សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្តីពី ចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍»

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាក្រោមប្រធានបទស្តីពី ចក្ខុវិស័យក្នុងការសាងសង់វិមានឈ្នះ-ឈ្នះ «ព្រឹត្តិការណ៍បង្កើតព្រឹត្តិការណ៍» ដើម្បីរៀបចំពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សិក្ខាសាលានេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក និងប្រធានក្រុមការងារសិក្សា ស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ, ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ តំណាងក្រសួងពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំរាជធានី-ខេត្តយ៉ាងច្រើនកុះករផងដែរ។

ជានិច្ចកាល គឺសម្តេចពិជ័យសេនា ទៀ បាញ់ តែងតែដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ដំណើរការសាងសង់វិមានឈ្នះ-ឈ្នះ ឥតឈប់ឈរ និងបើកកិច្ចប្រជុំជាញឹកញាប់ ដើម្បីធ្វើយ៉ាងណាឱ្យវិមាន ដែលជានិម្មិតរូប នៃសន្តិភាព ការបង្រួបបង្រួមជាតិខ្មែរមួយនេះ កសាងឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា នៃថ្ងៃប្រារព្ធពិធី តាមការកំណត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី៣១ ខែតុលាកន្លងទៅ បានប្រកាសជាសាធារណៈថា សម្តេចនឹងរៀបចំពិធីបុណ្យឆ្លងឆ្នាំ រយៈពេល៣យប់៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅវិមានឈ្នះ-ឈ្នះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា តាមនយោបាយឈ្នះ-ឈ្នះ ដោយទទួលបានឯកភាពទឹកដីជាលើកដំបូង។

ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង