រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យម្ចាស់សណ្ឋាគារជប៉ុន «អ៉ី មីអន ភ្នំពេញ» ចូលរួមគោលដៅទេសចរណ៍ស្អាត និង បៃតង និងជ្រោមជ្រែងបុគ្គលិកខ្មែរ

សាជីវកម្ម Starts (ខេមបូឌា) របស់ជប៉ុន បានបង្កើតសមិទ្ធផលថ្មីសន្លាងមួយទៀត គឺស្ថាបនាសណ្ឋាគារទី១ ដែលមានឈ្មោះថា អ៉ី មីអន ភ្នំពេញ មានកម្ពស់១៩ជាន់ ស្មើនឹង២៤០បន្ទប់ ជាការរួមចំណែកដ៏សំខាន់ដល់វិស័យអចលនទ្រព្យ និង សណ្ឋាគារ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនជប៉ុនមកកម្ពុជាកាន់តែច្រើន។

គម្រោងសណ្ឋាគារជប៉ុននេះ ត្រូវបានប្រកាសឡើងដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Hidehisa Horinouchi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធសណ្ឋាគារ អ៉ី មីអន ភ្នំពេញ នេះតែម្ដង នាយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក ថោង ខុន បានសំណូមពរដល់សាជីវកម្ម Starts ( ខេមបូឌា ) របស់ជប៉ុន ៖
១- ស្នើបន្តចូលរួមដល់កិច្ចការពារបរិស្ថាន ដើម្បីនិរន្តរភាពគោលដៅទេសចរណ៍ស្អាត និង បៃតង (Eco-friendly facilities) ដោយអនុវត្តន៍តាមស្តង់ដាសណ្ឋគារបៃតង (Green Hotel Standard)។
២-ត្រូវត្រៀមចូលរួមប្រឡងប្រណាំងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍ ដែលនឹងប្រព្រឹត្តធ្វើនាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខនេះ។
៣- គាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់សម្ភារៈ បន្លែ ត្រី សាច់ គ្រឿងទេស ដែលផលិតក្នុងស្រុក។
៤- ចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់បុគ្គលិកដែលជាជនជាតិខ្មែរ តាមយន្តការ In House Training និងស្នើឱ្យផ្តល់ឱកាសឱ្យបុគ្គលិកក្នុងសណ្ឋាគារ អ៉ី មីអន ភ្នំពេញ ចូលរួមការវាយតម្លៃជាអ្នកជំនាញទេសចរណ៍ ស្របតាមគុណវុឌ្ឍិអាស៊ាន។

តាមរបាយការណ៍ បានឱ្យដឹងថា កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលប្រមាណ ៥ពាន់លានដុល្លារ បង្កើតឱកាសការងារប្រមាណ ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយអាចនាំមកនូវចំណូលសរុបប្រមាណ ១០ពាន់លានដុល្លារ បង្កើតឱកាសការងារប្រមាណ ២លាននាក់។

ដោយឡែក នៅឆ្នាំ២០១៧ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណ ២០ម៉ឺនាក់ ក្នុងនោះទេសចរជប៉ុនមកភ្នំពេញមានចំនួន ៧៨.៣២២នាក់ កើន២៧% និង ៨ខែ ឆ្នាំ២០១៨ នេះកម្ពុជាទទួលបានភ្ញៀវទេសចរជប៉ុនប្រមាណជាង ១៣ម៉ឺននាក់ ក្នុងនោះទេសចរជប៉ុន មក ភ្នំពេញមានចំនួន ៦៩,២៧៩នាក់ កើន ១៣.៤%៕

អត្ថបទដែលជាប់ទាក់ទង