ព្រះមហាក្សត្រខ្មែរ ស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានសន្តិភាពពេញលេញ ប្រជាពលរដ្ឋទទួលបានភាពសុខដុមរមនា

ក្នុងព្រះរាជសុន្ទរកថាដែលប្រកបដោយអត្ថន័យវិសេសវិសាល ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានរំលឹកពីព្រះរាជស្នាព្រះហស្ដ និងព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ វររាជបីតាឯករាជ្យជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរពីនឹមអាណានិគមន៍បារាំង។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏បានមានព្រះរាជបន្ទូលបង្ហាញការពេញទឹកព្រះទ័យចំពោះវឌ្ឍនភាពជាតិ សេចក្តីសុខក្សេមក្សាន្ត និងការរក្សាបាននូវសុខសន្តិភាពក្នុងមាតុភូមិកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ ជាពិសេសព្រះមហាក្សត្រខ្មែរ បានបង្ហាញការពេញព្រះទ័យចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានធ្វើឲ្យជាតិកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នាំមកនូវភាពរីកចម្រើន និងការរស់នៅប្រកបដោយសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានសម្ដែងភាពស្ញប់ស្ញែងចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមានព្រះរាជបន្ទូលកោតសរសើរ ថា រយៈពេលកន្លងមកនេះមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋយើងមានការប្រែប្រួលមុខមាត់ថ្មីគួរឲ្យកោតសរសើរ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំរាជរដ្ឋាភិបាល ដ៏ឆ្លាតវៃ បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុភាពល្បីរន្ទឺលើឆាកអន្តរជាតិ។ យើងកំពុងតែសប្បាយរីករាយ និងទទួលផលជាវិជ្ជមាន ដែលផ្តើមចេញពីកម្លាំងកសាង និងការពារជាតិមាតុភូមិ ប្រកបដោយសុខដុមរមនារបស់ជនរួមជាតិយើង។

ព្រះរាជបន្ទូលនេះ ធ្វើឡើងក្នុងពិធីប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៥ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៨) នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលប្រព្រឹត្តិទៅដ៏មហោឡារិក នៅទីលានបូជនីយកិច្ច វិមានឯករាជ្យ ក្រោមវត្តមាន ថ្នាក់ដឹកនាំ ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធរបស់ជាតិ ប្រជាពលរដ្ឋ និង សិស្សានុសិស្ស ដ៏ច្រើនសន្ធឹកសន្ធាប់៕

អត្ថបទដែលជាប់ទាក់ទង