អត្ថប្រយោជន៍នៃផ្កាឡាវែនឌឺ ចំពោះសុខភាពដែលយើងពុំដឹង!

ផ្កាឡាវែនឌឺ ជាផ្កាក្រអូបមួយប្រភេទ ដែលមានប្រភពមកពី ប្រទេសអាហ្វ្រិកខាងជើង និងជាប្រភេទផ្កាភ្នំ។ ដោយសារក្លិនរបស់ផ្កានេះល្បីត្រូវបានគេប្រើប្រាស់សម្រាប់បណ្តេញមូស ព្រោះមូសស្អប់ក្លិននេះណាស់ ប៉ុន្តែចំពោះច្រមុះមនុស្សយើង វាផ្តល់នូវក្លិនដ៏ក្រអូបបន្សាយ ពាសពេញបរិយាកាស និងអាចដាក់លម្អបានទៀតផង។

ការសិក្សាស្រាវជ្រាវមួយចំនួនបានឱ្យដឹងថា ក្លិនដ៏ក្រអូបរបស់ផ្កានេះ មិនត្រឹមតែមិនធ្វើឱ្យឈឺក្បាលនោះទេ វាទាំង ជួយកាត់បន្ថយនូវបញ្ហាស្ត្រេស បញ្ហាដេកមិនលក់ និង ជួយបន្្ធូរនូវអារម្មណ៍មួរម៉ៅ និងហ្មងសៅទៀតផង។ គួរទិញរកផ្កា ឡាវែនឌឺ(Lavender) ដាក់ក្នុងបន្ទប់ ដើម្បីសុខភាពខួរក្បាលរបស់លោកអ្នក។

ក្រៅពីនេះផ្កានេះក៏ត្រូវបានគេចំរាញ់ធ្វើជាប្រេងសម្រាប់ប្រើប្រាស់ ដែលផ្តល់នូវអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាពទៀតផង។ ការប្រើប្រាស់ប្រេងនៃផ្កាឡាវែនឌឺលាបលើស្បែក ត្រូវបានគេនិយមថា ផ្តល់នូវសារៈប្រយោជន៍ចំពោះស្បែក ព្រោះវាមាននូវសារធាតុអង់ទីស៊ីបទិចប្រឆាំងនឹងមេរោគ និងសារធាតុប្រឆាំងនឹងការរលាកមួយចំនួនទៀតផង។ គេក៏អាចប្រើប្រាស់វាសម្រាប់ ព្យាបាលលើមុខរបួសរលាក និងសត្វទិចជាដើម។

ការសិក្សាមួយចំនួនផ្សេងទៀត ក៏បានឱ្យដឹងថា ការប្រើប្រាស់ស្លឹកនៃផ្កាឡាវែនឌឺ ធ្វើជាតែក្តៅអ៊ុន ផឹកជាប្រចាំ បានជួយសម្រួលដល់បញ្ហានៃប្រព័ន្ធរំលាយអាហារ ដូចជា បញ្ហាក្អួត ចង្អោរ ឆ្អល់ពោះ និងហើមពោះជាដើម។

លើសពីនេះទៅទៀត វាមាននូវអត្ថប្រយោជន៍ដ៏ពិសេសក្នុងការប្រឆាំង នឹងបញ្ហាជ្រុះសក់ទៀតផង។ ការស្រាវជ្រាវមួយបានប្រាប់ឱ្យដឹងថា ការប្រើប្រាស់នូវផលិតផលប្រេងនៃផ្កាឡាវែនឌឺ បានជំរុញដល់ការលូតលាស់នៃកោសិកាសក់បានរហូតដល់ ៤៤ភាគរយ ឯណោះក្រោយប្រើប្រាស់វាត្រឹមតែ៧ខែប៉ុណ្ណោះ។

ដូច្នេះផ្កាឡាវែនឌឺ មិនត្រឹមតែផ្តល់នូវក្លិនក្រអូបតែមួយមុខទេ  តែក្លិនរបស់វាអាចជួយបណ្តេញសត្វមូសយ៉ាងមានប្រសិទ្ធភាពខ្លាំង ជាពិសេសវាផ្តល់នូវអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើនទៀតផង រាប់តាំងពីការដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ និងបញ្ហាជ្រុះសក់ជាដើមទៀតផង៕

អត្ថបទដែលជាប់ទាក់ទង