ផ្ទះប្រជាពលរដ្ឋមួយខ្នង រងការប៉ះពាល់ដោយសារតែបាក់ស្រុតច្រាំងទន្លេនៅឃុំឆ្លូង ស្រុកឆ្លូង

ក្រចេះ៖ ផ្ទះឈើមួយខ្នងទំហំ៨គុណ១២មែត្រ ធ្វើអំពីឈើប្រកស័ង្កសី ដែលសង់នៅលើដីជាប់មាត់ច្រាំងទន្លេមេគង្គ បានរងការប៉ះពាល់ក្រោយពីបានជួបនឹងហេតុការណ៍បាក់ស្រុតច្រាំងទន្លេមួយកន្លែង នៅចំណុចភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ នេះបើយោងតាមការចេញផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

លោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ អធិការនគរបាលស្រុកឆ្លូង បានប្រាប់ឱ្យដឹងថា ស្រ្តីជាម្ចាស់ផ្ទះមានឈ្មោះ ប៉ែន ស៊ីរ៉ា អាយុ៥១ឆ្នំា។ ហើយក្នុងហេតុការណ៍បាក់ស្រុតច្រំាងទន្លេដែលបង្កឱ្យប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ក្រៅពីមានផ្ទះប្រជាពលរដ្ឋមួយខ្នងបានរងការខូចខាតដោយសារការបាក់ស្រុតច្រាំង។

អធិការនគរបាលស្រុកឆ្លូង បានបញ្ជាក់បន្ថែមថា ស្រុកឆ្លូង ជាស្រុកមួយដែលមានទីតាំងលាតសន្ធឹងជាប់នឹងដងទន្លេមេគង្គ ទើបធ្វើឱ្យស្រុកមួយនេះ តែងតែប្រឈមទៅការបាក់ច្រាំងនារដូវទឹកសម្រក។ ទន្ទឹមនឹងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋមានចំនួនច្រើននៅតាមច្រាំងទន្លេ ទើបរាល់ពេលមានឧបទ្ទវហេតុបាក់ច្រាំងទន្លេ តែងតែបង្កជាមហន្តរាយដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់៕

 

អត្ថបទដែលជាប់ទាក់ទង