អ្នកច្រៀងចាប៉ីដងវែងលេខ១ដើមទសវត្ស៦០ លោកតា ប្រាជ្ញ ឈួន កំពុងត្រូវបានសង្គ្រោះក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ 

ភ្នំពេញ ៖ លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន អធិរាជចាប៉ីដងវែងដ៏ល្បីល្បាញ បានធ្លាក់ខ្លួនឈឺយូរឆ្នាំហើយ ប៉ុន្តែទើបតែថ្មីៗនេះ ជម្ងឺរើខ្លាំង ក៏ត្រូវបានក្រុមគ្រួសារបញ្ជូនពីខេត្តតាកែវ ទីដែលជាស្រុកកំណើត មកកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីឱ្យគ្រូពេទ្យពិនិត្យព្យាបាល នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ។

លោកតាព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន គឺជាចាស់ព្រឹទ្ធាចារ្យម្នាក់ក្នុងអាជីពសិល្បៈវប្បធម៌បុរាណខ្មែរ ផ្នែកចាប៉ីដងវែង ដែលធ្លាប់ច្រៀងប្រៀនប្រដៅមិនតិចបទនោះទេ ហើយប្រជាពលរដ្ឋភាគច្រើនលើសលប់ ធ្លាប់បានស្ដាប់សំឡេងគាត់ និងស្គាល់គាត់។ បច្ចុប្បន្ន លោកតាចូលដល់វ័យចាស់ជរា ជន្មាយុ ៨៣ឆ្នាំ ទៅហើយ ដោយមានជំងឺជាច្រើនប្រចាំកាយ បន្ទាប់ពីលោកតាបានប្រើប្រាស់អាជីពជាអ្នកចម្រៀងចាប៉ីដងវែងអស់រយៈពេលជិត៦០ឆ្នាំ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានឧបត្ថម្ភជាប្រាក់២០លានរៀល សម្រាប់លោកតាទុកព្យាបាលជំងឺផងដែរ។ លោកតា ប្រាជ្ញ ឈួន មានស្រុកកំណើតភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដោយវ័យជរា លោកតាមានសភាពជ្រីវជ្រួញ ញញីញញ័រ ប៉ុន្តែដៃចាប់កាន់ខ្ទង់ចាប៉ី និងកេសខ្សែចាប៉ីដងវែង ព្រមទាំងច្រៀងយ៉ាងស្ទាត់ជំនាញ បើទោះជាមិនបានគ្រោងទុក ក៏លោកតារៀបរាប់ពាក្យមកតម្រៀបជាចុងជួនយ៉ាងពីរោះរណ្ដំដែរ។

អ្នកចម្រៀងចាប៉ីដងវែង វ័យជរានេះ ពិការភ្នែងទាំងសងខាងតាំងពីអាយុ៥ឆ្នាំ ដោយសាររោគកញ្ជ្រិល។ ថ្វីបើពិការភ្នែកមែន ប៉ុន្តែលោកអាចបែងចែកពេលថ្ងៃ និង ពេលយប់បាន និងអាចមើលឃើញព្រាលៗនូវវត្ថុដែលនៅជិតនឹងភ្នែកលោក។

បើនិយាយពីខាងវប្បធម៌អក្សរសាស្រ្តវិញ លោកតាជាកូនសិស្សរបស់លោកសង្ឃព្រះនាមអេតសែនក្នុងវត្តប្រមរ។ ព្រះសង្ឃបានបង្ហាត់បង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗដល់រូបលោកតា ដែលជាហេតុធ្វើឲ្យលោកសម្បូរវោហារស័ព្ទ និងចេះដឹងផ្នែកអក្សរសាស្ដ្របានច្រើន។

នៅឆ្នាំ១៩៦២ លោកតាបានចូលរួម «ប្រឡងប្រជែង ជ្រើសរើសអ្នកចេះដឹងផ្នែកចាប៉ីដងវែង»របស់វិទ្យុជាតិ ហើយក៏បានឈ្នះការប្រកួតដោយទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមអ្នកចូលរួមទាំង២០នាក់៕

 

អត្ថបទដែលជាប់ទាក់ទង