កម្ពុជា-ថៃគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធជ្រើសរើសពលករតាម Online នៅចុងឆ្នាំនេះ

ភ្នំពេញ៖ កម្ពុជា-ថៃគ្រោងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ជ្រើសរើសពលករតាម Online នៅចុងឆ្នាំនេះ ដើម្បីសម្រួលភាពងាយស្រួលក្នុងការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ មានភាពរហ័យ និងអាចកាត់បន្ថយការចំណាកស្រុក។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការពារ និងគ្រប់គ្រងពលករកម្ពុជាធ្វើការនៅព្រះរាជាណាចក្រថៃ រវាងសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជា សមាគមជ្រើសរើសពលករកម្ពុជា និងសមាគមទំនាក់ទំនង កម្ពុជា-ថៃ នៅសណ្ឋាគារ ដឹក្រេដឌូក រាជធានីភ្នំពេញ នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ការដាក់ឱ្យដំណើរការប្រើប្រាស់ប្រព័ន្ធអនឡាញនេះ ដើម្បីសម្រួលដល់ដំណើរការបញ្ជូន និងទទួលពលករបានស្រួលកាត់បន្ថយពេលវេលាយ៉ាងច្រើន ជាពិសេសភាគីថៃនឹងកាត់បន្ថយរយៈពេលពីប្រមាណ ៣ខែ មកត្រឹម ២សប្តាហ៍ ចាប់ពីការស្នើសុំការប្រើប្រាស់ពលករបរទេស (កូតា) ដល់ការបញ្ជូនពលករមកធ្វើការព្រមទាំងកាត់បន្ថយបែបបទឯកសារដោយប្រើប្រាស់តាមប្រព័ន្ធអេឡិច-ត្រូនិកជំនួសវិញ។

ឯកឧត្តម បញ្ជាក់ថា ក្រៅពីការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសថៃ តាមប្រព័ន្ធអនុស្សរណៈយោគយល់គ្នាឱ្យមានភាពរហ័សនេះ ក៏បានបញ្ចៀសការធ្វើអន្តោរប្រវេសន៍ដោយប្រថុយប្រថានគ្មានឯកសារ និងចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែនផងដែរ។

ឯកឧត្តម ស្នើឱ្យសមាគមពិចារណាក្នុងការរៀបចំផ្ទះស្នាក់នៅបណ្តោះអាសន្នសម្រាប់ពលករកម្ពុជានៅតាមតំបន់ក្នុងប្រទេសថៃ ដែលអាចឱ្យពលករកម្ពុជាស្នាក់នៅបណ្តោះអាសន្នក្នុងអំឡុងពេលប្តូរការងារ ឬរង់ចាំការដោះស្រាយវិវាទជាមួយនិយោជក។

សូមញ្ជាក់ អគ្គនាយកដ្ឋានការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងអគ្គនាយកដ្ឋានការងារនៃក្រសួងការងារថៃ កំពុងធ្វើការសាកល្បងកម្មវិធី (Testing) ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការបញ្ជូន និងទទួលពលករតាមប្រព័ន្ធអនឡាញ (MOU Online) ដែលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ៕

 

អត្ថបទដែលជាប់ទាក់ទង