សហរដ្ឋអាមេរិកសម្រេចផ្ដល់ថវិកាចំនួន ២០ម៉ឺនដុល្លារ សម្រាប់ជួសជុលជណ្តើរបុរាណផ្នែកខាងជើង របស់ប្រាសាទព្រះវិហារ ដែលកំពុងមានសភាពទ្រុឌទ្រោមឱ្យមានភាពប្រសើរឡើងវិញ

ព្រះវិហារ៖ សហរដ្ឋអាមេរិកបានសម្រេចផ្ដល់ថវិកាចំនួន២០ម៉ឺនដុល្លារ ជួយជួសជុលជណ្តើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ដែលកំពុងមានសភាពទ្រុឌទ្រោមឱ្យមានភាពប្រសើរឡើងវិញ ក្នុងគោលបំណងចូលរួមអភិរក្សទុកជាមរតកមនុស្សគ្រប់ជំនាន់។ គម្រោងនេះនឹងត្រូវបានអនុវត្តន៍ដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងមានការចូលរួមពីអ្នកជំនាញការជាតិ និងអន្តរជាតិនៅក្នុងដំណាក់កាលទី១ រហូតដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីគម្រោងជំនួយនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយស្ថានទូតអាមេរិកនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ឯកឧត្តម វីលៀម ហៃ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា មានប្រសាសន៍ថា កិច្ចព្រមព្រៀងដែលចុះហត្ថលេខា នាពេលនេះ មានចំនួន២ ដោយផ្តោតកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌នៅប្រទេសកម្ពុជា ក្នុងនោះទាក់ទងនឹង «ការដាក់កម្រិតហាមប្រាមនូវការនាំចូលប្រភេទវត្ថុបុរាណរបស់ប្រទេសកម្ពុជា» សម្រាប់រយៈពេល៥ឆ្នាំ ២០១៨-២០២៣ និងការផ្តល់ថវិកាពីមូលនិធិឯកអគ្គរដ្ឋទូត សម្រាប់ការអភិរក្សវប្បធម៌ ឆ្នាំ២០១៨ ដែលបានយល់ព្រមហើយ រវាងក្រសួងការបរទេសសហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកនៅភ្នំពេញ ដែលមានទឹកប្រាក់ចំនួន ២០ម៉ឺនដុល្លារ សម្រាប់ការអភិរក្សជណ្តើរបុរាណផ្នែកខាងជើងរបស់ប្រាសាទព្រះវិហារ ដែលត្រូវបានសង់តាំងពីសតវត្សទី១១។

ឯកឧត្តម បានបន្តថា អនុស្សរណៈ នៃការយោគយល់នេះ មានបំណងកាត់បន្ថយការលួចវត្ថុបុរាណ ដែលតំណាងឱ្យកេរដំណែលវប្បធម៌ដ៏មានតម្លៃ និងសម្បូរបែបរបស់កម្ពុជា ដ៏មានតម្លៃមិនអាចរកអ្វីជំនួសបាន។ ជាមួយគ្នាដែរ តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សា និងចែករំលែកព័ត៌មាន ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការជីកគាស់កកាយដែលគ្មានការអនុញ្ញាត ការលួចសម្បត្តិវប្បធម៌ ការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌ និងការគំរាមកំហែងដទៃទៀត ដែលធ្វើឱ្យគ្រោះថ្នាក់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការជួយជ្រោមជ្រែងនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញា និងការខិតខំ ដើម្បីសហការគាំទ្រថែរក្សាបេតិកភណ្ឌវប្បធម៌ខ្មែរ សម្រាប់ប្រយោជន៍ដល់ប្រជាជនខ្មែរ សហគមន៍អន្តរជាតិ និងសម្រាប់អ្នកជំនាន់ក្រោយ។ សូមបញ្ជាក់ថា ជណ្តើរបុរាណខាងជើង ជាជណ្តើរមួយយ៉ាងសំខាន់ក្នុងចំណោមជណ្តើរ និងផ្លូវដើរដែលបានតភ្ជាប់មកខ្លោងទ្វារគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។ កាលពីសម័យអង្គរចន្លោះសតវត្សរ៍ទី៩ និងទី១២ ជណ្តើរនេះប្រហែលជាមានតួនាទីសំខាន់ទាក់ទងទៅនឹងជំនឿសាសនាហិណ្ឌូ និងបម្រើដល់សហគមន៍ខ្មែរបុរាណរស់នៅភាគខាងជើងក្នុងការមកគោរពប្រតិបត្តិសាសនាខាងលើ។

ជណ្ដើរបុរាណខាងជើងសណ្ដូកពីត្បូងទៅជើងស្របតាមអ័ក្សប្រាសាទតភ្ជាប់ពីស្ពានហាលដែលមានបង្កាន់ដៃនាគ ស្ថិតនៅពីមុខខ្លោងទ្វារគោបុរៈទី៥ ផ្នែកខាងជើងមានរយៈកម្ពស់ធៀបនឹងផ្ទៃទឹកសមុទ្រចន្លោះពី ៥៦៩ម៉ែត្រ និង៥៣០ម៉ែត្រ។ ជណ្ដើរនេះស្ថិតនៅលើល្បាក់ភ្នំដែលមានជម្រាលពីលើទៅក្រោម ៣៩ម៉ែត្រ មានបណ្ដោយប្រវែង ១១០ម៉ែត្រ និងទទឹងមានទំហំចាប់ពី ៩ម៉ែត្រ ទៅ១១ម៉ែត្រ។ បន្ទាប់ពីបោះបង់ចោល និងគ្មានការថែរក្សាជាច្រើនសតវត្សមក បណ្តាលឱ្យជណ្តើរនេះទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយធម្មជាតិ និងមនុស្សនាពេលកន្លងមក៕

អត្ថបទដែលជាប់ទាក់ទង