តើការទទួលបានឯករាជ្យជាតិ រំលេចឱ្យឃើញពីភាពជោគជ័យរបស់កម្ពុជាយ៉ាងដូចម្តេចខ្លះ?

រយៈពេល ៩០ឆ្នាំ ដែលប្រទេសកម្ពុជាធ្លាក់ទៅក្នុងនឹមអាណានិគមបារាំង មិនថាទាំងការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត គឺសុទ្ធសឹងតែត្រូវបានគេគាបសង្កត់យ៉ាងធ្ងន់ធ្ងរ ដោយបារាំងបានដាក់កំហិតខ្លាំងទៅលើការទារពន្ធដារក្នុងតម្លៃខ្ពស់ពីប្រជាជនខ្មែរ។

បើគិតចាប់ពី ឆ្នាំ១៨៦៣ រហូតមក ឆ្នាំ១៩៥៣ ដែលកម្ពុជារួមគ្នាក្រោកឡើងតស៊ូរហូតទទួលបានឯករាជ្យភាពពេញលេញនោះ គឺប្រជាជននៃប្រទេសមួយនេះ បានស្ថិតក្នុងកណ្តាប់ដៃនៃការត្រួតត្រារបស់បារាំងអស់រយៈកាលជិតមួយសតវត្សទៅហើយ ។ ការដាក់អាណានិគមមកលើទឹកដីខ្មែរនេះដែរ គឺបារាំងបានកំណត់នូវគោលការណ៍យ៉ាងកំហិត មាន ៣ ដំណាក់កាល ដែលក្នុងនោះ ក៏មានការជំរិតទារពន្ធដារសព្វគ្រប់បែបយ៉ាងទៅលើប្រជាជនកម្ពុជាទាំងមូល។

ខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ដែលបារាំងបានដាក់ទណ្ឌកម្ម ខ្លាំងជាងគេនោះ រួមមានខេត្តកំពង់ឆ្នាំងមួយផងដែរ ជាខេត្តរងនូវអំពើអសីលធម៌ក្រោមការដឹកនាំផ្តាច់ការរបស់មេដឹកនាំជនជាតិបារាំងម្នាក់ ឈ្មោះ រេស៊ីដង់ បាដេស ។

គ្រានោះប្រជាជនកម្ពុជា បានក្រោកឈរប្រយុទ្ធប្រឆាំងនឹងរបបសក្ដិភូមិ រហូតដល់មានការប្រទូសរ៉ាយហិង្សា ឈានទៅសម្លាប់ លោក បាដេស នៅភូមិក្រាំងលាវ ឃុំក្រាំងលា ស្រុករលាប្អៀង ខេត្តកំពង់ឆ្នាំង នាថ្ងៃ១៨ មេសា ១៩២៥ , ហើយមិនប៉ុន្មានផង ពួកបារាំបានដាក់ឈ្មោះ ភូមិក្រាំងលាវរបស់កម្ពុជា ជាភូមិតិរច្ឆាន។
ព្រឹត្តិការណ៍ដ៏គួរឱ្យឈឺចាប់របស់ពលករខ្មែរអំឡុងនោះ បានដាស់ស្មារតីប្រជាជនខ្មែរឱ្យពូនផ្ដុំជាកម្លាំងភ្ញាក់រឭក ស្នេហាជាតិ តស៊ូប្រឆាំងនឹងពួកត្រួតត្រាជិះជាន់ ដើម្បីរំដោះជាតិ រហូតទទួលបានជ័យជំនះ គឺឯករាជ្យពេញលេញ នៅថ្ងៃទៅ០៩ ខែវិច្ឆិកា ឆ្នាំ១០៥៣ ដោយគ្មានការជិះជាន់ គាបសង្កត់ យកពន្ធដារឥតមេត្តានៃមេដឹកនាំបារាំងទៀតឡើយ គឺកម្ពុជាមានសិទ្ធិពេញលេញ ក្នុងការកសាង ស្ថាបនាប្រទេសជាតិ ដោយខ្លួនឯង។

ជាការពិតណាស់ ពាក្យថា ឯករាជ្យជាតិនេះ គឺពិតជាមានអត្ថន័យជ្រាលជ្រៅខ្លាំងណាស់សម្រាប់ប្រទេសដែលធ្លាប់ធ្វើជានឹមក្រោមការត្រួតត្រារបស់ជាតិសាសន៍ដទៃ។ គិតចាប់ពីឆ្នាំ១៩៥៣ មកដល់ឆ្នាំ២០១៨ នេះ គឺជាខួបគម្រប់៦៥ឆ្នាំហើយនៃពិធីបុណ្យឯករាជ្យជាតិ ។ … វាហាក់ដូចជាមួយរំពេចសោះ ស្រាប់តែ ៦៥ឆ្នាំ បានកន្លងផុតទៅ … ស្នាមញញឹមរបស់ប្រជាជនកម្ពុជានាពេលនេះ គឺជាស្នាមញញឹមដែលរលឹកទៅដល់ ការបង្ខិតបង្ខំ បង្ខាំងសេរីភាពនៃដង្ហើមរស់នៅ។

ការទទួលបានឯករាជ្យពីបារាំង គឺសបញ្ជាក់ឱ្យឃើញពីភាពជោគជ័យរបស់កម្ពុជា ដែលតស៊ូជំនះរួចផុតពីរបបសក្ដិភូមិ ការដឹកនាំផ្តាច់ការរបស់បារាំង ហើយដែលការជោគជ័យនេះ ស្មើនឹងកម្ពុជាទាំងមូលមានជីវិតរស់ឡើងវិញ រួមគ្នាកសាងប្រទេស ចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាមន្ត្រីគ្រប់លំដាប់ថ្នាក់ រហូតមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ។

ស្តែងចេញពី ពិធីបុណ្យឯករាជ្យជាតិនេះ គឺកម្ពុជាទាំងមូល បានបង្ហាញនូវ អធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធិសេរីភាពយ៉ាងពេញលេញ ឱ្យអន្តរជាតិបានយល់ជ្រួតជ្រាបថា កម្ពុជា គឺជាប្រទេស ស្មើមុខស្មើមាត់ដូចដែលបណ្ដាប្រទេសផ្សេងៗទៀតនៅលើសាកលលោកផងដែរ។
ជាមួយគ្នានេះ ពិធីបុណ្យឯករាជ្យជាតិ របស់កម្ពុជា ក៏បានធ្វើឱ្យប្រជារាស្ត្រខ្មែរទាំងមូល នឹករលឹកទៅដល់គុណូបការៈ ដ៏ថ្លៃថ្លាវិសេស របស់ ព្រះមហាវីរៈមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះបិតាឯករាជ្យជាតិ ដែលបានលះបង់កម្លាំងកាយពលដ៏លំបាក រួមជាមួយអ្នកស្នេហាជាតិជាច្រើនទៀត ក្នុងបុព្វហេតុទឹកដីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង