ថ្មីៗនេះ ឯក​ឧត្ដម ហ៊ុន​ ម៉ានី បង្ហើប​ថា ទីលាន​បាល់ទាត់​នៅ​កំពង់​ស្ពឺស្តង់ដារ​​កម្រិត​អន្តរជាតិ ជិត​ចាប់​ផ្ដើម​សាងសង់​ហើយ​

ឯក​ឧត្ដម ហ៊ុន ម៉ានី តំណាង​រាស្រ្ត​​ខេត្ត​កំពង់ស្ពឺ​​​ បង្ហើប​ថា ការ​ចាប់​ផ្ដើម​សាងសង់​​ទីលាន​នៅ​កំពង់​ស្ពឺ​ជិត​ចាប់​ផ្ដើម​សាង​សង់​ហើយ​។

ថ្លែង​ក្នុង​ឱកាស​ធ្វើ​ Football-Clinic របស់​ណាហ្គាវើល​​កាល​ពី​ព្រឹក​មិញ​នេះ​ឯក​ឧត្ដម​ខាង​លើ​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចាប់​ផ្ដើម​សាង​សង់​​ពហុ​កីឡដ្ឋាន​នៅ​ខេត្ត​​កំពង់​ស្ពឺ។ កាល​បរិច្ឆេទ​មិន​ទាន់​បញ្ជាក់​បាន ប៉ុន្តែ​លោក​សន្យា​ថា ​និង​ចាប់​​ផ្ដើម​សាងសង់​ឆាប់​ៗ​នេះ ព្រោះ​ត្រូវ​ការ​សិក្សា​គម្រោង​សិន។

ឯក​ឧត្ដម​បន្ថែម​ថា ការ​សាងសង់​ស្តាត​នេះ​ជា​ចំណែក​មួយ​​យ៉ាង​ធំ​ក្នុង​ការ​ចូល​រួម​អភិវឌ្ឍន៍​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។ ពិសេស​​ទីលាន​នេះ​គឺ​អាច​បង្កើន​ធនធាន​បាល់ទាត់ ដែល​​មាន​ប្រភព​ពី​​អ្នក​រស់​នៅ​ខេត្ត​កំពង់​ស្ពឺ​ផ្ទាល់​តែ​ម្ដង។

​​ជា​មួយ​គ្នា​នោះ​លោក មាស ចាន់ណា គ្រូ​បង្វឹក​​បាល់ទាត់​របស់​ក្លឹប​ណាហ្គាវើល​​ឲ្យ​ដឹង​ដែរ​ថា ការ​ធ្វើ​​ Football-Clinic ​ខាងលើ​​​ផ្ដោត​សំខាន់​គឺ​បង្ហាញ​ដល់​គ្រូ​ៗ​ចំនួន ១២០​នាក់​ ដែល​មក​រៀន​វគ្គ​ D-License ​នេះ​បាន​យល់​ដឹង​៣​ចំណុច​ធំ​ៗ។ ​ក្នុង​រយៈ​ពេល​ ៣​ថ្ងៃ​កន្លះ​​គឺ​ខ្លី​មែនទែន ក្នុង​ការ​ផ្ដល់​ចំណេះ​ដឹង​ដល់​​សិក្ខាកាម​ទាំង​អស់​។

​គ្រូ​បង្វឹក​កម្រិត A-License រូប​នេះ​បន្ថែម​ថា ៣​​ចំណុច​ដែល​លោក​គ្រោង​បង្វឹក​ដល់​គ្រូ​បាល់ទាត់​នោះ​គឺ​ ចេះ​ធ្វើ​ផែនការ​ក្នុង​ការ​ហ្វឹកហាត់, ​ការ​រៀប​ចំ​លើ​ទីលាន​ (ត្រូវ​រៀបចំ​យ៉ាង​ម៉េច​ឲ្យ​ការ​ហ្វឹកហាត់​បាន​ល្អ) និង​វិធីសាស្ត្រ​ក្នុង​ការ​បង្ហាត់ ( ត្រូវ​ចាប់​ផ្ដើម​​បង្ហាត់​សិស្ស​មក​ពី​កន្លែង​ណា​មុន) ។

ណាហ្គាវើល បាន​ចុះ​ធ្វើ​ Football-Clinic កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ខេត្ត​កំពង់ស្ពឺ ដោយ​បើក​បង្រៀន​គ្រូ​បាល់ទាត់​កម្រិត D-License ដល់​សិក្ខាកាម​ចំនួន ១២០​នាក់​ ដែល​គ្រោង​បញ្ចប់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៨៕ ​​

អត្ថបទដែលជាប់ទាក់ទង