ជនជាតិអាមេរិកម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលនៅក្រុងសៀមរាប ដោយជម្ងឺបេះដូង

សៀមរាប៖ សមត្ថកិច្ចបានឱ្យដឹងថា បុរសជនជាតិអាមេរិកម្នាក់បានដេកស្លាប់ក្នុងបន្ទប់ជួលជាច្រើនថ្ងៃ ដោយសារជម្ងឺសម្ពាធឈាមឡើងខ្លាំង។ ហេតុការណ៍បានបង្កអោយមានភាពភ្ញាក់ផ្អើលកាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរង ទទួលបន្ទុកផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋានខេត្តសៀមរាប បានឱ្យដឹងថា កម្លាំងនគរបាលជំនាញខេត្តបានទទួលព័ត៌មានពីតំណាងម្ចាស់ផ្ទះជួលថា មានករណីជនបរទេសស្លាប់។

ភ្លាមៗនោះកម្លាំងយើងបានចុះទៅដល់កន្លែងកើតហេតុពិនិត្យឃើញថា ជនរងគ្រោះមានឈ្មោះ RIVERS DEAN STEPHEN ភេទ ប្រុស អាយុ៧១ឆ្នាំ ជនជាតិ អាមេរិក កាន់លិខិតឆ្លងដែនលេខ ៥៦៦០៣៤២៨៤ មុខរបរ ចូលនិវត្តន៍ បានដេកស្លាប់នៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោកបន្តថា តាមការសាក សួរតំណាងម្ចាស់ផ្ទះបានឱ្យដឹងថា ដោយមិនឃើញជនរង គ្រោះចេញពីក្នុងបន្ទប់ខ្លួនមានការសង្ស័យក៏បានទៅបើកទ្វារបន្ទប់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ នៅក្នុងបន្ទប់ ហើយខ្លួន ក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង។

លោកបញ្ជាក់ថាផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការបានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់រយៈពេលប្រហែលជាបីថ្ងៃមកហើយ ដោយសារជម្ងឺសំពាធឈាមឡើងខ្លាំងបណ្តាលឱ្យស្លាប់។ លោកបញ្ជាក់ទៀតថា សពត្រូវបានបញ្ជូនទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី)រាជធានីភ្នំពេញ តាមសំណូមពររបស់តំណាងស្ថានទូត៕ ប៊ុនរិទ្ធី

អត្ថបទដែលជាប់ទាក់ទង