ថ្នាក់ដឹកនាំខេត្តកោះកុង ប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជជាតិ និងខួបលើកទី៦៥ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ

កោះកុង៖ អាជ្ញាធរខេត្តកោះកុង នាព្រឹកថ្ងៃទី៩ វិច្ឆិកានេះ បានប្រារព្ធពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៥ ទិវាបុណ្យឯករាជជាតិ និងខួបលើកទី៦៥ ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ នៅទីលានស្តូប។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាពលោក ផៃធូន ផ្លាមកេសន អភិបាលស្តីទី, លោកស្រី ឈុន រ៉ាវុធ អភិបាលរងនៃគណៈអភិបាល ខេត្តកោះកុង, លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត ព្រមទាំងមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករផងដែរ។

លោកអភិបាលស្តីទី បានថ្លែងជូនអង្គពិធីទាំងមូលអំពីព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ របស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ”។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា គឺរំលឹកពលរដ្ឋកម្ពុជា ជាពិសេសយុវជនយុវតីជំនាន់ក្រោយអោយបានយល់ដឹងអំពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីកិច្ចដើម្បីទាមទាឯករាជ្យជាតិ ឱ្យរួចចាកផុតពីនឹមអាណានិគមនិយមបារាំង ជោគជ័យបានទាំងស្រុង នៅថ្ងទី៩វិច្ឆិកា ឆ្នាំ១៩៥៣។

លោកអភិបាលស្តីទី ក៏បានអំពាវនាវដល់សមាជិក សមាជិកាអង្គមិទិ្ទញ​ទាំង​អស់ក្នុងទិវាខួបលើក ទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ប្រែ​ក្លាយជាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លា ដើម្បីរក្សាបានសុខសន្តិភាពអោយបានគង់វង្ស ចូលរួម​ចំណែកកសាង អភិវឌ្ឍន៍ ប្រទេសជាតិអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង