លារ សម្រាប់គាំទ្រដល់ អាជីវកម្មខ្នាតតូច និងមធ្យម ( SME )។

ប៉ុន្តែមាន SME ជាច្រើនចង់បានថវិកាទៅពង្រីកអាជីកម្ម តែបែរគ្មានរបាយការណ៍ច្បាស់លាស់ ចរន្តនៃការលក់ទំនិញ ឬសេវាកម្មផ្សេងៗ ដូចជាចំណូលចំណាយមួយថ្ងៃប៉ុន្មាន ? ហើយបានយកលុយទុកដាក់ក្នុងហិបសន្សំប៉ុន្មាន ? បើគ្មានការកត់ត្រាបែបនេះ ធនាគារ ពិបាកផ្ដល់កម្ចីណាស់។

លោក ហុង សុខឡេង នាយកឥណទានខ្នាតតូច និងមធ្យម នៃធនាគារកាណាឌីយ៉ា លើកឡើងយ៉ាងដូច្នេះ គឺចង់ឱ្យពលរដ្ឋដែលជាម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម (SME) ដែលចង់សម្រេចចិត្តខ្ចីលុយ ពីធនាគារ ដើម្បីយកទៅពង្រីកអាជីវកម្ម គួរតែគត់ត្រានូវចំណូលចំណាយ ឬមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ងាយស្រួលដល់ធនាគារធ្វើការវិនិច្ឆ័យ និងសម្រេចថា គួរផ្ដល់កម្ចី ឬ មិនផ្ដល់ ។

នាយកឥណទានខ្នាតតូច និងមធ្យម នៃធនាគារកាណាឌីយ៉ា រូបនេះ បញ្ជាក់ថា កន្លងមកវិស័យហិរញ្ញវត្ថុធនាគារ ក៏ដូចជាអាជីវកម្មខ្នាតតូច និងមធ្យម មានជាង២០ម៉ឺនគម្រោង។

ប៉ុន្ដែអ្នកដែលអាចមានទំនាក់ទំនងជាមួយនឹងស្ថាប័នហិរញ្ញវត្ថុ ដែលជាធនាគារ នៅមានចំនួនតិចតួចនៅឡើយ ដោយសារពួកគាត់មានឧបសគ្គមួយគឺ អត់មានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដូច្នេះពួកគាត់គួរចាប់ផ្ដើមមានរបាយការណ៍ហិរញ្ញវត្ថុកំណត់ត្រា ចាប់ពីពេលនេះតទៅ។

លោក ហុង សុខឡេង ថ្លែងថា ខ្ញុំចង់ផ្ដាំផ្ញើទៅម្ចាស់អាជីវកម្មតូច និងសហគ្រាសខ្នាតតូច និងមធ្យម ទាំងអស់ គួរតែមានរបាយការណ៍ហិរញ្ញវត្ថុ ដែលជាសក្ខីកម្មមួយ ក្នុងការកំណត់ត្រាអាជីវកម្ម ទិញចូលយ៉ាងម៉េច ? លក់ចេញយ៉ាងម៉េច ? ចំណេញ ឬ ខាតយ៉ាងម៉េច ?

របាយការណ៍ហិរញ្ញវត្ថុនេះគឺ ចាំបាច់បំផុត ដើម្បីឱ្យពួកគេស្វែងយល់ ពីអាជីវកម្មរបស់ខ្លួនថា តើមានការកើនឡើង-ថយចុះ និងកំណត់ហេតុត្រឹមត្រូវ ដូច្នេះដើម្បីឱ្យអាជីវកម្ម និងផលិតផលរបស់ខ្មែរឈានជើងចូលទីផ្សារអន្ដរជាតិបាន លុះត្រាតែមានរបាយការណ៍ហិរញ្ញវត្ថុនេះជាចាំបាច់ និងច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង