អភិបាលខេត្តកំពង់ធំ ចុះផ្តល់ស្រូវពូជចំនួន១០០តោន ជូនប្រជាជនដែលមានលទ្ធភាពស្តារឡើងវិញ ដោយជំនន់ទឹកភ្លៀង ក្នុងឆ្នាំ២០១៨នេះ

កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ និងក្រុមការងារគ្រោះមហន្តរាយបានចុះផ្តល់ស្រូវពូជចំនួន១០០តោន ជូនដល់ប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះមហន្តរាយ ជាពិសេសគឺគ្រោះទឹកជំនន់ ដែលបានជនលិចក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ ក្នុងនោះមានស្រុកបារាយ និងក្រុងស្ទឹងសែន។

ថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ឯកឧត្តម សុខលូអភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន។

ថ្ងៃនេះបានចាត់ឱ្យក្រុមការងាររបស់គណកម្មាធិការគ្រោះមហន្តរាយ ដឹកនាំស្រូវពូជ អ៊ីអ៊ែរ ប្រភេទ៥០៤ ចំនួន១០០តោន និងគ្រាប់ពូជបន្លែមួយចំនួនទៀត ផ្តល់ជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងប្រជាពលរដ្ឋដែលមានលទ្ធភាពស្តារឡើងវិញនាពេលទឹកសម្រកនេះ។

ក្នុងនោះប្រជាពលរដ្ឋស្រុកបារាយណ៍ មានចំនួន៤ឃុំ គឺឃុំបារាយណ៍ ឃុំស្រឡៅ ឃុំបឹង និងឃុំត្នោតជុំ ស្មើនិង៩៤១គ្រួសារ ចំណែកនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មានចំនួន៥៩គ្រួសារ ហើយក្នុង១គ្រួសារទទួល ស្រូវពូជចំនួន៤ ការ៉ុង ស្មើនិង១០០គីឡូក្រាម និងគ្រាប់ពូជបន្លែ ២ប្រភេទ គឺត្រសក់និងសណ្តែក។

ឯកឧត្តមបានអំពាវនាវថា បន្ទាប់ពីបងប្អូន ទទួលបានស្រូវពូជ និងគ្រាប់ពូជបន្លែនេះ ហើយសូមបងប្អូន យកទៅបង្កបង្កើតផលនៅលើផ្ទៃរបស់ប្អូនដែលមានស្រាប់ ពីព្រោះថា ពូជស្រូវ អ៊ីអ៊ែនេះ មានភាពសុទ្ធល្អ តម្លៃខ្ពស់ មិនប្រកាន់រដូវ នឹងមានសុពលភាពអាចទុកបានរហូតដល់ទៅជិត៦ខែ។

ឯកឧត្តមបន្ថែមថា បញ្ហាគ្រោះមហន្តរាយ តែងតែកើតមានស្ទើគ្រប់ក្រុង ខេត្ត តែដោយឡែកឆ្នាំ២០១៨នេះ ខេត្តកំពង់ធំ ទទួលរងគ្រោះដោយទឹកជំនន់ចំនួន២ស្រុក គឺស្រុកបារាយណ៍ និងក្រុងស្ទឹងសែនតែមួយភាគតូចប៉ុណ្ណោះ ហើយម្យ៉ាងវិញទៀតនៅដើមរដូវប្រាំងឆ្នាំនេះ អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យទឹកស្រកលឿន បញ្ហានេះអាជ្ញាធខេត្ត និងមន្ទីរពាក់ព័ន្ធ បាននិងកំពុងត្រៀមរួចរាល់ហើយក្នុងការជួយដល់កសិករ។

បើទោះជាមានបញ្ហាជួបគ្រោះទឹកជំនន់កើតមានក្នុងស្រុកមួយចំនួន នៃខេត្តកំពង់ធំក៏ដោយរបាយការពីមន្ទីរកសិកម្មបានបញ្ជាក់ថា ផ្ទៃដីភ្ជួររាល់នារដូវវស្សានេះ មាន២២៣៦៣៧ហិតាភ្ជួរាល់ដោយគ្រឿងយន្តកសិកម្ម ចំនួន២១៧០៣៣ហិតា ស្មើនិង១០៣.៤៦% នៃផែនការនិងចុះប្រមូលផលស្រូវស្រាលបានចំនួន២៩៤៥០ហិកតា ទិន្នផលជាមធ្យម ៤២៧៩គីឡូក្នុង១ហិតា។CSB

 

អត្ថបទដែលជាប់ទាក់ទង