ខេត្តចំនួន៥ កំពុងប្រើប្រាស់ថាមពលកកើតឡើងវិញ ខណៈអូស្ត្រាលីមើលឃើញថា កម្ពុជាមានសក្ដានុពលខ្ពស់លើផ្នែកនេះ

រដ្ឋាភិបាលអូស្ដ្រាលី ក៏ដូចជា សហគមន៍ Energy Lab Asia (សិក្សាលើថាមពលកកើតឡើងវិញ) ដែលកំពុងតែចុះសិក្សានៅខេត្តចំនួន៥ គឺ ខេត្តកំពត, ស្វាយរៀង, កណ្ដាល, ព្រៃវែង និងតាកែវ នោះ បានវាយតម្លៃថា ប្រទេសកម្ពុជា ជាប្រទេសមានសក្ដានុពលខ្ពស់ ផ្នែកកែច្នៃថាមពលកកើតឡើងវិញ ដើម្បីយកទៅប្រើប្រាស់រក្សានូវបរិស្ថានស្អាត។

ការវាយតម្លៃនេះ ត្រូវបានឱ្យដឹងក្នុងកម្មវិធីធ្វើបទបង្ហាញអំពីផលិតផលកកើតឡើងវិញ នៅល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយ លោកស្រី Bridget Mcintosh បានថ្លែងថា សិស្ស និស្សិត ពិតជាមានការចាប់អារម្មណ៍ទៅលើបញ្ហានេះ និងមានអ្នកចូលរួមចាប់តាំងពីដំណើរការ មានមនុស្សប្រមាណ១,០០០នាក់ ដែលពួកគាត់សុទ្ធតែបានចោទសួរថា តើអ្វីទៅជាថាមពលកកើតឡើងវិញ? ហើយពេលនោះ ពួកគេចង់ឃើញនូវ អ្វីដែលជាការអនុវត្តជាក់ស្ដែងផងដែរ។

លោកស្រី Bridget Mcintosh នាយកប្រចាំប្រទេសកម្ពុជា និងតំបន់អាស៊ី ដែលសិក្សាទៅលើថាមពលកកើតឡើងវិញបានបញ្ជាក់ថា ថាមពលដែលអាចកកើតឡើងវិញ ដែលជាថាមពលស្អាត ហើយអាចប្រើប្រាស់បាននោះ រួមមាន ពន្លឺព្រះអាទិត្យ ដែលប្រើសម្រាប់សូឡា ដោយបំលែងទៅជាអគ្គិសនី, ខ្យល់ ដោយយកខ្យល់បោកបង្វិលតួប៊ីន ដើម្បីផលិតចរន្ដអគ្គិសនី, កាកសំណល់ ដែលចេញពីកាកសំណល់កសិកម្ម យកមកដុតបង្កើតជាថាមពល និងចលនារលកសមុទ្រ ឬទំនាញទឹកសមុទ្រ ។ល។

លោកស្រី Bridget Mcintosh បានថ្លែងទៀតថា តាមរយៈកម្មវិធីធ្វើបទបង្ហាញអំពីផលិតផលកកើតឡើងវិញនេះ នឹងជំរុញឲ្យកម្ពុជាអាចបោះជំហានទៅមុខ លើការងារនេះ ដោយសារតែ Energy Lab Asia បាននាំនូវអ្នកជំនាញ និងក្រុមហ៊ុនបរទេសជាច្រើន ដើម្បីប្រជុំពិភាក្សាគ្នាលើគម្រោងស្រាវជ្រាវ និងកែច្នៃថាមពលកកើតឡើងវិញនេះ មកធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា។

លោកស្រីថា ការប្រើប្រាស់បច្ចេកទេសថ្មីៗ និងការប្រើប្រាស់នូវសម្ភារដែលកែច្នៃថាមពលកកើតឡើងវិញ គឺជាសន្សំសំចៃ និងកាត់បន្ថយការចំណាយខ្ពស់។ ពេលនេះដែរ សហគមន៍ Energy Lab Asia បានចុះទៅសិក្សា និងផ្គត់ផ្គង់ដល់កសិករឲ្យប្រើប្រាស់អគ្គិសនីដែលច្នៃចេញពីថាមពលកកើតឡើងវិញ នៅខេត្តទាំង៥ ខាងលើរួចហើយ តាំងពីឆ្នាំ២០១៧ ខណៈដែលឆ្នាំ២០២០ សហគមន៍នេះ នឹងបន្ដពង្រីកការងារនៅទូទាំងប្រទេសតែម្ដង ដើម្បីឲ្យពលរដ្ឋកម្ពុជា បានយល់ដឹងអំពីថាមពលកកើតឡើងវិញ និង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង