ក្រុមឈ្មួញឈើ២រូប រកស៊ីដឹកជញ្ចូនឈើខុសច្បាប់កន្លះទសវត្សរ៍ ទៅហើយមិនរំខានដល់សមត្ថកិច្ចពាក់ព័ន្ធនោះឡើយ

ព្រះវិហារ៖ ឈ្មួញឈើដុះស្លែឈ្មោះ ធឹង លាងស្រេង និងឈ្មោះចាន់ ណា ត្រូវបានមហាជនទទួលស្គាល់ថា ជាឈ្មួញឈើដ៏ចាស់ដុះស្លែ២រូប ដែលតែងតែធ្វើសកម្មភាពដឹកជញ្ចូនឈើ ពីខេត្តព្រះវិហារមកកាន់ខេត្តសៀមរាប យ៉ាងរលូន មិនដែលរំខាន់ដល់សមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ឡើយ ជាហេតុធ្វើអោយមហាជន មានការសង្ស័យលើមន្រ្ដីអសមត្ថភាពមួយចំនួន បានផលប្រយោជន៍ពីឈ្មួញឈើទាំងនេះ ទើបមិនបង្រ្កាប់នោះឡើយ។

តាមប្រភពព័ត៌មាន ឱ្យដឹងនៅព្រឹកថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០១៨ នេះថាឈ្មួញឈ្មោះធឹង លាងស្រេង និងឈ្មួញឈ្មោះចាន់ ណា បានរកស៊ីដឹកជញ្ចូនឈើខុសច្បាប់តាមរថយន្តស៊ាំយ៉ុង រថយន្តយីឌុកធំៗ ចេញពី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដឹក មកស្តុបទុកនៅចំណុចភូមិអូរឆ្នាំងខ្ទះ ឃុំស្វាយលើស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីស្តុកទុកចែកចាយតាមដេប៉ូក្នុងខេត្តសៀមរាបតែម្ដង។

ដោយសារតែមន្រ្តីមួយចំនួនបានប្រព្រឹត្តអំពើពុករលួយ និងឃុបឃិតគ្នាជាប្រពន្ធ័ បានធ្វើអោយក្រុមឈ្មួញដឹកជញ្ចូនឈើខុសច្បាប់ អាចចរាចរណ៍ឈើ នៅលើដងផ្លូវយ៉ាងងាយស្រួលនិងមានសុវត្ថិភាព។

តាមប្រភពបានអោយដឹងថាមន្រ្តីជំនាញ់ មន្រ្តីមូលដ្ឋាន មន្រ្តីថ្នាក់ខេត្តព្រះវិហារព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចខេត្តសៀមរាប បានប្រយោជន៍ ចូលដៃចូលជើងនិងរួមផ្សំគំនិតគ្នាជាមួយឈ្មួញឈ្មោះធឹង លាង ស្រេង និងឈ្មួញចាន់ ណា បានជាឈ្មួញទាំងពីនាក់នេះ អាចរកស៊ីដឹកជញ្ចូនឈើខុសច្បាប់ជិតមួយទសវត្សរ៍ នៅលើដងផ្លូវជាតិខេត្តព្រះវិហារ និងខេត្តសៀមរាបបានទាំងថ្ងៃ ទាំងយប់ គ្មានការបង្រ្កាប់។

មហាជននៅខេត្តព្រះវិហារ និងខេត្តសៀមរាបបានសម្ដែងការអស់សង្ឃឹមទៅលើមន្រ្តី មូលដ្ឋានមន្រ្តីថ្នាក់ខេត្ត មន្រ្តីអាជ្ញាធរ មានសមត្ថកិច្ច មន្រ្តីជំនាញ ជាពិសេសលោកអភិបាលខេត្តព្រះវិហារ និងអភិបាលខេត្តសៀមរាប ទាំងពីរខេត្ត គ្មានចំណាត់ការ៕ BRT

អត្ថបទដែលជាប់ទាក់ទង