ប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង​ កោតសរសើរពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ

បារាំង៖ គណៈកម្មការអចិន្រៃ្តយ៍សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៨៨ និងកិច្ចប្រជុំពេញអង្គរបស់ AIMF លើកទី៣៨ បានដំណើរការចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងលីល ប្រទេសបារាំង។ លោកជំទាវ អាន អ៊ីដាលហ្គោ បានថ្លែងកោតសរសើរពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញយ៉ាងឆាប់រហ័ស និងវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់ ឯកឧត្តម ឃួង ស្រេង និងគណៈប្រតិភូរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមក្នុងមហាសន្និបាត AIMF ប្រចាំឆ្នាំនាពេលនេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាសមាជិកអចិន្ត្រៃយ៍របស់សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានដឹកនាំមន្ត្រីសំខាន់ៗ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាព លោកជំទាវ អាន អ៊ីដាលហ្គោ អភិបាលក្រុងប៉ារីស និងជាប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងកីឡា ប្រទេសបារាំងផងដែរ ក្នុងគោលបំណងផ្តោតទៅលើប្រធានបទដែលពាក់ពន្ធ័នឹងកីឡា ដូចជា កីឡា សុខភាព ឬបំពេញឱ្យគ្នា កីឡា ការបង្កើតថ្មី និងការអភិវឌ្ឍមូលដ្ឋាន,ទីក្រុង និងព្រឹត្តិការណ៍កីឡាអន្តរជាតិខ្នាតធំ។

មន្ត្រីដដែល បានបន្តថា មានរបៀបវារៈជាច្រើនត្រូវបានលើកយកពិភាក្សា និងអនុម័តមានការធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិក, អនុម័តកំណត់ហេតុអង្គសន្និបាត AIMF លើកទី៣៧, របាយការណ៍ស្ដីពីសកម្មភាពរបស់ AIMF ក្នុងឆ្នាំ២០១៧, របាយការណ៍នៃការអនុវត្តថវិកាឆ្នាំ២០១៧ និងបទបង្ហាញអំពីគណនេយ្យ, របាយការណ៍សវនករ, ការអនុម័តលើគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៧, គំរោងចំណាយនានាលើការឧបត្ថម្ភដល់ទីក្រុង នីមួយៗជាសមាជិក AIMF។

តំណាងទីក្រុងនានា បានលើកឡើងពីបញ្ហាប្រឈមដែលខ្លួនជួបប្រទះព្រមទាំងមានការបោះឆ្នោតជ្រើសរើសកីឡាការិនីឆ្នើមផងដែរ។ ក្នុងពេលនោះ ប្រតិភូរាជធានីភ្នំពេញបានធ្វើបទអន្តរាគមដែលបង្ហាញពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ក៏ដូចការរីកចម្រើនលើវិស័យកីឡាដែលយើងបានកសាងឡើងពីបាតដៃទទេ ពីគំនរផេះផង់ដែលបន្សល់ទុកពីរបបប្រល័យពូជសាសន៍។

ក្នុងបទអន្តរាគមន៍ ឯកឧត្តម ឃួង ស្រេង បានលើកឡើងពីកិច្ចសហការល្អប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយធ្វើឱ្យមានលទ្ធភាពពេញលេញចូលរួមពិភាក្សា និងផ្តល់យោបល់ ដើម្បីរៀបចំកសាងសេចក្តីព្រាងគោលនយោបាយ និងយន្តការនានាព្រមទាំងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ របស់សមាគម ទុកជាប្រយោជន៍ដល់បុព្វហេតុ នៃហ្វ្រង់កូហ្វូនី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការរៀបចំបែបផែនអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ របស់បណ្តាសមាជិកសមាគមនាពេលអនាគត ឱ្យដើរឆ្ពោះទៅរកវឌ្ឍនភាពលើគ្រប់វិស័យដោយចីរភាព។

ឯកឧត្តម ឃួង ស្រេង បានស្នើសុំដល់អង្គសន្និបាតឱ្យគាំទ្ររាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាត AIMF នាឆ្នាំ២០១៩ខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង