ក្រុងព្រះវិហារ​ចាប់ផ្តើមសាងសង់ផ្លូវភ្លោះ​ មានសួនច្បារ ដាំដើមឈើ​ ស្មៅ​ និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ​

ព្រះវិហារ៖ ដើមឡើយខេត្តព្រះវិហារ គឺជាខេត្តមួយនៅតំបន់ដាច់ស្រយាល តែសម្រាប់ពេលបច្ចុប្បន្ននេះ ខេត្តព្រះវិហារ មិនមែនជាខេត្តនៅតំបន់ដាច់ស្រយាលទៀតនោះទេ ដោយសារតែខេត្តមួយនេះ បានបង្កើតឱ្យមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនពិសេស គឺផ្លូវតភ្ជាប់ ទៅកាន់ខេត្តមួយនេះមានលក្ខណៈល្អប្រសើរងាយស្រួលក្នុងការធ្វើដំណើរ។

ក្រៅពីនេះ នៅក្នុងទីរួមខេត្តព្រះវិហារ ក៏បានរៀបចំឱ្យមានសោភ័ណភាពគួរជាទីទាក់ទាញផងដែរ ដូចជាការស្ថាបនាឱ្យមានជាសួនច្បារ រង្វង់មូល និងសួនកុមារដែលបំពាក់ដោយឧបករណ៍សម្រាប់ឱ្យកូនក្មេងលេងជាដើម។

ស្របជាមួយគ្នានោះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដឹកនាំដោយលោក សំ លាងទ្រី ជាប្រធាន តាមណែនាំពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលព្រះវិហារ បាននឹងកំពុងធ្វើសកម្មភាពសាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារមួយខ្សែថែមទៀត​ ដោយរៀបចំឱ្យទៅជាសួនពុះទ្រូងផ្លូវ​ រួមទាំងការដាំដើមឈើ​ ដាំស្មៅ​ និងបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ​នៅលើសួនកណ្តាលទ្រូងនេះថែមទៀត។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ការដ្ឋាន​សាងសង់ផ្លូវភ្លោះក្នុងក្រុងព្រះវិហារ​នេះ មានប្រវែង​ ២​១៧០ម៉ែត្រ ទទឺងសួនពុះចែកទ្រូងផ្លូវនេះមានទំហំ ១ម៉ែត្រ៤តឹក មានដាំដើមឈើ​ ដាំស្មៅ​ បំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ LED និងមានផ្លូវសងខាង ១៨ម៉ែត្រ រួមទាំងដាក់ខឿនសងខាង នៃចិញ្ចើមផ្លូវផងដែរ។ កំណាត់ផ្លូវនេះ បើទោះបីជាទៅមុខ១០ឆ្នាំទៀត ក៏មិនមានការកកស្ទះចរាចរណ៍ដែរ។ ក្រោយការស្ថាបនាសួនច្បារពុះចែកទ្រូងផ្លូវនេះរួច ក្រុងព្រះវិហារនឹងបង្អួតសម្រាស់មួយកម្រិតទៀតហើយ៕

អត្ថបទដែលជាប់ទាក់ទង