២ថ្ងៃជាប់គ្នា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៨នាក់

បាត់ដំបង៖ រយៈពេល២ថ្ងៃ សមត្ថកិច្ចជំនាញបានបើកការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនបានចំនួន៨នាក់ បញ្ជូនទៅតុលាកា។

កម្លាំងជំនាញក្នុងមូលដ្ឋានស្រុកបាណន់ និងស្រុកបវេល នៅថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០១៨នេះ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យប្រុស ស្រី ចំនួន៨នាក់ទៅកាន់តុលាកាដើម្បីអនុវត្តច្បាប់ ក្រោយការបង្ក្រាបរយៈពេល២ថ្ងៃជាប់ៗគ្នា។ ករណីបង្ក្រាបខាងលើធ្វើឡើងចំនួន២ករណី នៅក្នុងមូលដ្ឋានស្រុកបាណន់ ឃាត់ខ្លួនជនសង្ស័យ៦នាក់ នៅនឹងកន្លែង និង១ករណីទៀតបង្ក្រាបនៅក្នុងមូលដ្ឋានស្រុកបវេល ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់។

ជនសង្ស័យទី១មានឈ្មោះ កឹម ដារិន ភេទប្រុស អាយុ២៨។ ទី២មានឈ្មោះ យ៉េត ឡាក់ឈុត ភេទប្រុស។ ទី៣មានឈ្មោះ វេ វី ភេទប្រុស អាយុ២៧ឆ្នាំ។ ទី៤មានឈ្មោះ ធឿត វ៉ាន់ថា ភេទប្រុស អាយុ២៧ឆ្នាំ។ ទី៥មានឈ្មោះ សៀក សៅលី ភេទប្រុស អាយុ២២ឆ្នាំ។ ទី៦ឈ្មោះ ជួប សង្ហា ភេទប្រុស អាយុ៣២ ទី៧មានឈ្មោះ ម៉ៅ ស្រីប៉ោះ ភេទស្រី អាយុ១៧ឆ្នាំ។ និងទី៨មានឈ្មោះ ជុំ វាសនា ភេទប្រុស អាយុ២១ឆ្នាំ។ ទាំងអស់គ្នារស់នៅក្នុងស្រុបាណន់ និងស្រុកបវេល ខេត្តបាត់ដំបង ។

រីឯវត្ថុតាងល្មើសច្បាប់មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន១៤កញ្ចប់ ទម្ងន់ជាង១០,៩៦ក្រាម រួមទាំងសម្ភារបម្រើការប្រើប្រាស់ និងចែកចាយមួយចំនួនទៀត៕

ដោយ: SR

អត្ថបទដែលជាប់ទាក់ទង