អនុប្រធានគយច្រកដូង លោក ឡេង សុខ ចូលចិត្តឲ្យឈ្មួញបង់ពន្ធតាមរបៀបម៉ៅការ មិនដែលត្រួតពិនិត្យវាយតម្លៃពន្ធឲ្យបានត្រឹមត្រូវទេ

បាត់ដំបង ៖ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តបាត់ដំបងជាច្រើននាក់ បានផ្ទុះការមិនពេញចិត្ត ដោយសារតែ លោក ឡេង សុខ ដែលមានតួនាទី ជាអនុប្រធាន ការិយាល័យគយ និងរដ្ឋាករ ប្រចាំច្រកអន្តរជាតិដូង ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង តែងតែធ្វើការកៀបសង្កត់ពួកគេ បង្ខំឱ្យបង់ពន្ធខុសទំនង គឺទំនិញដែលមិនត្រូវបង់ពន្ធ ក៏ លោក ឡេង សុខ ចាប់បង្ខំឱ្យបង់ពន្ធដែរ រហូតដល់ថ្នាក់ ឈ្មួញដឹកទំនិញស្រែកហៅថា មុខលុយទៅហើយ។

ក្រុមឈ្មួញនិយាយថា អារឿងប្រមូលពន្ធជូនរដ្ឋតាមភាពស្របច្បាប់ ត្រឹមត្រូវ គឺធ្វើចុះ គេមិនថាទេ តែសុំកុំធ្វើត្រីងៀតឆ្លៀតពង ឬ យកអំណាចគាបសង្កត់អ្នករកស៊ីដឹកទំនិញ។ គេថា លោកអនុប្រធានគយច្រកដូង លោក ឡេង សុខ បានប្រើអំណាចប្រមូលពន្ធហួសប្រមាណ វាបែរទៅជាគៃបន្លំ លួចបំបាត់ ចំណូលពន្ធដាក់ហោប៉ៅខ្លួនឯងទៅវិញ … ប៉ុន្តែមកធូររលុងជាមួយឈ្មួញល្មើសច្បាប់ទៅវិញ។

អ្នករកស៊ីដឹកទំនិញតូចតាចឱ្យដឹងទៀតថា សព្វថ្ងៃនេះ លោក ឡេង សុខ ជ្រកក្រោមឈ្មោះជាសមត្ថកិច្ចគយ ប៉ុន្តែបែរជាឃុបឃិតជាមួយឈ្មួញធំៗ ឱ្យនាំចូលទំនិញ បង់ពន្ធមិនគ្រប់ និងមានលួចបង្កប់ ទំនិញខុសច្បាប់ ដោយអនាធិបតេយ្យ ធ្វើឲ្យខាតបង់ចំណូលពន្ធ រាប់ម៉ឺនដុល្លារ ជារៀងរាល់ខែ ដែលនេះជាការអនុវត្តផ្ទុយពីការណែនាំរបស់ លោក ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ក៏ដូចគោលការណ៍របស់លោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និងក្រសួងសេដ្ឋកិច្ច។

លោក ឡេង សុខ ត្រូវបានគេដឹងថា បម្រើការងារជាសមត្ថកិច្ចគយនេះនៅច្រកដូង មិនតិចជាង ២០ឆ្នាំ នោះទេ អត់ដែលឃើញប្តូរទៅណាសោះ ហើយមេគយប្រចាំច្រកនេះ សឹងគ្រប់ជំនាន់ ត្រូវបានលោក ឡេង សុខ លុតក្រាប ចែចូវសុំបង់លុយប្រចាំខែ មិនឲ្យទើសចិត្ត។ ដូច្នេះ លោក ឡេង សុខ គោរពតែ មេការិយាល័យ ដើម្បីទទួលបានអំណាចយកទៅកៀបជំរិត ប្រមូលលុយពីក្រុមឈ្មួញ និងអ្នករកស៊ី ដឹកទំនិញតាមគ្រប់រូបភាព ទាំងលុយចំណូលពន្ធ និងលុយខ្មៅ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបាន តែម្នាក់ឯង។

ភាពអសកម្ម និង អំពើកឹបកេងរបស់ លោក ឡេង សុខ មានដូចជា ឈ្មួញអាចនាំចូលទំនិញ ខុសច្បាប់ គ្រឿងបន្លាស់រថយន្តសម្រាប់កាត់.ត និង គ្រឿងអេឡិចត្រូនិច គឺចូលតាមច្រកដូងយ៉ាងងាយស្រួល ព្រោះច្រកនេះគ្មានម៉ាស៊ីនស្កែនត្រួតពិនិត្យមុខទំនិញនោះទេ។

ករណី ផែស្ងួត លីគា ដែលទើបបើកដំណើរការ បានជាង២ខែ គឺរថយន្តដឹកទំនិញ បានត្រឹមតែចូលទៅចុះបញ្ជីឈ្មោះក្បាលឡានដើម្បីបង់លុយខ្មៅតែប៉ុណ្ណោះ ព្រោះ លោក ឡេង សុខ ចូលចិត្តឲ្យឈ្មួញ បង់ពន្ធតាមរបៀបម៉ៅការ មិនដែលបានត្រួតពិនិត្យ និងវាយតម្លៃពន្ធ ឲ្យបានស៊ីជម្រៅ ដើម្បីប្រមូលពន្ធ ឲ្យបានត្រឹមត្រូវ តាមគោលការណ៍ណែនាំរបស់អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ ម្តងណាឡើយ។

គ្រប់ការដឹកជញ្ជូនទំនិញ ដែលត្រូវទូទាត់លុយ ស្រេចតែលោក ឡេង សុខ ជាអ្នកចាត់ចែង ទាំងលុយបង់ពន្ធ និងលុយខ្មៅ។ ឈ្មួញជាច្រើនដូចជា ចែឆេង គាធី អេកធី និង ៥-៦ ក្រុមហ៊ុនទៀត ដែលស្គាល់ជិតដិតជាមួយលោក ឡេង សុខ អាចនាំចូលទំនិញ ដោយបង់ពន្ធ ប្រហែល៤០ភាគរយ សល់ប៉ុន្មាន បង់ចូលហោប៉ៅ លោក ឡេង សុខ ទាំងអស់។

ករណីនេះ មជ្ឈមណ្ឌលព័ត៌មានកម្ពុជាទាន់ហេតុការណ៍ មិនអាចទាក់ទងសុំការបំភ្លឺពី លោក ឡេង សុខ បានទេ ហើយយើងរង់ចាំការបំភ្លឺពីលោកដោយក្ដីរីករាយ … ចំពោះ លោក ឡេង សុខ នេះដែរ នៅមានរឿងរ៉ាវទារពន្ធរបៀបម៉ៅការជាច្រើនរូបភាពទៀត ដែលប្រការនេះ មជ្ឈមណ្ឌលព័ត៌មានកម្ពុជាទាន់ហេតុការណ៍ នឹងផ្សាយជាបន្តបន្ទាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង