អាវុធហត្ថកម្ពុជា ទទួលបានវិញ្ញាប័ណ្ណបត្រក្នុងការប្រកួតបាញ់ស៊ីប Sniping អន្តរជាតិលើកទី២ នៅប្រទេសចិន

អ្នកប្រយុទ្ធដែលជាកម្លាំងអាវុធហត្ថរបស់កម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមប្រកួតបាញ់ស៊ីប ( Sniping ) អន្តរជាតិលើកទី២ នៅប្រទេសចិនវិញ នាដើមខែវិច្ឆិការ ឆ្នាំ២០១៨ នេះ ត្រូវបានមន្ត្រីអាវុធហត្ថរាជធានីភ្នំពេញ ឱ្យដឹងថា ក្នុងចំណោមពួកគេ ៤រូប ដែលចូលរួមប្រកួតនោះ គឺមាន២រូប ទទួលបានវិញ្ញាប័ណ្ណបត្រ « Sharp Blade-2018 International Sniping Competion » នៃពានរង្វាន់ Special Contribution Award និងពានរង្វាន់ United Striving Award ។

សូមបញ្ជាក់ថា កាលពីខែមុន នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់នាយអាវុធហត្ថ៤រូប នៃកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ឱ្យចូលរួមប្រកួតបាញ់ស៊ីប Sniping អន្តរជាតិលើកទី២នៅប្រទេសចិន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

ការប្រកួតបាញ់ស៊ីបអន្តរជាតិនេះ គឺរៀបចំឡើងដោយកងកម្លាំងប៉ូលិសប្រដាប់អាវុធប្រជាជនចិន (PAP) និងមានក្រុមអ្នកប្រយុទ្ធជាង ១០០ នាក់មកពីប្រទេសចំនួន ២១ បានចូលរួម ក្នុងនោះមាន ៖ ប្រទេសចិន, កម្ពុជា, ឈីលី, បេឡារុស្ស, កាហ្សាក់ស្ថាន, គុយវ៉េត, កៀហ្សីស្ថាន, ថៃ, សាធារណៈរដ្ឋអាហ្វ្រិកកណ្តាល, តាជីគីស្ថាន, ប៉ាគីស្ថាន, ហ្វីលីពីន, ស្រីលង្កា, អេស៉្បាញ, អ៊ូសបេគីស្ថាន, ហូល្លង់, ម៉ាសេដូន, ជីប៊ូទី, ហុងគ្រី, អ៊ីស្រាអែល, វៀតណាម។

ការប្រកួតប្រជែងនេះ មានគោលបំណងបង្កើតវេទិកាមួយ ដែលអាចឱ្យកងកម្លាំងប្រដាប់អាវុធមកពីបណ្តាប្រទេសផ្សេងៗ ធ្វើតេស្តសមត្ថភាព ក្នុងការវិនិច្ឆ័យគោលដៅយ៉ាងលឿន, ត្រឹមត្រូវ និង បាញ់ច្បាស់ ហើយអ្នកប្រយុទ្ធម្នាក់ៗ អាចរៀនសូត្រ ពីគ្នាទៅវិញទៅមក មានការរីកចម្រើនរួមគ្នា ពង្រឹងចំណងមិត្តភាពនិងផ្លាស់ប្តូរទស្សនៈជាមួយសមភាគីមកពីជុំវិញពិភពលោក ។
ការប្រកួតប្រជែងនេះផងដែរ គឺផ្តោតលើលក្ខណៈនៃប្រតិបត្តិការប្រឆាំងភេរវកម្ម ដែលមានចំនួនដប់ពីរព្រឹត្តិការណ៍ ក្នុងការវាយលុកលុយ និងការបាញ់កាំភ្លើងជាក់ស្តែង នៅលើសមរភូមិសិប្បនិម្មិត នៅភ្នំយ៉ន់ហានក្បែរទីក្រុងប៉េកាំង។ វិញ្ញាសារទាំង១២ព្រឹត្តិការណ៍ រួមមាន៖
១- បាញ់ទម្លាក់កាំបិត ក្នុងរយៈចម្ងាយ ៥០ម៉ែត្រ ទៅ ៨០ម៉ែត្រ
២- បាញ់៤កាយវិកា ក្នុងរយៈចម្ងាយ ១០០ម៉ែត្រ ទៅ ១៥០ម៉ែត្រ
៣- បាញ់ស៊ើបការ ក្នុងរយៈចម្ងាយ ១២០ម៉ែត្រ ទៅ ១៥០ម៉ែត្រ
៤- បាញ់បន្លំសម្លេង ក្នុងរយៈចម្ងាយ ១៥០ម៉ែត្រ ទៅ ១៨០ម៉ែត្រ
៥- ក្លែងភេទឆ្មក់បាញ់ ក្នុងរយៈចម្ងាយ ១៦០ម៉ែត្រ ទៅ ២២០ម៉ែត្រ
៦- ក្លែងភេទបាញ់ តទល់ ក្នុងរយៈចម្ងាយ ១៨០ម៉ែត្រ ទៅ ២៤០ម៉ែត្រ
៧- បាញ់គោលដៅសំខាន់ៗ ក្នុងរយៈចម្ងាយ ៣០០ម៉ែត្រ ទៅ ៧០០ម៉ែត្រ
៨- បាញ់រំដោះចំណាប់ខ្មាំង ក្នុងរយៈចម្ងាយ ២៧០ម៉ែត្រ ទៅ ៣៣០ម៉ែត្រ
៩- បាញ់ចម្ងាយឆ្ងាយ ក្នុងរយៈចម្ងាយ ៦០០ម៉ែត្រ ទៅ ៧០០ម៉ែត្រ
១០- ស្វែងរកបាញ់ចម្ងាយឆ្ងាយ ក្នុងរយៈចម្ងាយ ៣០០ម៉ែត្រ ទៅ ៨០០ម៉ែត្រ
១១- បាញ់ប្រយុទ្ធទ្រង់ទ្រាយធំ ឡើងចុះភ្នំចម្ងាយ២៣០០ម៉ែត្រ
១២- បាញ់បិទសាម៉ែលចម្ងាយ ៨០ម៉ែត្រ ទៅ ១៥០ម៉ែត្រ ៕

អត្ថបទដែលជាប់ទាក់ទង