បញ្ជូនសពកូនដំរីស្លាប់នៅខេត្តមណ្ឌលគីរី មកក្រសួងបរិស្ថាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ

ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៨ មន្រ្តីនៃនាយកដ្ឋានជីវៈចម្រុះក្រសួងបរិស្ថាន បានទទួលសាកសពកូនសត្វដំរីមួយក្បាល ពីមន្រ្តីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគីរី នាទីស្តីការក្រសួងបរិស្ថាន។

ប្រធាននាយកដ្ឋានជីវៈចម្រុះ បានឱ្យដឹងថាសាកសពកូនដំរីស្លាប់នេះ ជាដំរីឈ្មោល មានអាយុប្រហែល១ឆ្នាំ ទម្ងន់ប្រមាណជាង១០០គីឡូក្រាម ត្រូវបានមន្រ្តីឧទ្យានុរក្សជួបប្រទះនៅក្នុងព្រៃឬស្សី ដែលបានជាប់ផុងមួយកំណាត់ខ្លួន បណ្តាលឱ្យស្លាប់នៅហ្នឹងកន្លែង ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគីរី។

អ្នកជំនាញក្រសួងបរិស្ថាន នឹងសហការជាមួយសាកល វិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីរៀបចំជាសំណាកស្បែក និងសំណាកគ្រោងឆ្អឹង តាមលទ្ធភាពធ្វើទៅបាន ដើម្បីទុកសិក្សាស្រាវជ្រាវផ្នែកជីវចម្រុះនៅកម្ពុជា។

ការសិក្សាកន្លងមក ដំរីព្រៃមានវត្តមាននៅក្នុងប្រទេសកម្ពុជាមានចំនួនប្រមាណពី២៥០ ទៅ៥០០ក្បាល ហើយនៅក្នុងដែនជម្រកសត្វព្រៃកែវសេម៉ា មានប្រភេទដំរីរស់នៅប្រមាណ១១៥ក្បាល៕

 

អត្ថបទដែលជាប់ទាក់ទង