សមត្ថកិច្ចខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ដែលបានធ្វើសកម្មភាពលួចកាច់ក​ ម៉ូតូប្រជាពលរដ្ឋ

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យបានពីរនាក់ ដែលបានធ្វើសកម្មភាពលួចកាច់ក ម៉ូតូប្រជាពលរដ្ឋ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨ ខែវិច្ឆកា ឆ្នាំ២០១៨ វេលាម៉ោង១២និង៥០នាទីថ្ងៃ ជនសង្ស័យបានធ្វើសកម្មភាពលួចកាច់ក ម៉ូតូនៅចំណុចផ្ទះលេខ១៥៣២ ផ្លូវជាតិលេខ៥ ក្រុមទី៩ ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះហូ ឆៃហួ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅកន្លែងកើតហេតុ មុខរបរបុគ្គលិកក្រុមហ៊ុន បន្ទាប់ពីជនរងគ្រោះបានដាក់ពាក្យបណ្តឹង កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានបើកការស្រាវជ្រាវឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងម៉ូតូរបស់ជនរងគ្រោះ នៅម៉ោង១០និង០០នាទីយប់ នៅថ្ងៃខែឆ្នាំដដែល នៅចំនុចផ្លូវបេតុងក្រុមទី៥ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ។

ជនសង្ស័យទី១ មានឈ្មោះយុន ដាមុិច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ មុខរបរ មិនពិតប្រាកដ (មុខសញ្ញាចាស់)មានសារធាតុញៀន។

ជនសង្ស័យទី២ មានឈ្មោះសេង ម៉េង (ហៅ ធី) ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ និងមុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន)។

សម្ភារដកហូតមាន ៖
១/ ម៉ូតូម៉ាកវីវ៉ាស៊េរី២០១២ ពណ៌ក្រហម ពាក់ស្លាកលេខបាត់ដំបង១N-៤០៩១
២/​ សោខ្សៀលេខ០៨ ចំនួនមួយ
៣/ ដែកសំប៉ែតកែឆ្នៃ សំរាប់កាច់សោ​ កម៉ូតូចំនួន១
៤/ ដែកលួសសរសៃមួយកំណាត់ កែឆ្នៃសំរាប់ឆ្កឹះសោចំនួន១ ។

មុនពេលកើតហេតុនៅថ្ងៃទី៨ ខែខែវិច្ឆកា ឆ្នាំ២០១៨ ជនរងគ្រោះបានត្រលប់មកពីកន្លែងធ្វើការវិញដោយទុកម៉ូតូនៅមុខផ្ទះពេលហូបបាយរួចបម្រុងចេញទៅធ្វើការ ក៏ស្រាប់តែបាត់ម៉ូតូតែម្តង។
ជនសង្ស័យត្រូវបានផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនតាមនិតីវិធី ៕ដោយ៖ចំរើន

អត្ថបទដែលជាប់ទាក់ទង