ប្រទេសចិនគ្រោងនឹងបង្កើតមជ្ឈមណ្ឌលពិនិត្យ​ និងព្យាបាលជម្ងឺ នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោក តាំង ជីនហាយ (Tang Jinhai) ប្រធានមន្ទីរពេទ្យខេត្តជាំងស៊ូ (Jiangsu) ប្រទេសចិន បានថ្លែងថា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យសុខមាលភាពប្រជាពលរដ្ឋកម្ពុជា ប្រទេសចិននឹងបញ្ជូនមន្រ្តីសុខាភិបាលរបស់ខ្លួនមួយក្រុមទៅធ្វើការពិភាក្សាជាមួយក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ ក្នុងការបង្កើតមជ្ឈមណ្ឌលមួយកន្លែងសម្រាប់ទទួលពិនិត្យ និងព្យាបាលប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះសីហនុ។

ការបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បីបន្តពង្រីកកិច្ចសហប្រតិបតិ្តការប្រទេសក្នុងតំបន់ និងដើម្បីបន្តជំរុញ ការលើកកម្ពស់ការអភិវឌ្ឍប្រទេសកម្ពុជាស្របតាមគំនិតផ្តួចផ្តើមផ្លូវមួយ ក្រវ៉ាត់មួយ ដែលឯកឧត្ដម ស៊ី ជិនពីង ប្រធានាធិបតីចិនបានដាក់ចេញ។

នៅក្នុងដំណាក់កាលនោះដែរ មជ្ឈមណ្ឌល​នឹងបន្តធ្វើការពិភាក្សាក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកស្រាវជ្រាវ ដល់មន្រ្តីសុខាភិបាលកម្ពុជា ដោយបញ្ជូនមន្រ្តីពេទ្យខេត្តរបស់ចិន ដែលមានឯកទេសខាងជម្ងឺបេះដូង សសៃឈាម មហារីក ផ្នែកជម្ងឺគ្រុនចាញ់ មកកាន់ប្រទេសកម្ពុជា និងស្នើឱ្យមានការផ្លាស់ប្តូរមន្រ្តីពេទ្យកម្ពុជាទៅទទួលការបណ្តុះបណ្តាលនៅប្រទេសចិនតាមរយៈការទំនុកបម្រុងរបស់រដ្ឋាភិបាលចិនផងដែរ។

លោក តាំង ជីនហាយ (Tang Jinhai) បានបន្តថា នៅឆ្នាំ២០១៥ កន្លងមក ដោយមានការគាំទ្រពីរដ្ឋាភិបាលចិន មន្ទីរពេទ្យបានបញ្ជូនមន្រ្តីពេទ្យប្រមាណ ៩០នាក់ និងគ្រឿងបរិក្ខាពេទ្យមកកាន់ប្រទេសកម្ពុជា ដើម្បីពិនិត្យ និងព្យាបាលប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៣.០០០នាក់ រួចហើយ ហើយនៅឆ្នាំ២០១៧ មន្ទីរពេទ្យខេត្តបានយកថ្នាំពេទ្យ និងសម្ភារមួយចំនួន រួមទាំងគ្រែអ្នកជម្ងឺចំនួន២០០ ជូនដល់មន្ទីរពេទ្យនៅកម្ពុជាផងដែរ។

លោក ឈិន ប៉ីហួរ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា ដែលបានដឹកនាំក្រុមអ្នកកាសែតកម្ពុជាទៅកាន់ប្រទេសចិន បានថ្លែងក្នុងឱកាសនោះដែរថា សម្រាប់ការបង្កើតកម្មវិធីទស្សនកិច្ចសិក្សារបស់អ្នកសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា គឺដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងប្រទេសទាំងពីរកម្ពុជា និងចិនឱ្យកាន់ស៊ីជម្រៅនិងរឹងមាំថែមទៀតលើគ្រប់វិស័យ និងដើម្បីអ្នកសារព័ត៌មានកម្ពុជា បានពាំនាំពីការរីកចម្រើន នៃប្រទេសទាំងពីរ ផ្សព្វផ្សាយជូនប្រជាពលរដ្ឋបានជ្រួតជ្រាបផងដែរ។

​សូមបញ្ជាក់ថា ការសន្យានេះត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកយកព័ត៌មានព្រះរាជាណាចក្រកម្ពុជា ​ចូលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីនៅក្នុងមន្ទីរពេទ្យខេត្តជាំងស៊ូ Jiangsu នៃប្រទេសចិនកាលពីពេលថ្មីៗនេះ៕

អត្ថបទដែលជាប់ទាក់ទង