ងាយៗអាហារ ៤មុខ រើសមួយណាក៏បាន ជួយសុខភាពបេះដូងយ៉ាងច្រើន

១. ខ្ទឹម

ខ្ទឹមមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពទូទៅរបស់យើងដូចជា ជួយដល់សុខភាពខួរក្បាល សុខភាពប្រដាប់រំលាយអាហារ ជាពិសេសការពារយើងពីការកើតជំងឺបេះដូងបានទៀតផង។ សារធាតុពិសេសម្យ៉ាងដែលមានផ្ទុកក្នុងខ្ទឹម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការកើនឡើងសម្ពាធឈាម និងជួយកាត់បន្ថយបរិមាណកូលេស្រ្តរ៉ុលមិនល្អតាមសរសៃឈាម។

កត្តាទាំងពីរនេះជាដើមហេតុនៃជំងឺទាក់ទងនឹងបេះដូងជាច្រើនដូចជា ជំងឺក្រិនសរសៃឈាម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺសរសៃឈាមបេះដូងជាដើម។ ដូច្នេះការរួមបញ្ចូលខ្ទឹមក្នុងរបបអាហាររបស់អ្នក នឹងជួយការពារអ្នកពីការវិវឌ្ឍន៍នៃជំងឺបេះដូងបាន។

២. ស្ពៃខាត់ណា

ស្ពៃខាត់ណា ជាប្រភេទបន្លែបៃតងដែលផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពជាពិសេសជាថ្នាំធម្មជាតិធ្វើឲ្យសុខភាពបេះដូងកាន់តែប្រសើរ។ បន្លែនេះសំបូរសារធាតុសរសៃ និងវីតាមីនជាច្រើនប្រភេទដែលល្អសំរាប់ប្រព័ន្ធរបត់ឈាម និងបេះដូង។ សារធាតុសរសៃរបស់ខាត់ណាអាចទៅភ្ជាប់ជាមួយកូលេស្តេរ៉ុលមិនល្អដែលមានតាមសរសៃឈាម។

នេះធ្វើឲ្យសារធាតុកូលេស្តេរ៉ុលងាយរបូតនិងហូរទៅច្រោះនៅតម្រងនោមឬថ្លើម ដែលធ្វើឱ្យបរិមាណកូលេស្តេរ៉ុលធ្លាក់ចុះ។ ម្យ៉ាងវិញទៀតសារធាតុពិសេសម្យ៉ាងទទួលបានពីខាត់ណាជួយពង្រឹងសរសៃឈាម ដោយវាអាចប្រឆាំងនឹងការរលាកខូចខាតសរសៃដោយសារកត្តាមួយចំនួនដូចជាបរិមាណជាតិស្ករខ្ពស់ក្នុងឈាម។

ដូច្នេះអ្នកគួររួមបញ្ចូលប្រភេទបន្លែមួយនេះជារៀងរាល់ថ្ងៃក្នុងរបបអាហាររបស់អ្នក បើអ្នកចង់ឲ្យសុខភាពបេះដូងល្អប្រពៃ។

៣. ស្រាក្រហម

អ្នកមានដឹងទេថាការពិសាស្រាក្រហម១កែវក្នុង១ថ្ងៃ ផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព។ ស្រាក្រហមមានផ្ទុកសារធាតុកំចាត់ជាតិពុល ប្រឆាំងនឹងការខូចខាតនៃកោសិកាក្នុងខ្លួនយើងបើសិនជាហូបក្នុងបរិមាណសមរម្យ (១កែវ)។

វាមានផ្ទុកសារធាតុពិសេសម៉្យាងជួយបង្កើនបរិមាណកូលេស្តេរ៉ុលល្អក្នុងឈាម   ជួយកំចាត់ចោលកូលេស្តេរ៉ុលមិនល្អដែលតោងតាមជញ្ជាំងសរសៃឈាមនិងជាដើមហេតុនៃជំងឺសរសៃបេះដូង និងបញ្ហាគាំងបេះដូង។

ដូច្នេះការពិសាស្រាក្រហម១កែវនឹងជួយការពារអ្នកពីការវិវឌ្ឍន៍នៃជំងឺបេះដូងបាន។

៤. ផ្លែក្រូច

ផ្លែក្រូចសំបូរដោយវីតាមីនC សារជាតិសរសៃ ជាពិសេសសារធាតុប៉ូតាស្យូម ដែលសារធាតុទាំងអស់នេះសុទ្ធតែជួយដល់សុខភាពបេះដូង។

អ្នកដឹងទេថាសារធាតុប៉ូតាស្យូមជាពពួកអេឡិចត្រូលីតមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ដំណើរការនៃលំហូរចរន្តអគ្គិសនីដែលមានក្នុងខ្លួនយើង ហើយចរន្តអគ្គិសនីនេះឯងដែលធ្វើឲ្យមានចលនាកន្ត្រាក់របស់បេះដូង។

ក្រៅពីនេះសារធាតុប៉ូតាស្យូមដែលទទួលបានពីការហូបផ្លែក្រូចជួយបន្ថយសម្ពាធឈាម ការពារអ្នកពីជំងឺលើសឈាម ជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង