ពិតជារន្ធត់ណាស់មែន គ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ បណ្ដាលឱ្យក្រឡាប់ផ្ងារជើងឡើងលើ

ព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ រវាងរថយន្តម៉ាក វីហ្គោ ពណ៌ស្ក បានបុកជាមួយរថយន្ត ម៉ាកនីសាន់ កង់ដប់។ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល៥:៣០នាទីព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលស្ថិតនៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៦០,១៦១ស្ថិតក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងរវាងរថយន្ត ម៉ាកវីហ្គោ ពណ៌ស្ក ពាក់ស្លាកលេខ កណ្តាល 2A-7171មានទិសដៅ ពីខេត្តព្រះសីហនុទៅភ្នំពេញ បើកបរដោយឈ្មោះ ឆេង ឈីមគង់ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ជាងកញ្ចក់ មានទីលំនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បានរងរបួសស្រាល។

លុះមកដល់កន្លែងកើតហេតុខាងលើ បានធ្លាក់ចិញ្ចើមផ្លូវគ្រួសក្រហម អ្នកបើកបរបានបួងចង្កូតឡើងវិញ ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាក នីសាន់កង់ដប់ ពាក់ស្លាកលេខកោះកុង 3A-0246 ពណ៌ស ដឹកថ្មក្នុងទិសដៅបញ្ច្រាសទិសគ្នា បើកបរដោយឈ្មោះ សុខ ឌី ប្រុស អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិម៉ាត់សាយ ឃុំស្ពឺ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ រួចវាស់វែងដើម្បីយកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង